ចិន៖ រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​ចិន លោក វ៉ាង យី បាន​អំពាវនាវ ឱ្យ​សហរដ្ឋអាមេរិក បញ្ឈប់​ការ​ទុកចោល​កិច្ចសហការ​រវាង ចិន-អាមេរិក យ៉ាង​លឿន​បំផុត និង​ព្រមាន កុំ​លូកលាន់ ក្នុង​កិច្ចការ​ទំនាស់​នយោបាយ​នៅ​ក្រុង​ហុងកុង និង​តៃវ៉ាន់ ព្រមទាំង​ចោទ​ក្រុង​វ៉ាស៊ីនតោន​ថា បង្កើត​ភាព​រញ៉េរញ៉ៃ ដោយ​យកឈ្មោះ​ប្រជាធិបតេយ្យ​មក​ធ្វើជា​លេស។

ដោយសារតែ​កាលពី​សប្ដាហ៍​កន្លងទៅ លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​ចេញមក​ចង្អុលបង្ហាញ​អំពី “ការប្រកួតប្រជែង​ជាមួយ​ចិន ដែល​ពង្រីក​ខ្លួន” គឺជា​ការសាកល្បង​ដ៏​ធំ​មួយ ដែល​សហរដ្ឋអាមេរិក ត្រូវ​ប្រឈម ដោយ​លោក​បៃ​ដិ​ន បាន​និយាយថា លោក​នឹង​បន្ត​កម្មវិធី​ដែល​រឹងត្អឹង ចំពោះ​ប្រទេស​ចិន របស់លោក​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ។

នៅក្នុង​កិច្ចប្រជុំ​ព័ត៌មាន​ប្រចាំឆ្នាំ កាលពី​ថ្ងៃអាទិត្យ ទី៧ មីនា លោក​វ៉ាង យី ដែល​គ្រង​តំណែង​ជា​ប្រមុខ​អង្គមន្ត្រី​ផង​នោះ បាន​ថ្លែង​ពី​នយោបាយ​ដ៏​រឹងត្អឹង ទោះជា​បាន​អំពាវនាវ ឱ្យមាន​ការធ្វើ​ការសហកា​រ​គ្នា របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង២ របស់​ពិភពលោក ចិន-អាមេរិក ក៏ដោយ។

ឆ្លើយ​នឹង​សំណួរ ពាក់ព័ន្ធ​នឹង​ទំនាស់ ចិន ជាមួយ​សហរដ្ឋអាមេរិក ក្នុង​រឿង​តៃវ៉ាន់, ស៊ិន​ចៀង និង​សង្គ្រាម​ដណ្ដើម​កោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ លោក​វ៉ាង បាន​ឆ្លើយថា “ក្រុង​ប៉េកាំង មិនដែល​ទទួលស្គាល់​ការចោទប្រកាន់ ដែល​គ្មាន​ការពិត និង​ការ​លាប​ពណ៌​អាក្រក់ ទាំង​នោះឡើយ”

“សហរដ្ឋអាមេរិក បាន​លើកយក​លេស​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងមក ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេសផ្សេងៗ និង​គួរតែ​ល្មម​ដឹងខ្លួន​ខុស ចំពោះ​ទង្វើ​ទាំងអស់នោះ​ហើយ មិន​ដូច្នោះ​ទេ ពិភពលោក​នឹង​គ្មាន​ស្ថិរភាព ដូច​សព្វថ្ងៃនេះ​តទៅទៀត​មិន​ខាន”

លោក​វ៉ាង បាន​សម្ដែង​ក្ដី​សង្ឃឹមថា ចិន និង​សហរដ្ឋអាមេរិក នឹង​បន្ទន់ឥរិយាបថ ម្នាក់​ពាក់កណ្ដាល និង​បញ្ឈប់​ការដាក់​កម្រិតផ្សេងៗ ដែល​គ្មាន​ហេតុផល ដែលជា​ឧបសគ្គ​ដល់​កិច្ចសហការ​នៃ​ប្រទេស​ទាំង។

សហរដ្ឋអាមេរិក និង​ចិន បាន​ប្រឈមមុខ​ដាក់គ្នា ក្នុងការ​ពង្រីក​ឥទ្ធិពល​នៅក្នុង​ភូមិភាគ​ឥណ្ឌូ-ប៉ាស៊ីហ្វិក, ការ​ដំណើរការ​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រប​ស់​ក្រុង​ប៉េកាំង, ហុងកុង, តៃវ៉ាន់ និង​សិទ្ធិមនុស្ស​នៅក្នុង​តំបន់​ស៊ិន​ចៀង។

