ចិន៖ ក្រុមទី​ភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​រាយការណ៍ កាលពី​ថ្ងៃទី១៥ មីនា​ថា វ៉ាក់សាំង​កូ​វីដ-១៩ កំពុង​ក្លាយជា​ឥទ្ធិពល រវាង​ប្រទេសនីមួយៗ ១បែប​ថ្មី​ទៀតហើយ ដោយ​ប្រទេស​ដែលជា​អ្នក​ផលិត សុទ្ធ​តែមាន​គោលនយោបាយ កម្រិត​ការចូល​ប្រទេស​របស់ខ្លួន ដោយ​វិធានការ​សុវត្ថិភាព​វ៉ាក់សាំង។

របាយការណ៍​នោះ បានឱ្យដឹងថា ប្រទេស​ចិន​បាន​ថ្លែងថា ជនបរទេស​ណា ដែល​ត្រូវការ​ធ្វើដំណើរ​ចូល​ប្រទេស​ចិនដីគោក ដោយ​មកពី​ទីក្រុង​ហុងកុង នឹងត្រូវ​ទទួលបាន​កា​រ​ត្រួតពិនិត្យ ច្បាប់​កំណត់ និង​ការកម្រិត​ផ្នែក​ឯកសារ ដែល​តិចតួច​ជាង​មុន បើសិនជា​ពួកគេ បាន​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូ​រ៉ូ​ណា ដែល​ផលិត​នៅ​ប្រទេស​ចិន។

សារព័ត៌មាន នី​វ​យ៉​ក ថា​ម​ស៍ បាន​រាយការណ៍​ថា ការប្រកាស​គោលនយោបាយ​វ៉ាក់សាំង​របស់​ប្រទេស​ចិន ដែល​គ្របដណ្ដប់​ទៅដល់​ជនបរទេស ដែល​ដាក់​ពាក្យសុំ​ទិដ្ឋាការ​ក្នុង​ទឹកដី​របស់​ចិន បានចាប់ផ្ដើម​ឡើង ១ថ្ងៃ ក្រោយពី​ប្រទេស​ចំនួន៤ មាន​សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី បាន​ចាប់ដៃគ្នា ប្រកាស​ផែនការ​ចាត់ការ​ស្វែងរក​វ៉ាក់សាំង បញ្ជូនទៅឱ្យ​ប្រទេសផ្សេងៗយ៉ាង​ទូលំទូលាយ ដោយ​ទាំង ៤ប្រទេស(Quad powers) នេះ បាន​សន្យាថា នឹង​ជួយ​គាំទ្រ​ដល់​ការផលិត​វ៉ាក់សាំង​កូ​រ៉ូ​ណា នៅក្នុង​ប្រទេស​ឥណ្ឌា យ៉ាងតិច​ឱ្យបាន ១ពាន់​លាន​ដូ​ស ក្នុងអំឡុង​ដំណាច់ឆ្នាំ​ខាងមុខ។

លោក កួ វើ​យ​មីន អ្នកនាំពាក្យ​រដ្ឋបាល​ចិន បាន​ថ្លែងថា ប្រទេស​ចិន បាន​បញ្ជូន​វ៉ាក់សាំង​ទៅកាន់ ៦៩ប្រទេស​ហើយ កាលពី​អំឡុងពេល​ចុងខែ​កុម្ភៈ និង​ចាប់ផ្ដើម​នាំចេញ​បែប​ពាណិជ្ជកម្ម ទៅកាន់ ២៨ប្រទេស​ទៀត។

