សប្បាយៗ ថ្ងៃអាទិត្យ៖ ល្បីល្បាញ​ពេញ​បណ្ដាញ​សង្គម! រូបភាព​សត្វ​ក្រពើ​ដ៏​ធំ​សម្បើម ១ក្បាល ដេក​យ៉ាង​ស្ងប់ស្ងៀម​នៅលើ​គ្រែ​អ្នកជំងឺ រង់ចាំ​ឱ្យ​ក្រុមគ្រូពេទ្យ​ធ្វើការ​វះកាត់ ដើម្បី​យក​ស្បែកជើងបាតា​ម្ខាង ចេញពី​ក្នុង​ពោះ​របស់​វា ក្រោយពី​វា​ភ្លេចខ្លួន ច្រឡំ​លេប​ចូលទៅ។

ក្លាយជា​ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល និង​គួរឱ្យ​អស់សំណើច​មួយ នៅលើ​បណ្ដាញ​សង្គម នៅពេលដែល​អ្នកលេង​អ៊ី​ន​ធើ​ណិ​ត​ទាំងឡាយ បានឃើញ​រូបភាព​សត្វ​ក្រពើ​ដ៏​ធំ ១ក្បាល ដេក​យ៉ាង​ស្ងៀម​នៅលើ​គ្រែ​វះកាត់។ វា​ជាស​ត្វ​ក្រពើ ១ក្បាល នៃ​ទន្លេ នី​ល ដែលមាន​ឈ្មោះថា Anuket មកពី​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​មួយកន្លែង នៅក្នុង​រដ្ឋ ហ្វ្ល​រី​ដា ដែលមាន​ប្រវែង ៣,២ម៉ែត្រ និង​ទម្ងន់​ខ្លួន ១៥០គីឡូក្រាម។

មូលហេតុ​នៃ​រឿងរ៉ាវ​ទាំងអស់នេះ គឺ​មកពី Anuket បាន​ភ្លេចខ្លួន ច្រឡំ​លេប​ស្បែកជើងបាតា​ម្ខាង​របស់​អ្នកទេសចរ ដែល​បានធ្វើ​ជ្រុះ​ក្នុងអំឡុងពេល​ដើរ​តោង​ខ្សែ​កា​ប្លិ៍ ឆ្លងកាត់​ស្រះ​ដែល​វា​រស់នៅ។ អ្នក​មើលឃើញ​ហេតុការណ៍​នោះ បាន​រៀបរាប់ថា វា​បាន​លេប​ស្បែកជើង​នោះ​ចូលទៅ រួច​បាន​ក្អែរ​ចេញមក​វិញ មុននឹង​លេប​ចូល​ទៅវិញ​ម្ដងទៀត។

ខាង​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ បាន​ព្យាយាម​ជួយ​គ្នា រិះរក​វិធី​យក​ស្បែកជើង​នោះ​ចេញពី​ពោះ Anuket មកវិញ ទាំង​ការធ្វើឱ្យ​វា​ក្អួត ធ្វើ​ម៉ាស្សា​ពោះ​របស់​វា ដើម្បីឱ្យ​ស្បែកជើង​នោះ​រំកិល​ចេញមក​វិញ ឬ​សូម្បីតែ យកដៃ​លូក​ចូលទៅក្នុង​ពោះ​របស់​វា​ទៀតផង តែ​វិធី​ទាំងអស់នោះ មិន​ទទួលបាន​លទ្ធផល​ឡើយ។ ហេតុការណ៍​នេះ បាន​កើតឡើង​តាំងពី​អំឡុង​ខែធ្នូ ឆ្នាំ​កន្លងទៅ។

ពេលវេលា បាន​កន្លងទៅ ២ខែ ខាង​ក្រុមគ្រូពេទ្យ​មកពី​មហាវិទ្យាល័យ​ហ្វ្ល​រី​ដា បានទទួល​ការផ្ដល់​ដំណឹង​អំពី​រឿងនេះ ក៏​ចូល​មកជួយ​ចាត់ការ។ Anuket ត្រូវបាន​បញ្ជូនមក​ម​ន្ទីរ​ពេទ្យសត្វ តាំងពី​ថ្ងៃទី៥ ខែកុម្ភៈ ដោយ​ខាង​ក្រុម​ពេទ្យសត្វ បាន​សាកល្បង​ប្រើ​វិធីផ្សេងៗ ដែល​មិនមែនជា​ការវះកាត់​ជាមុនសិន ដើម្បី​ជាការ​កាត់បន្ថយ​ភាព​ប្រឈម​ចំពោះ Anuket  តែ នៅតែ​មិន​ទទួលបាន​លទ្ធផល​ដូចគ្នា។

ទីបំផុត ក្រុមគ្រូពេទ្យ​សត្វ​ទាំងនោះ ក៏​សម្រេចចិត្ត ធ្វើការ​វះ​ពោះ​របស់ Anuket ដើម្បី​ចូលទៅ​ដល់​ក្រពះ និង​វះ​យក​ស្បែកជើង​នោះ​ចេញ។ មិនយូរប៉ុន្មាន ក្រុមគ្រូពេទ្យ ក៏​អាច​យក​ស្បែកជើង​កំពូល​បញ្ហា​នោះ ចេញមក​បាន…បន្ទាប់មក​ក៏​ឱ្យ Anuket ដេក​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​បន្ត ហើយ​មិន​ប៉ុន្មាន​ថ្ងៃ​ក្រោយមក វា​ក៏បាន​ទទួល​ការអនុញ្ញាតឱ្យ​ត្រឡប់​ទៅ​ស្ដារ​ស្ថានភាព​រាងកាយ​ឡើងវិញ នៅឯ​កសិដ្ឋាន​ដែល​វា​រស់នៅ​នោះ​វិញ។

ខាង​កសិដ្ឋាន បាន​ចេញមក​ថ្លែងថា បច្ចុប្បន្ន សុខភាព​របស់ Anuket កំពុងតែ​ល្អប្រសើរ​ឡើងវិញ​ហើយ តែ​រាងកាយ​នៅ​មិនទាន់​រឹងមាំ ១០០%នៅឡើយ អាច​ត្រូវការ​ពេលវេលា​សម្រាក​មួយរយៈ​ទៀត ទើប​អាច​ចេញមក​បង្ហាញខ្លួន​ឱ្យ​អ្នកទេសចរ​បាន​ទស្សនា​ជាថ្មី​ម្ដងទៀត និង​បាន​ផ្ដាំផ្ញើ​ជា​ឧទាហរណ៍​ថា សូមកុំ​បណ្ដោយឱ្យ​សត្វ​ក្រពើ លេប​ស្បែកជើង​ចូល​ពោះ​ជាដាច់ខាត!៕

ប្រភព៖ www.india.com

ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.