កូ​វីដ-១៩៖ រកឃើញ ១ទៀត កើតមាន​អាការ​ជ្រៀតជ្រែក​ដ៏​កម្រ និង​ប្រហែលជា​មានការ​ឈឺចាប់​ខ្លាំង ដោយសារ​ការឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដោយ​អ្នកជំងឺ ជា​ជនជាតិ​អាមេរិក​ម្នាក់ មាន​អាការ​ប្រដាប់ភេទ​ឡើង​រឹង​រហូត(Priapism) យូរ រយៈពេល ៣ម៉ោង ដោយ​ក្រុមគ្រូពេទ្យ​ជឿថា មេរោគ​វីរុស គឺជា​ដើមហេតុ ធ្វើឱ្យ​ឈាម​ទៅ​ផ្ដុំ​ខ្លួន​នៅក្នុង​អវយវៈ​ភេទ​របស់គាត់។ នេះ​បើតាម​លទ្ធផល​ស្រាវជ្រាវ​ថ្មី​មួយ ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ព្រឹត្តិបត្រ​វេជ្ជសាស្ត្រ​មួយ​នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ចន្ទ ទី៨មីនា ម្សិលមិញ។

របាយការណ៍​នោះ បាន​រៀបរាប់ថា កាលពី​ខែសីហា ឆ្នាំ២០២០ បុរស​ជរា រាង​ធាត់ វ័យ ៦៩ឆ្នាំ​ម្នាក់ បាន​ចូល​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ម៉ៃ​អា​មី វ៉ាល់​លេ​យ៍ ក្នុង​ទីក្រុង​ដេ​យ៍​តុ​ន រដ្ឋ​អូ​ហៃ​អូ ក្រោយពី​រូបគាត់ បាន​ធ្លាក់ខ្លួន​ឈឺ មាន​អាការ​ធ្ងន់ធ្ងរ ដោយសារ​ការឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី។

បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់នេះ មាន​អាការ​ពិបាក​ដកដង្ហើម​យ៉ាងខ្លាំង​ក្លា រលាក​សួត និង​មានការ​ប្រមូលផ្ដុំ វត្ថុ​រាវ​នៅក្នុង​សួត។ មន្ត្រី​ពេទ្យ បានឱ្យ​ថ្នាំ​សម្រួល​សរសៃប្រសាទ មុននឹង​ភ្ជាប់​ខ្សែ​ម៉ាស៊ីន​ជួយ​ដកដង្ហើម តែ​យ៉ាងណាក្ដី អាការ​របស់គាត់ នៅតែ​ធ្លាក់ចុះ​ដុនដាប ជា​បន្តបន្ទាប់។

ក្រោយពី​កន្លងផុតទៅ ១០ថ្ងៃ សួត​ទាំងសងខាង​របស់គាត់ ចាប់ផ្ដើម​គាំង ធ្វើឱ្យ​ត្រូវដាក់​គាត់​ដេក​ផ្កាប់មុខ ដែល​នេះ​ជា​តិច​និក​សង្គ្រោះបន្ទាន់​ជួយ​បង្កើន​បរិមាណ​អុក​ស៊ី​ហ្ស៊ែ​ន ដែល​ចូលទៅក្នុង​សួត ឱ្យបាន​កាន់តែ​ច្រើនឡើង តែ​លុះ​កន្លងផុតទៅ ១២ម៉ោង បន្ទាប់ពី​ចាប់ខ្លួន​គាត់ ឱ្យ​ផ្ងារ​មកវិញ បុគ្គលិក​ពេទ្យ បាន​សង្កេតឃើញ អវយវៈ​ភេទ​របស់គាត់​ឡើង​រឹង និង​បះ​ឆ្កឺត​តែម្ដង។