កាលពីពេល​មុននេះ(ថ្ងៃទី៩ មីនា) ទីភ្នាក់ងារ​ព័ត៌មាន Reuter បាន​រាយការណ៍​ថា ប្រទេស​ចិន បានរៀបចំ​ធ្វើលិខិត​ធានារ៉ាប់រង​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ តាម​ប្រព័ន្ធ​ឌីជីថល សម្រាប់​ពលរដ្ឋ ដែលមាន​ផែនការ​ធ្វើដំណើរ​ឆ្លង​ព្រំដែន ឬ​ទៅ​បរទេស ក្រៅពីនេះ ចិន​នឹង​រួមសហការ​ជាមួយ​ប្រទេសផ្សេងៗ ក្នុង​ការចេញ​ឯកសារ​ដែល​ស្រដៀង​គ្នា​នេះ ក្នុងខណៈដែល​ប្រទេស​ជាច្រើន ត្រៀម​បើក​ប្រទេស​ឡើងវិញ ដើម្បី​ដំណើរការ​ខាង​សេដ្ឋកិច្ច។

ចំណែក​ខាង​កុងស៊ុល របស់​ក្រសួងការបរទេស​ចិន បានបញ្ជាក់​នៅក្នុង​វេ​ប​សាយ​របស់​ស្ថាប័ន​ថា លិខិតធានា​រ៉ាប់រង ដែល​ចេញ​ដោយ​ប្រទេស​ចិន​នេះ នឹងមាន​បញ្ជាក់​លម្អិត​ពាក់ព័ន្ធ​នឹង​អ្នក​កាន់​លិខិត​នោះ ដែលមាន​ដូចជា ទិន្នន័យ​ពាក់ព័ន្ធ​នឹង​ការចាក់​វ៉ាក់សាំង និង​លទ្ធផល​ពិនិត្យ​រក​វីរុស​កូ​រ៉ូ​ណា ជាដើម។

ខណៈ​នេះ នៅ​មិនទាន់​ប្រាកដ​ច្បាស់​នៅឡើយ​ថា តើ​ប្រទេស​ចិន​បាន​ពិភាក្សា​ជាមួយ​ប្រទេស​ណាខ្លះ ពាក់ព័ន្ធ​នឹង​ការចេញលិខិត​ធានារ៉ាប់រង​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩នេះ ហើយ​ប្រទេស​ចិន ក៏​មិនទាន់​បានប្រកាស​បន្ធូរ​បន្ថយ បទបញ្ជា​ការដាក់​ឱ្យនៅ​ដោយឡែក សម្រាប់​អ្នក​ដែល​ធ្វើដំណើរ​ទៅដល់​ប្រទេស​ខ្លួន ក្រោយពី​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ រួចហើយ​នៅឡើយ​ដែរ។

ព្រម​ជាមួយគ្នានេះ ស្ថាប័ន​ផ្សព្វផ្សាយ​របស់​រដ្ឋ​ចិន បានចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​ផ្ដល់ព័ត៌មាន សរសើរ​វ៉ាក់សាំង​របស់​ចិន​ថា ជា​ជម្រើស​ដ៏​ល្អ​បំផុត និង​បានដាក់​សំណួរ អំពី​សុវត្ថិភាព​របស់​វ៉ាក់សាំង របស់​ប្រទេស​ដទៃទៀត ដូចជា Moderna និង Pfizer-BioNTech ជាដើម​ទៀតផង។

ផ្ទុយទៅវិញ ស្ថាប័ន​គ្រប់គ្រង​ចាត់ការ​ភាគច្រើន​នៅក្នុង​ប្រទេស​លោកខាងលិច មិនទាន់​អនុម័ត​ប្រើ​វ៉ាក់សាំង ដែល​ផលិត​ក្នុងប្រទេស​ចិន​នៅឡើយ ទោះជា​ប្រទេស​ហុង​គ្រី បាន​យល់ព្រម​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ចិន​រួចហើយ ចំនួន ៥លាន​ដូ​ស​ក៏ដោយ។

ទាំងអស់នេះ ប្រទេស​ចិនដីគោក ក៏​នៅ​មិនទាន់បាន​អនុម័ត​លើ​ការផលិត ឬ​ការលក់​វ៉ាក់សាំង​មកពី​ក្រៅប្រទេស នៅក្នុង​ព្រំដែន​របស់ខ្លួន​ដូចគ្នា​ដែរ។

