សហរដ្ឋអាមេរិក៖ លោក​វេជ្ជបណ្ឌិត អ៊ែន​ថូ​នី ហ្វៅ​ស៊ី អគ្គនាយក​ស្ថាប័ន​ជំងឺ​អាល្លែកហ្ស៊ី និង​រោគ​ឆ្លង នៃ​សហរដ្ឋអាមេរិក បាន​ផ្ដាំផ្ញើ​ពាក្យ​អង្វរករ ទៅ​លោក​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឱ្យជួយ​បបួល​ក្រុម​អ្នកគាំទ្រ​របស់លោក ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ ខណៈពេល​ជាមួយគ្នា ក៏បាន​ដាស់តឿន​ផងដែរ​ថា រដ្ឋ​មិនគួរ​ប្រញាប់​បន្ធូរបន្ថយ ការដាក់​កម្រិត​ខាង​សង្គមផ្សេងៗនោះ ឆាប់​ពេក​ទេ។

សម្ដី​របស់​មេគ្រូ​ពេទ្យ​ធំ​រូបនេះ បានកើត​ឡើង ក្រោយពី​លទ្ធផល​ការស្ទង់មតិ PBS NewsHour/NPR/Marist ដែល​បាន​ផ្សព្វផ្សាយ​កាលពី​សប្ដាហ៍​កន្លងទៅ បាន​រកឃើញថា ពលរដ្ឋ​អាមេរិកាំង ដែល​គាំទ្រ​គណបក្ស​រី​ផា​ប្ល៊ី​កាន់ ប្រមាណ​ជា​ពាក់កណ្ដាល មិនទាន់មាន​ផែនការ​ទៅ​ចាក់​វ៉ាក់សាំង​នៅឡើយ។

ក្នុងអំឡុងពេល​ផ្ដល់​សម្ភាស នៅក្នុង​កម្មវិធី Fox News Sunday កាលពី​ថ្ងៃអាទិត្យ(ទី១៤មីនា) លោក​វេជ្ជបណ្ឌិត​ហ្វៅ​ស៊ី បាន​ទទួលស្គាល់ថា បើ​លោក​ត្រាំ ចេញមក​ប្រកាស​បបួល ក្រុម​អ្នកគាំទ្រ​របស់លោក ឱ្យទៅ​ទទួលយក​វ៉ាក់សាំង “ខ្ញុំ​ជឿថា វា​នឹង​សាង​ភាពប្រែប្រួល​ដ៏​ធំ​មួយ​មិន​ខាន…លោក​ជា​បុគ្គល​ដែល​បានទទួល​ការនិយម​ចូលចិត្ត​ច្រើនណាស់ ហើយ​វា​នឹងមាន​ចំណែក​ជួយ​បាន​ច្រើន​មែនទែន បើ​រឿង​នោះ​កើតឡើង​មែន…”

កាល​ខែ​កន្លងទៅ អតីត​មេដឹកនាំ​សហរដ្ឋអាមេរិក វ័យ ៧៤ឆ្នាំ បាន​ថ្លែង​នៅក្នុង​កម្មវិធី​ជជែក​ពិភាក្សា របស់​ភាគី​អនុរក្ស​និយម​ថា “ទាំងអស់គ្នា គួរតែ​ទៅ​ចាក់​វ៉ាក់សាំង ប្រសើរ​ជាង” ដែល​ពាក្យសម្ដី​នេះ អាច​និយាយបានថា ជា​លើកដំបូង​ហើយ ដែល​លោក​ត្រាំ ថ្លែង​បបួល​ប្រជាជន​ឱ្យធ្វើ​បែប​នោះ។

លោក​វេជ្ជបណ្ឌិត ហ្វៅ​ស៊ី ថែមទាំង​បានផ្ដល់​បទ​សម្ភាស​ជាមួយ​កម្មវិធី Meet the Press ខាង​ស្ថានីយទូរទស្សន៍ NBC ទៀតផង ដោយ​លោក​បានបង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ថា “ការដែល​មនុស្ស​ចំនួន​ដ៏​ច្រើន មិនត្រូវ​ការចាក់​វ៉ាក់សាំង ដោយសារតែ​ហេតុផល​ខាង​នយោបាយ​នោះ វា​ដូចជា​មិន​ត្រឹមត្រូវ​ទាល់តែសោះ”

អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដែល​នៅមាន​ជីវិត​នៅឡើយ ដូចជា លោក បា​រ៉ា​ក់ អូ​បា​ម៉ា, លោក​ច​ច ដាប់​ប៊ើ​ល​យូ ប៊ូ​ស, លោក​ប៊ី​ល គ្លី​ន​តុ​ន, លោក​ជី​មមី ខា​ធើរ រួមទាំង​អតីត​ស្ត្រី​ទី១ផង សុទ្ធតែ​ស្ម័គ្រចិត្ត​ទាំងអស់គ្នា រួមគ្នា​ថតរូប​ផ្សព្វផ្សាយ ជំ​រុញឱ្យ​ពលរដ្ឋ​អាមេរិកាំង នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ ដោយ​ក្នុងនោះ មាន​លោក​ត្រាំ តែ​ម្នាក់​គត់ ដែល​មិន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ។

លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន និង​មន្ត្រីជាន់ខ្ពស់​របស់​សហ​រដ្ឋ​អាមេរិក សុទ្ធតែ​បាននាំគ្នា​ចូល​ទទួលយក​ការចាក់​វ៉ាក់សាំង យ៉ាង​បើកចំហ ដើម្បី​ជំរុញ​ឱ្យ​ពលរដ្ឋ​អាមេរិកាំង កើតមាន​ភាពជឿជាក់​លើ​វ៉ាក់សាំង ខណៈដែល​សារព័ត៌មាន​នី​វ​យ៉​ក ថា​ម​ស៍ បាន​រាយការណ៍​ថា លោក​ត្រាំ ខ្លួនឯង ក៏បាន​ចាក់​វ៉ាក់សាំង​រួចហើយ​យ៉ាងស្ងាត់ៗដែរ នៅឯ​មន្ទីរ​សេត​វិមាន កាលពី​ខែមករា ដើមឆ្នាំ។

លោក​វេជ្ជបណ្ឌិត ហ្វៅ​ស៊ី នៅបាន​ដាស់តឿន​ទៅ​ក្រុម​អាជ្ញាធរ​ទូទាំង​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី១៤ កន្លងទៅ​ថា មិនគួរ​បញ្ឈប់​វិធានការ​កម្រិត​ណាមួយ លឿន​ពេក​ឡើយ ព្រោះ​អាច​នឹង​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី វិល​មក​ហក់​ខ្ពស់​ឡើងវិញ​ជាថ្មី។

ថ្មីៗបំផុត​នេះ មាន​យ៉ាងតិច ៥រដ្ឋ នៅក្នុង​សហរដ្ឋអាមេរិក ដែល​បាន​បញ្ឈប់​វិធានការ បញ្ជា​ឱ្យ​ពាក់​ម៉ាស់​អនាម័យ​ការពារ នៅក្នុង​ទីសាធារណៈ​រួចហើយ ដូចជា រដ្ឋ​តិច​សាស់, អៃ​អូ​វ៉ា, មី​ស​ស៊ី​ស៊ី​ប​ពី, ម៉ុ​ន​ថា​ណា និង​ណូ​ថស៍ ដា​កូតា។

លោក​ហ្វៅ​ស៊ី បានបញ្ជាក់​នៅក្នុង​កម្ម​វិធី State of the Union  ខាង​ស្ថានីយទូរទស្សន៍ CNN ថា សហរដ្ឋអាមេរិក នឹង​អាច​ពន្យឺត​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី ឱ្យ​តិច​ចុះ​បាន បើសិនជា​ពលរដ្ឋ​អាមេរិកាំង ផ្ដល់​ការសហការ ក្នុង​ការចាក់​វ៉ាក់សាំង និង​មិន​ប្រញាប់​បញ្ឈប់​វិធានការ​ផ្នែក​សុខភាព​សាធារណៈភ្លាមៗនោះ ដោយ​ប្រសិនបើ​គ្រប់យ៉ាង ដំណើរការ​ទៅតាម​ផែន​ការដែល​រដ្ឋបាល​បានកំណត់​ទុក​នោះ គេ​អាច​ជឿ​បាន​ថា វិថី​ជីវិត​របស់​ប្រជាជន​អាមេរិកាំង នឹង​ចាប់ផ្ដើម​វិលត្រឡប់​ទៅកាន់ សភាវ​ប្រក្រតី​ឡើងវិញ​ក្នុងពេលឆាប់ៗ ប្រមាណ​ជា​ក្នុង​រដូវក្ដៅ​ខាងមុខ ឬ​អំឡុងពេល​រដូវ​កាល អបអរសាទរ​ថ្ងៃ​បុណ្យជាតិ​សហរដ្ឋអាមេរិក ទី៤ កក្កដា​ហ្នឹងឯង៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuter

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.