សៀមរាប៖ បងប្អូន​ពលករ​ខ្មែរ​មកពី​ខេត្តបន្ទាយមានជ័យ​ជាង៣០០នាក់ ត្រូវបាន​ដឹក​មកដល់​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តសៀមរាប ខណៈ​អភិបាលខេត្ត​សៀមរាប អំពា​នាវ​ដល់​ពលរដ្ឋ​សូម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ៣ការពារ និង ៣កុំ

នា​ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប បាន​ដឹកនាំ​ក្រុមការងារ​ទៅ​សម្របសម្រួល និង ដឹកជញ្ជូន​បងប្អូន​ព​ល​ករពី​ខេត្តបន្ទាយមានជ័យ សរុប ៣២៤នាក់ ក្នុងនោះ​ស្រី​ចំនួន១៣៨នាក់ តាម​រថយន្តយោធា​ចំនួន១៧គ្រឿង ឆ្ពោះ​មកកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​សាលា​គរុកោសល្យ​និង​វិ​ក្រឹ​ត​ការ​ខេត្តសៀមរាប បន្ទាប់ពី​ការប្រកាស​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បានសម្រេច​បិទ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ព្រំដែន​សម្រាប់​អ្នក​ដែលមាន​សុខភាព​ធម្មតា ។

គួររំលឹកថា តាមរយៈ​សារ​សំឡេង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា បន្ទាប់ពី​ពិនិត្យ​លើ​សភាពការណ៍​នៅក្នុង​ព្រះរាជាណាចក្រ​ថៃ គឺ​សម្ដេច​សម្រេច​បិទ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ព្រំដែន​សម្រាប់​អ្នក​ដែលមាន​សុខភាព​ធម្មតា ប៉ុន្តែ​នឹងត្រូវ​បន្ត​ឲ្យ​មានការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នក​ដែលមាន​ការសង្ស័យ ។

សម្ដេច​តេ​ជោ បានបញ្ជាក់​ទៀតថា បញ្ហា​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​យើង គឺ​ចាប់ផ្ដើម​ពី​សភាពការណ៍​នៅក្នុង​ប្រទេស​ថៃ​ដែលមាន​ការឆ្លង​ក្នុង​សហគមន៍​យ៉ាងច្រើន ប៉ុន្តែ​ឥឡូវ​សភាពការណ៍​នៅក្នុង​ប្រទេស​ថៃ​បាន​ត្រួតត្រា​បាន​ហើយ រាប់ទាំង​របាយការណ៍​របស់​ឯកឧត្តម​អភិបាលខេត្ត​បាត់ដំបង ដែល​បាន​បញ្ជាក់ថា ខេត្ត​នៅក្នុង​ប្រទេស​ថៃ ដែល​ជាប់​ព្រំដែន​ជាមួយ​កម្ពុជា ក៏បាន​ដកចេញ​ពី​ចំណុច​ពណ៌​ក្រហម បានន័យថា ខេត្ត​ដែលមាន​ហានិភ័យ​រួចទៅហើយ ។

តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម « ហ្វេ​ស​ប៊ុ​ក » ផ្លូវការ​របស់​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប នៅ​ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដម​បានសរសេរថា    ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ត ខ្ញុំបាទ​សូម​ទទូច និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣ការពារ , ៣ កុំ ចូលរួម ស្កេ​ន​QR Code ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ចូលរួម​ស្ម័គ្រចិត្ត​យក​សំណាក ក្នុងករណី​បងប្អូន​ទើបតែ​មក ឬ​ពាក់ព័ន្ធ​នឹង​កន្លែង​ដែលមាន​ហានិភ័យ ដែល​ក្រសួងសុខាភិបាល បានប្រកាស​កន្លងមក  ក្នុងនោះ​សូម​ម្ចាស់​អាជីវកម្ម ភោជនីយដ្ឋាន ហាង​ទំនិញ ផ្សារ សូម​ចុះឈ្មោះ​ស្នើសុំ QR Code ដើម្បី​ចូលរួមចំណែក បង្ការ ទប់ស្កាត់ និង​ងាយស្រួល​ស្រាវ​រក​អ្នកមាន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ។

សូមបញ្ជាក់ថា ៣ការពារ រួមមាន ៖ ពាក់​ម៉ាស់ លាងដៃ រក្សា​គម្លាត​សុវត្ថិភាព​សង្គម​និង​បុគ្គល  និង៣កុំ រួមមាន ៖ កុំ​ចូលទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើន កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ កុំ​ប៉ះពាល់ កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា និង​កុំ​ឱប​គ្នា​ជាដើម ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.