ភ្នំពេញ៖ ចាប់ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី៦ ខែមីនា ឆ្នាំ២០២១ ក្រោយ​ទទួលបាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្រុមការងារ​ចម្រុះ​ដឹកនាំ​ផ្ទាល់​ដោយ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩ បានធ្វើការ​ប្រមូលផ្តុំ  និង​ចុះ​រៀបចំ​ដោយផ្ទាល់​នៅ​ទីតាំង​អគារ​សណ្ឋាគារ THE GREAT DUKE (អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់) ដោយបាន​ប្រែក្លាយ​ទៅជា​ម​ន្ទីរ​ពេទ្យ​សម្រាប់​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ ដែល​នឹងត្រូវ​រៀបចំ​ផ្ទេរ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ (ព្រែក​ព្នៅ)។

សមាសភាព​ចម្រុះ ដែល​បាន​ចូលរួម​សម្រេច​ដោយ​ជោគជ័យ​នូវ​បេសកកម្ម​ក្នុងពេល​ដ៏​ខ្លី​នេះ រួមមាន ថ្នាក់ដឹកនាំ និង​ក្រុមគ្រូពេទ្យ​នៃ​ក្រសួងសុខាភិបាល, កម្លាំង​កងទ័ព, កងរាជអាវុធហត្ថ, កង​នគរបាលជាតិ, មន្ត្រី​ជំនាញ​ផ្នែក​ពាក់ព័ន្ធ​នានា និង​ក្រុមការងារ​ស្ម័គ្រចិត្ត ព្រមទាំង​ការចូលរួម​សហការ​រ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គណៈ​គ្រប់គ្រង​សណ្ឋាគារ​ផងដែរ។

ការងារ​ត្រៀម​រៀបចំ​នេះ បានបញ្ចប់​រួចរាល់​ជា​ស្ថាពរ​នៅ​ម៉ោង ០២:៣០ រំលង​អ​ធ្រា​ត ឈានចូល​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២។ គួរឱ្យ​រំលឹក​ផងដែរ​ថា ការដាក់ឱ្យ​ដំណើរការ​ទីតាំង​សណ្ឋាគារ​នេះ​ជា​មន្ទីរពេទ្យ​សម្រាប់​អ្នកជំងឺ​កូ​វីដ-១៩ កម្រិត​ស្រាល គឺ​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ក្រសួងសុខាភិបាល​ក្នុងការ​ប្រមូលផ្តុំ​ធនធានមនុស្ស, សម្ភារ, បរិក្ខារ និង​បច្ចេកទេស​ចាំបាច់​មួយចំនួន បម្រើ​ដល់​ការជួយ​សង្គ្រោះ​ដល់​អាយុជីវិត​មនុស្ស​ឱ្យបាន​ទាន់ពេលវេលា និង​ធានា​ទប់ស្កាត់​ការរីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​នៅក្នុង​សហគមន៍។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​ទូទៅ ជាពិសេស​ប្រជាពលរដ្ឋ និង​បងប្អូន​ពាណិជ្ជករ អាជីវករ​ទាំងអស់ ដែល​រស់នៅ និង​កំពុង​ប្រកប​របរផ្សេងៗនៅជាប់ និង​ក្បែរ​ទីតាំង​សណ្ឋាគារ​នេះ កុំឱ្យ​មានការ​ភ័យខ្លាច និង​សូមឱ្យ​បន្ត​រក្សា​ភាពនឹងនរ​ក្នុង​ចិត្ត និង​ជឿទុកចិត្ត​លើ​វិធានការ​ឆ្លើយតប​របស់​រាជរដ្ឋាភិបាល។ ជាក់ស្តែង វីរុស​កូ​វីដ-១៩ ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​តាម​ដំណក់ទឹកតូចៗ ដែល​ចេញពី​ផ្លូវដង្ហើម​របស់​អ្នក​ផ្ទុក​វីរុស ហើយ​រហូតមក​ដល់ពេល​បច្ចុប្បន្ន មិនមាន​ភស្តុតាង​វិទ្យាសាស្ត្រ​បញ្ជាក់ថា វីរុស​នេះ​ឆ្លងតាម​ខ្យល់អាកាស​នៅក្នុង​ទី​លំហ​ឡើយ និង​បាន​សុំឱ្យ​ប្រជាពលរដ្ឋ ចូលរួម​អនុវត្ត​វិធានការ​ការពារ​ខ្លួន​តាម​ការណែនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា “៣កុំ និង ៣ការពារ” ដើម្បី​ការពារ​ខ្លួនឯង​ពី​ការឆ្លង​ជំងឺ និង​ចៀសវាង​ហានិភ័យ​ចម្លងជំងឺ​នេះ​ដល់​អ្នកដទៃ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.