កន្លងផុតទៅ ៣ម៉ោង ក្រោយពី​មិនអាច​កែខៃ​ស្ថានការណ៍​ដោយ អៃ​ស៍​ជេ​ល បាន បុគ្គលិក​ពេទ្យ​ទាំងអស់ បានសម្រេច​ចិត្ត ប្រើ​ម្ជុលចាក់​បូម​យក​ឈាម​ចេញពី​អវយវៈ​ភេទ​របស់គាត់ ដែល​ទទួលបាន​ជោគជ័យ ក្នុង​ការជួយ​ធ្វើឱ្យ​អវយវៈ​បន្ទន់ខ្លួន​ទៅវិញ។ ទាំងអស់នេះ របាយការណ៍ បាន​បញ្ជាក់ថា បុរស​ចំណាស់​រូបនោះ បាន​សន្លប់​បាត់ស្មារតី​រហូត ពេញ​មួយ​រយៈពេល​នៃ​ការជួយ​សង្គ្រោះ​នោះ។

“សភាវ​ប្រដាប់ភេទ​ឡើង​រឹង​ជាប់​រហូត​នោះ ក៏​លែង​កើតឡើង​ទៀត” គ្រូពេទ្យ ៣នាក់​របស់​មន្ទីរពេទ្យ​ម៉ៃ​អា​មី វ៉ាល់​លេ​យ៍ បាន​សរសេរ​បែបនេះ នៅក្នុង​របាយការណ៍​អ្នកជំងឺ នៅក្នុង​ព្រឹត្តិបត្រ​វេជ្ជសាស្ត្រ​បន្ទាន់​នៃ​ប្រទេស​អាមេរិក តែ​យ៉ាងណាក្ដី សួត​របស់គាត់ នៅតែ​មិន​អាចជួយ​សង្គ្រោះបាន និង​ទីបំផុត អ្នកជំងឺ​ម្នាក់​នោះ បាន​ស្លាប់​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់។

អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ បាន​បញ្ជាក់ថា អាការ​នេះ អាច​នឹងមាន​មូលហេតុ​មកពី​ប្រព័ន្ធ​ប្រឆាំង​ជំងឺ ឆ្លើយតប​ខ្លាំង​ជ្រុល​ពេក ដែល​គេ​ហៅថា សភាវ “ព្យុះ​សៃ​តូ​ខា​ញ ឬ Cytokine Storm” និង​ត្រូវបាន​គេ​ដឹងថា វា​ជា​ផលប៉ះពាល់​របស់​ជំងឺ​កូ​វីដ-១៩ ដែល​គេ​ដឹងថា ជា​មូលហេតុ​ធ្វើឱ្យ​កើតមាន​បណ្ដុំ​ឈាម។

កាលពីពេល​មុននេះ នៅ​ខែកក្កដា ឆ្នាំមុន លទ្ធផល​មួយទៀត​នៃ​ការសិក្សា​ស្រាវជ្រាវ ដែល​បាន​ផ្សព្វផ្សាយ នៅក្នុង​ព្រឹត្តិបត្រ​វេជ្ជសាស្ត្រ​បន្ទាន់​នៃ​ប្រទេស​អាមេរិក​នេះ​ដូចគ្នា ធ្លាប់បាន​រាយការណ៍​អំពី​ការរកឃើញ​ស្ថានការណ៍​បែប​ដូចគ្នានេះ នៅលើ​អ្នកជំងឺ​ប្រុស​ម្នាក់ វ័យ ៦២ឆ្នាំ នៅក្នុង​ប្រទេស​បារាំង ដែល​ឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី កើតមាន​អាការ អវយវៈ​ភេទ​ឡើង​រឹង យូរ​រយៈពេល ៤ម៉ោង ដែល​ចាំបាច់​ត្រូវតែ​ប្រើ​ម្ជុលចាក់​បូម​យក​ឈាម​ចេញពី​ប្រដាប់ភេទ​នោះ​ដូចគ្នា។

ទាំងអស់នេះ គេ​ជឿថា អាការ​នេះ មាន​ដើមហេតុ​មកពី​បណ្ដុំ​ឈាម​ញ៉ុ​ណែន​នៅក្នុង​សរសៃឈាម​ក្នុង​អវយវៈ​ភេទ​របស់​បុរស ខណៈដែល​មុនពេល​ឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី បុរស​ចំណាស់​ម្នាក់នេះ មិន​ធ្លាប់មាន​ប្រវត្តិ​ពាក់ព័ន្ធ​នឹង​អាការ​បណ្ដុំ​ឈាម​ញ៉ុ​ក​ណែន ពីមុនមក​ឡើយ៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.