សៀមរាប៖ បន្ទាប់ពី​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រូវបាន​ប្រមុខរដ្ឋស្តីទី សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រកាស​ឱ្យប្រើ​ប្រាស់ កាល​ល្ងាច​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ រួចមក ប្រជាពលរដ្ឋ​មួយចំនួន រស់នៅក្នុង​ក្រុង​សៀមរាប បាន​សម្ដែង​ការពេញចិត្ដ​និង​គាំទ្រ​ដល់​រាជ​រដ្ឋា​បាល​ពេញទំហឹង ដោយ​ទ​ទួ​ច​ឲ្យ​រាជរដ្ឋាភិបាល​អនុវត្ដ​ច្បាប់​នេះ ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ដែលជា​ជំងឺ​ដ៏​កាច​សាហាវ​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស ។

អ្នកស្រី នួន គឹម​សួរ ជា​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប បាន​មានប្រសាសន៍ថា អុ្ន​ក​ស្រី​សូម​សម្ដែង​ការពេញចិត្ដ និង​គាំទ្រ​យ៉ាងខ្លាំង​ទៅលើ​ច្បាប់​នេះ ព្រោះថា រាជរដ្ឋាភិបាល​បង្កើត​ច្បាប់​នេះ​ឡើង គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួន​រួច​ផុតពី​គ្រោះថ្នាក់ ដែល​បង្កើតឡើង​ពី​អ្នកដទៃ ហើយ​ដាក់​ទោសទណ្ឌ​ទៅលើ​អ្នក​ប្រ​ព្រឹ​ត្ដ​ខុស​នោះ ដែល​បញ្ហា​នេះ​នឹងធ្វើ​ឲ្យ​ប្រជាជាតិ​មាន​សេចក្ដីសុខ មាន​សុវត្ថិភាព និង មានការ​អភិវឌ្ឍន៍ ព្រោះថា ប្រសិនបើ​ប្រទេសជាតិ​គ្មាន​ច្បាប់​គ្រង​ទៅលើ​បញ្ហា​អ្វីមួយ​ទេនោះ វា​បណ្ដាល​ឲ្យ​កើតមាន​អ​ន្ដិ​សុខ​ក្នុងសង្គម ។

លោក សោ តារា ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយពី​ផ្ទុះ​ជំងឺ​កូ​វីដ-១៩ចូល​ប្រទេស​កម្ពុជា មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​បាន​ផ្ទុកមេរោគ​នេះ ហើយ​បាន​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ បង្ក​ជាការ​ផ្ទុះ​ចូល​សហគមន៍ ដែល​ធ្វើ​រាជរដ្ឋាភិបាល​មានការ​ព្រួយបារម្ភ​ខ្លាច​បញ្ហា​កើតឡើង​ធំ ទើបបាន​បង្កើត​ច្បាប់​នេះ​ឡើង​មិនអោយ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស

លោក​បាន​ឲ្យ​ដឹង​ទៀតថា ច្បាប់​នេះ​មាន​អត្ថប្រយោជន៍​ខ្លាំងណាស់ សម្រាប់​ការពារ​ប្រជា​ពល​ដ្ឋ​ខ្មែរ​ឲ្យ​រួច​ផុតពី​ជំងឺ​កាច​សាហាវ ជាពិសេស​ទប់ស្កាត់​មនុស្ស​ណា​ដែល​វិជ្ជមាន​កូ​វីដ-១៩ទៅ​ចម្លង​មនុស្ស​ម្នាក់ទៀត  ដូច្នេះ​ក្នុងនាម​ប្រជាពលរដ្ឋ​ម្នាក់​នៅក្នុង​ភូមិ​នេះ សូម​សម្ដែង​ការពេញចិត្ដ​យ៉ាងខ្លាំង​ទៅលើ​ច្បាប់​នេះ និង​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ផ្សេងទៀត ចូលរួម​គាំទ្រ ដល់​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​អនុវត្ដ​ច្បាប់​នេះ កាន់​តែមាន​ប្រសិទ្ធភាព​ទៅលើ​ពលរដ្ឋ​ណា​ដែលមាន​ផ្ទុកមេរោគ​កូ​វីដ១៩ ហើយ​ដើរ​ចម្លង​ដល់​អ្នកដទៃ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​រវាង​ក្រសួងយុត្តិធម៌​និង​ក្រសួងសុខាភិបាល ដើម្បី​បំភ្លឺ​លើ​ការបង្កើត​ច្បាប់​ស្ដីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត នា​ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​មានប្រសាសន៍ថា ច្បាប់​នេះ​យើង​ធ្វើ​ក្នុងស្ថានភាព​បន្ទាន់ ហើយ​បទបញ្ញត្តិ​ចុងក្រោយ គឺ​ច្បាប់​នេះ​ត្រូវ​ប្រកាស​ជាការ​ប្រញាប់ មានន័យថា ច្បាប់​នេះ​ចូល​ជា​ធរមាន​ភ្លាម ក្រោយ​ប្រកាស​ឲ្យ​ប្រើ ។ ភ្លាម​ប្រកាស​ឲ្យ​ប្រើ​ហ្នឹង បានន័យថា ប្រកាស​ឲ្យ​ប្រើ​ថ្ងៃទី១១ ខែមីនា ២០២១ ត្រូវអនុវត្ត​ចាប់ពី​ម៉ោង​ដំបូង នៃ​ថ្ងៃទី១២ ខែមីនា ២០២១ តែម្តង ហើយ​ម្យ៉ាងទៀត ច្បាប់​នេះ យើង​ធ្វើ​ចំពេល​វេលា​នៃ​ការឆ្លង​កូ​វីដ១៩ ក្នុង​សហគមន៍ ២០កុម្ភៈ  អញ្ចឹង​បើសិនជា​ទុកពេល​ផ្សព្វផ្សាយ ១ ឬ២ឆ្នាំ ដើម្បី​អនុវត្ត​នោះ វា​លែងមាន​អត្ថន័យ​ហើយ ។

ឯកឧត្ដម កើត រិ​ទ្ធ បាន​បញ្ជាក់ថា ខ្ញុំ​សូម​បញ្ជាក់ជូន​ថា ច្បាប់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់​តែមួយគត់ គឺ​ដើម្បី​ការពារ​អាយុជីវិត​រប​ស់​ប្រជាពលរដ្ឋ ការពារ​សុខភាព​សាធារណៈ​ប្រជាជន។ ចំពោះ​ទោស​បញ្ញត្តិ​វិញ​យើង​និយាយ​ជារួម ទោស​បញ្ញត្តិ​នេះ​បង្កើតឡើង ដើម្បី​ដាក់ទោស​ចំពោះ​ជនខិលខូច និង​ជន​ទុច្ចរិត ដែល​ចង់​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាជន និង​សុខភាព​សាធារណៈ​តែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូដ-១៩ និង​ជំងឺឆ្លង​កាច​សាហាវ ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត មាន៦ជំពូក និង១៨មាត្រា ហើយ​ចាប់ពី​មាត្រា៥ ដល់​មាត្រា១១ ត្រូវដាក់​ទណ្ឌកម្ម​រដ្ឋ​បាល និង​ទណ្ឌកម្ម​ព្រហ្មទណ្ឌ ទៅលើ​បុគ្គល​ដែល​មិន​អនុវត្ដ​តាម​វិធានការ​សុខាភិបាល ក៏ដូចជា​វិធាន​រដ្ឋបាល ដែល​ក្នុងនោះ ទោស​ព្រហ្មទណ្ឌ​មាន​វិន័យ​ជា​ប្រាក់ និង​ដាក់ទោស​ពី៦ខែ​ដល់២០ឆ្នាំ និង​ទណ្ឌកម្ម​រដ្ឋបាល​ប្រឈម​ដកហូត​ឬ​ព្យួរ​អាជ្ញាប័ណ្ណ និង​បិទ​អាជីវកម្ម​ជាដើម​ផងដែរ ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.