មី​យ៉ាន់​ម៉ា៖ ទីភ្នាក់ងារ​ព័ត៌មាន Reuter បាន​រាយការណ៍​ហេតុការណ៍​បង្ហូរឈាម​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃអាទិត្យ ទី១៤ មីនា ១ថ្ងៃ​ទៀត​ដែល​ក្រុមបាតុករ​តវ៉ា​ប្រឆាំង ត្រូវបាន​សម្លាប់​ក្នុង​ចំនួន​ដ៏​ច្រើន ដល់​ទៅ ៣៨នាក់ ក្រោយពី​រោងចក្រ​របស់​វិនិយោគិន​ចិន នៅក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន ត្រូវបាន​សម្រុកចូល​ដុតបំផ្លាញ ធ្វើឱ្យ​គណៈ​រដ្ឋប្រហារ ចេញប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក នៅក្នុង​តំបន់​នោះ និង​ប្រើ​កម្លាំង​អាជ្ញាធរ​ចូលទៅ​ចាត់ការ ធ្វើឱ្យ​ចំនួន​អ្នកស្លាប់ ចាប់តាំងពី​ថ្ងៃ​រដ្ឋប្រហា​រ ១កុម្ភៈ​មក ឡើង​លើស ១០០នាក់​ហើយ។

ក្រុម​សមាគម​ជួយសង្គ្រោះ​អ្នកទោសនយោបាយ ឬ Assistance Association for Political Prisoners បាន​បញ្ជាក់ថា សម្រាប់តែ​ថ្ងៃអាទិត្យ ១ថ្ងៃ បាតុករ​ត្រូវបាន​បាញ់សម្លាប់​ដល់​ទៅ ៣៨នាក់ ក្នុង​ចំនួន​នេះ មាន ២២នាក់ ស្ថិតនៅក្នុង​តំបន់​ឡៃ​តា​យ៉ា ទីក្រុង​យាំង​ហ្គោ​ន ដែល​រោងចក្រ​របស់​ចិន​ត្រូវបាន​សម្រុក​ចូលទៅ​ដុតបំផ្លាញ ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋបាល បាន​រាយការណ៍​ថា មាន​ប៉ូលិស​ស្លាប់ ១នាក់​ផងដែរ។

ចំនួន​អ្នកស្លាប់​កាលពី​ថ្ងៃអាទិត្យ​នេះ ប្រហាក់ប្រហែលគ្នា​នឹង​ចំនួន​បាតុករ ដែល​ត្រូវបាន​សម្លាប់​ច្រើន​បំផុត កាលពី​ថ្ងៃទី៣ មីនា​ដែរ។

ស្ថានការណ៍​តានតឹង បាន​កើនឡើង នៅពេលដែល​រោងចក្រ​របស់​វិនិយោគិន​ចិន​ជាច្រើន​កន្លែង នៅក្នុង​តំបន់​ឡៃ​តា​យ៉ា ទីតាំង​ឧស្សាហកម្ម​ដែល​ពេញ​ទៅដោយ​មនុស្ស​ក្រីក្រ ក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន ត្រូវបាន​សម្រុកចូល​វា​យ​បំផ្លាញ ដោយមាន ២កន្លែង​ត្រូវបាន​ដុតបំផ្លាញ។ បុគ្គលិក​ជនជាតិ​ចិន​ជាច្រើន​នាក់ ត្រូវបាន​ក្រុមបាតុករ​បង្កឱ្យមានរ​បួស​ស្នាម ដែល​គេ​សន្និដ្ឋានថា បណ្ដាលមកពី​កំហឹង​របស់​អ្នកស្រុក​មួយផ្នែក ដែល​យល់ថា ចិន គឺជា​សម្ព័ន្ធមិត្ត​របស់​កងទ័ព​មី​យ៉ាន់​ម៉ា។

ខាង​ស្ថានទូត​ចិន បាន​ថ្លែង​អំពាវនាវ ឱ្យ​អាជ្ញាធរ​សន្តិសុខ​មី​យ៉ាន់​ម៉ា ជួយ​ឃុំគ្រង​ការពា​សុវត្ថិភាព​របស់​ជនជាតិ​ចិន និង​ទ្រព្យសម្បត្តិ​របស់​ជនជាតិ​ចិន​ឱ្យបាន ក្រោម​ស្ថានការណ៍​ដែល​កំពុង “ធ្ងន់ធ្ងរ​ខ្លាំង” ដោយសារតែ​រោងចក្រ និង​ធុរកិច្ច​របស់​ជនជាតិ​ចិន បាន​ក្លាយជា​គោលដៅ។

ស្ថានការណ៍​ដ៏​គួរឱ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ បាន​ឈាន​ចូលដល់​សប្ដាហ៍​ទី៦ ហើយ ចាប់តាំងពី​កងទ័ព​បានធ្វើ​រដ្ឋប្រហា​រ​កាលពី​ថ្ងៃទី១ កុម្ភៈ ដោយ​ចុងក្រោយ​បំផុត​នេះ បណ្ដា​សមាជិកសភា​តំណាងរាស្ត្រ ដែល​បាន​រត់គេច​ពី​ការចាប់ខ្លួន​របស់​កង​ទ័ព​មី​យ៉ាន់​ម៉ា បាន​ថ្លែង​បញ្ជាក់​ពី​គោលជំហរ គាំទ្រ​ឱ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា ក្រោក​ឡើង​ធ្វើ​បដិវត្តន៍​ប្រទេស និង​ប្រឆាំងនឹង​ការដណ្ដើម​អំណាច​របស់​កងទ័ព។

នៅ​ថ្ងៃ​ជាមួយគ្នា លោក​ថូ​ម៉ាស់ អ៊ែន​ឌ្រូ​វ៍ អ្នកជំនាញការ​ផ្នែក​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា របស់​អង្គការសហប្រជាជាតិ ឬ UN បាន​មើលឃើញថា ផ្ដាច់ការ​មី​យ៉ាន់​ម៉ា កំពុង​បង្ក​ឧក្រិដ្ឋកម្ម​ទៅលើ​មនុស្សជាតិ ដើម្បី​រក្សា​អំណាច​របស់ខ្លួន ដូចជា​ការធ្វើ​ឃាតកម្ម ការចាប់ខ្លួន​ទៅ​បាត់ និង​ធ្វើទុក្ខ​បុក​ម្នា​ញ ដែល​ទាំងអស់នេះ​ស្ថិតក្រោម​ការដឹងឮ របស់​ផ្ដាច់ការ​យោធា​មី​យ៉ាន់​ម៉ា​ទាំងអស់។

លោក​អ៊ែន​ឌ្រូ​វ៍ បាន​ថ្លែង​ទៀតថា លោក​មាន​ភ័ស្តុតាង​ថា ទង្វើ​ទាំងនេះ បានកើត​ឡើង​យ៉ាង​ទូលំទូលាយ និង​មាន​កម្មវិធី​យ៉ាងច្បាស់​លាស់ ដែល​សូម្បីតែ​រដ្ឋការ​ចិន សម្ព័ន្ធ​របស់​មី​យ៉ាន់​ម៉ា ក៏​អំពាវនាវ​ឱ្យ​បញ្ឈប់​អំពើហិង្សា​ដែរ៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.