ទាំងអស់នេះ “ឥណ្ឌូ-ប៉ាស៊ីហ្វិក” មានន័យ​ពី​ដែនដី ចាប់តាំងពី “ឆ្នេរ​ភាគ​ខាងលិច​របស់​ប្រទេស​ឥណ្ឌា រហូត​ទៅដល់​ឆ្នេរ​ផ្នែក​ខាងលិច របស់​សហរដ្ឋអាមេរិក” ដោយ​ភូមិភាគ​នេះ គ្របដណ្ដប់​លើ​អាស៊ី​ខាងកើត អាស៊ី​ខាងកើត​ឆៀង​ខាងត្បូង ប្រទេស​ឥណ្ឌា និង​អាស៊ី​ខាងត្បូង ប្រទេស​អូស្ត្រាលី និង​នី​វ​ហ្ស៊ី​លែ​ន​ដ៍ រហូត​ទៅដល់​បណ្ដុំ​កោះ​ប៉ាស៊ីហ្វិក។

លោក​វ៉ាង បាន​ព្រមាន​ថា តៃវ៉ាន់ គឺជា​មណ្ឌល​មួយ​របស់​ប្រទេស​ចិន ហើយ​ចិន​គ្មាន​ថ្ងៃ​សម្រុះសម្រួល​ជាដាច់ខាត ព្រមទាំង​អំពាវនាវ​ឱ្យ​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋអាមេរិក ផ្លាស់ប្ដូរ​ទង្វើ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ ដែល​ប្រៀបដូចជា​ការ “លេង​ជាមួយ​ភ្លើង” ដូចដែល​ប្រធានាធិបតី ត្រាំ ធ្លាប់បាន​លេង​រួចមកហើយ។

ម្យ៉ាងទៀត ក្នុងអំឡុង​យុគសម័យ​លោក​ត្រាំ សហរដ្ឋអាមេរិក បានដាក់​វិធានការ​ទណ្ឌកម្មសេដ្ឋកិច្ច​ជាច្រើន​ឈុត រួមទាំង​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​មេដឹកនាំ​ចិន​ជាច្រើន​នាក់ ដែល​ត្រូវបាន​ចោទប្រកាន់ថា ល្មើស​សិទ្ធិមនុស្ស​នៅក្នុង​តំបន់​ស៊ិន​ចៀង, ហុងកុង រហូតដល់​នយោបាយ​សេដ្ឋកិច្ច ដែល​ខណៈ​នេះ មិនទាន់មាន​ការបញ្ឈប់​នៅឡើយ។

លោក​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក អ៊ែន​ថូ​នី ប្ល៊ី​ង​ខេន បាន​ថ្លែង​ឯកភាព ជាមួយ​អតីតរដ្ឋមន្ត្រី​ការបរទេស ម៉ៃ​ក៍ ប៉ុ​ម​ប៉េ​អូ លើ​រឿង​ដែលថា មានការ​កម្ទេច បោសសម្អាត​ជនជាតិ​មូស្លីម នៅក្នុង​មណ្ឌល​ស៊ិន​ចៀង។

ក្រុម​អ្នកជំរុញ​សិទ្ធិមនុស្ស​ពិភពលោក និង​ក្រុម​អ្នកជំនាញការ​របស់​អង្គការសហប្រជាជាតិ បានចង្អុលបង្ហាញ​ថា មាន​ជន​មូស្លីម​អ៊ុយ​ហ្គូ​រ ត្រូវបាន​ចាប់ខ្លួន បញ្ជូនទៅ​ជំរំ នៅក្នុង​ប្រទេស​ចិន ខណៈដែល​រដ្ឋបាល​ចិន បាន​បដិសេធ​រឿង​ដែលថា មានការ​ល្មើស​សិទ្ធិមនុស្សផ្សេងៗទាំងនោះ និង​ថា ជំរំ​នោះ ជា​មជ្ឈមណ្ឌល​ហ្វឹកហាត់​អាជីព ដែលជា​រឿង​ចាំបាច់​ក្នុងការ​ប្រឆាំងនឹង​លទ្ធិ​ជំនឿ​ជ្រុលនិយម។

លោក​វ៉ាង បាន​ថ្លែង​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​លើ​រឿង​ល្មើស​សិទ្ធិមនុស្ស នៅក្នុង​តំបន់​ស៊ិន​ចៀង ថា ជា​រឿង​កុហក និង​ប្រឌិត​ឡើង​របស់​ក្រុម​អ្នកនយោបាយ​នៅក្នុង​ប្រទេស​លោកខាងលិច៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.