ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ដឹកនាំ​គណៈប្រតិភូ​ការពារ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ហុងកុង

 

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ ការពារ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ហុងកុង (AHKFTA) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​រសៀល​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ជាមួយ​គណៈកម្មការ​ទី៩ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​លោកជំទាវ និ​ន សា​ផុន សមាជិក​គណៈក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណៈកម្មការ​ទី៩ និង​មានការ​ចូលរួម​ពី​គណៈកម្មការ​ទី៥ ដឹកនាំ​ដោយ ឯកឧត្តម​ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណៈកម្មការ​ទី៥ នៃ​រដ្ឋសភា​ផងដែរ។

ជា​កិច្ច​ចាប់ផ្តើម លោកជំទាវ​ប្រធាន​គណៈ​កម្ម​ការ​ទី៩ បាន​ជម្រាប​អង្គប្រជុំ​ថា គណៈកម្មការ​ជំនាញ​ទី៥ និង​ទី៩ នៃ​រដ្ឋសភា​បាន​ពិនិត្យ​លើ​អត្ថបទ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ហុងកុង ដោយបាន​ឯកភាព​ទាំងស្រុង​ទៅលើ​បែបបទ និង​នីតិវិធី​នៃ​ការស្នើសុំ​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ។ ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ គណៈកម្មការ​ជំនាញ​ទាំងពីរ​នៃ​រដ្ឋសភា​បាន​លើក​ជា​សំណួរ​មួយចំនួន​ជាពិសេស​ទៅលើ​ខ្លឹមសារ ក៏ដូចជា​អត្ថប្រយោជន៍ នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ។

 

ជា​កិច្ច​ឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាប​អង្គប្រជុំ​អំពី​ខ្លឹមសារសំខាន់ៗនៃ​កិច្ចព្រមព្រៀង ព្រមទាំង​អត្ថប្រយោជន៍​ដែល​កម្ពុជា​នឹង​ទទួលបាន​នៅពេល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ជម្រាប​អង្គប្រជុំ​ពី​កិច្ចខិតខំ​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​ជំរុញ​ការនាំចេញ​តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ ទាញយក​ប្រយោជន៍​ឱ្យអស់​លទ្ធភាព​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា​ដែល​កម្ពុជា​ជា​សមាជិក និង​ស្វែងរក​ទីផ្សារ​បន្ថែម តាមរយៈ​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ដៃគូ​ពាណិជ្ជកម្មសំខាន់ៗផងដែរ។

 

ជា​លទ្ធផល កិច្ច​ប្រជុំបាន​ឯកភាព​ទាំងស្រុង​លើ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង ដោយ​ពុំមាន​ការកែសម្រួល​បន្ថែ​ម​នោះទេ​ដើម្បី​ដាក់ជូន​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា​នាពេលខាងមុខ។

 

គួរ​ជម្រាប​ផងដែរ​ថា កិច្ចព្រមព្រៀង​នេះ នឹង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ការតភ្ជាប់​សេដ្ឋកិច្ចរ​វា​ង​ប្រទេស​អាស៊ាន​និង​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​ការបន្ត​ធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​ទំនិញ ពាណិជ្ជកម្ម​សេវាកម្ម និង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​នីតិវិធី​គយ និង​វិធានការ​នានា​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស និង​រួមចំណែក​ដ៏​សំខាន់​ក្នុងការ​សម្រួល​ដល់​ពាណិជ្ជកម្ម និង​វិនិយោគ​ឆ្លងដែន ព្រមទាំង​កាត់បន្ថយ​នូវ​របាំង​ចូល​ទីផ្សារ​ដើម្បី​ជំរុញ​ដល់​ភាពងាយស្រួល​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម រវាង​ប្រទេស​អាស៊ាន និង​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន៕

Related Posts

Leave a Reply

Your email address will not be published.