សប្ដាហ៍​នេះ ប្រទេស​ចិន បានបង្ហាញ​លិខិតឆ្លងដែន​អេឡិចត្រូនិក​អន្តរជាតិ​បែប​ថ្មី សម្រាប់​ពលរដ្ឋ ដែល​បង្ហាញឱ្យឃើញថា តើ​អ្នកទេសចរ បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូ​រ៉ូ​ណា ដែរឬទេ? ប៉ុន្តែ គេ​នៅ​មិនទាន់​ច្បាស់ភ្លាមៗនៅឡើយ​ថា តើ​ការប្រកាស​គោលនយោបាយ​កាលពី​ថ្ងៃ​សៅរ៍(ទី១៣មីនា) របស់​ក្រសួងការបរទេស​ចិន​នោះ នឹងធ្វើ​ឱ្យមាន​ភាពខុស​ប្លែក​ចំពោះ​ជនបរទេស ដែល​ស្នាក់​នៅក្នុង​ទីក្រុង​ហុងកុង ច្រើន ឬ​តិច​ប៉ុនណា​នៅឡើយ​ទេ? ដោយសារ​តែមួយ​រយៈពេល​កន្លងមកនេះ ប្រទេស​ចិន​ស្ទើរតែ​មិនបាន​ផ្ដល់​ទិដ្ឋាការ​សោះឡើយ។

ក្រៅពីនេះ ព្រំដែន​របស់​ទីក្រុង​ហុងកុង នៅតែ​ត្រូវ​បិទ​នៅឡើយ ដូច្នេះ​គោលនយោបាយ​ថ្មី​នេះ នឹងមិន​បាន​ជួយ​ដល់​ជនបរទេស​ដ៏​ច្រើន ក្នុងប្រទេសផ្សេងៗ ដែល​ត្រូវការ​វិលត្រឡប់​ទៅ​ប្រទេស​ចិនដីគោក ដោយហេតុ​ផល​ខាង​ការងារ ឬ​ក្រុមគ្រួសារ​នោះឡើយ។

រដ្ឋបាល​ក្រុង​ហុងកុង បាន​អនុញ្ញាតឱ្យ​អ្នកស្នាក់នៅ អាច​ជ្រើសរើស​បាន រវាង​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់(Sinovac) របស់​ប្រទេស​ចិនដីគោក ជាមួយ​វ៉ាក់សាំង ហ្វ៉ៃ​ហ្ស៊ើ​រ-បៃ​អូ​អេ​ន​ថេ​ក (Pfizer-BioNTech) ដែល​នាំចូល​មកពី​ប្រទេស​អាល្លឺម៉ង់ ហើយ​ការប្រកាស​កាលពី​ថ្ងៃ​សៅរ៍(ទី១៣មីនា) មិនបាន​បញ្ជាក់ថា អ្នករស់នៅ​ក្នុង​ក្រុង​ហុងកុង ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​ហ្វ៉ៃ​ហ្ស៊ើ​រ​រួចហើយ នឹងត្រូវ​ទទួល​ការចាក់​ម្ដងទៀត​ដោយ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ដែរឬទេ?

លោក អា​ឡាន់ បេ​បេ ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក នៅក្នុង​ប្រទេស​ចិន បាន​ថ្លែងថា ច្បាប់​កំណត់​ខាង​ព្រំដែន បាន​ក្លាយជា​បញ្ហា​ធំ​បំផុត​សម្រាប់​ក្រុមហ៊ុន​ឆ្លង​ប្រទេស ដែល​កំពុង​ធ្វើ​ជំនួញ​នៅក្នុង​ប្រទេស​ចិន ហើយ​បានដាក់​សំណួរ អំពី​ភាពចាំបាច់​ក្នុងការ​កម្រិត​ការចូល​ប្រទេស​ចិន ដោយ​អាស្រ័យ​លើ​អ្នកដំណើរ​ជ្រើសរើស​ចាក់​វ៉ាក់សាំង​ប្រភេទ​ណា​នោះ​ទៀតផង៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.