ភ្នំពេញ៖ តាមរយៈ​សារ​សំឡេង​ពិសេស និង​បន្ទាន់​មួយ​នៅ​យប់​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា «ខ្ញុំ​សូម​យក​ឱកាស​នេះ​អំពាវនាវ សូម​ផ្អាក​រាល់​ការជួបជុំ​ទាំងឡាយ ដែល​មិនមាន​ការចាំបាច់  ខ្ញុំ​សូម​អរគុណ​ចំពោះ​បងប្អូន ដែល​បាន​ផ្អាក​នូវ​ពិធីការ ពិធី​អាពាហ៍ពិពាហ៍ ឬក៏​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​តែ​បន្ថយ​ចំនួន​មនុស្ស ដែល​ធ្វើឱ្យ​ហានិភ័យ​មានការ​ធ្លាក់ចុះ សភាពការណ៍​ពេលនេះ ទាមទារ​ឱ្យមាន​ការប្រុងប្រយ័ត្ន​លើស​មុន ហើយ​អ្វីដែល​មិនចាំបាច់ ហើយ​វា​មិនទាន់​ចាំបាច់ និង​អាច​ផ្អាកបាន​គប្បី​ត្រូវតែ​ពន្យារ គប្បី​ផ្អាក ពន្យារពេល​រង់ចាំ​ធ្វើ​នៅពេល​ក្រោយ ក៏​មិនទាន់​យឺត​ពេល​ដែរ នេះ​ជា​សភាពការណ៍​ដ៏​បន្ទាន់ ហើយ​ដែល​ត្រូវ​យកចិត្តទុកដាក់​កុំឱ្យ​ជំងឺ​នេះ​សាយភាយ​ចេញ​ក្រៅ»។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើ​ទៅកាន់​ស្ថាប័នឯកជន​ផងដែរ ឱ្យ​កាត់បន្ថយ​បុគ្គលិក​ធ្វើការ​នៅ​កន្លែងធ្វើការ ហើយ​បែងចែក​ផ្លាស់​វេណ​គ្នា ដើម្បី​កាត់បន្ថយ​ចំនួន​នៅ​កន្លែងធ្វើការ និង​ការកកស្ទះ​តាម​ដងផ្លូវ ព្រមទាំង​បាន​អំពាវនាវ​ដល់​អាណាព្យាបាល​កុំឱ្យ​កូនតូច​ចេញពីផ្ទះ ហើយ​មនុស្ស​ចាស់ និង​ពេញវ័យ​ក៏​មិនត្រូវ​ចេញពីផ្ទះ​ដែរ​បើ​មិនចាំបាច់  ប៉ុន្តែ​បើ​តម្រូវការ​ជា​ចាំបាច់​ក្នុងការ​ចេញពីផ្ទះ ត្រូវតែ​ពាក់​ម៉ាស់​ជាប់​ជាប្រចាំ។

ក្នុង​សារ​សំឡេង​នេះ សម្តេច​តេ​ជោ បានឱ្យដឹងថា គិត​ត្រឹម​ម៉ោងជាង៩យប់​ថ្ងៃនេះ បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ១៩ ចំនួន ៤៩នាក់​បន្ថែមទៀត ដែល​ករណី​ថ្មី​នេះ មាននៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ កណ្តាល និង​ខេត្តព្រៃវែង ហើយ​ក្នុងចំណោម​អ្នក​ឆ្លង​នេះ មាន​ក្នុង​ជួរ​មន្ត្រីនគរបាល មន្ត្រីរាជការ និង​សិល្បៈករ សិល្បៈការិនី​ផងដែរ ។

សម្តេច​តេ​ជោ បាន​ដាក់ចេញ​បទបញ្ជា និង​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ ស្ថាប័ន​នីតិបញ្ញត្តិ ផ្អាក​បណ្តោះអាសន្ន​នូវ​ស្ថាប័ន ដោយ​ទុក​អ្នកធ្វើការ​បន្តិចបន្តួច​តែប៉ុណ្ណោះ ហើយ​ការផ្អាក​ការធ្វើការ​នេះ គឺ​ធ្វើ​សម្រាប់​ស្ថាប័ន​ស៊ីវិល​ប៉ុណ្ណោះ ដោយឡែក​ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ​មិនមាន​ផ្អាក​នោះឡើយ ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.