ប្រទេស​ចិន៖ ចាប់ផ្ដើម​រំកិល​ខ្លួន ឆ្ពោះទៅរក​ដំណាក់កាល​ប្រក្រតី​ឡើងវិញ ក្នុងការ​ធ្វើដំណើរ​ឆ្លង​ប្រទេស ដោយបាន​កែសម្រួល បន្ថយ​ដំណាក់កាល​ក្នុង​ការសុំ​ទិដ្ឋាការ ឬ Visa ចូល​ប្រទេស​ចិន សម្រាប់​ជនបរទេស​ណា​ដែល​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ចិន។

កាលពីពេល​រសៀល ថ្ងៃទី១៥ មីនា លោក ចាវ លី​ចៀន អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ថ្លែង​ព័ត៌មាន ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ​ដំណាក់កាល ក្នុងការ​ធ្វើដំណើរ​ចូលមក​ប្រទេស​ចិន ដែល​ស្មុគស្មាញ​កាលពី​ពេលមុន ដោយសារតែ​វិធានការ​គ្រប់គ្រង​ជំងឺ​រាតត្បាត តែ​សម្រាប់​អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​របស់​ចិន​រួចហើយ គ្រាន់តែ​បង្ហាញ​លទ្ធផល ការពិនិត្យ​រក​មេរោគ​កូ​វីដ-១៩ ដែល​អវិជ្ជមាន​តែប៉ុណ្ណោះ។

អ្នកនាំពាក្យ​ចិន រូបនេះ មិនបាន​ផ្ដល់​សេចក្ដីលម្អិត ទាក់ទង​នឹង​ការកែសម្រួល​ដំណាក់កាល ឱ្យ​ងាយស្រួល​ឡើង សម្រាប់​អ្នកធ្វើដំណើរ​ចូល​ប្រទេស​ចិន ដែល​ចាក់​វ៉ាក់សាំង​រួចហើយ​នេះ​ទេ ដោយ​គ្រាន់តែ​ថ្លែងថា “អ្នកដំណើរ នឹងត្រូវ​ប្រតិបត្តិ​តាមច្បាប់​បង្ខាំង​នៅ​ដោយឡែក និង​តាមដាន​អាការ បន្ទាប់ពី​ធ្វើដំណើរ​មកដល់​ចិន​ហើយ”

ចំណែក​មន្ត្រី​ប្រចាំ​ស្ថានទូត​ចិន ក្នុងប្រទេស​ហ្វ៊ី​លី​ពី​ន បានឱ្យដឹង​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះ(ទី១៥មីនា)ថា ប្រទេស​ចិន​កំពុង​វិលត្រឡប់ ទៅរក​ដំណាក់កាល​ការសុំ​ទិដ្ឋាការ ចូល​ប្រទេស​បែប​ប្រក្រតី ដូច​កាលពី​ពេលមុន​កើត​ជំងឺ​រាតត្បាត​កូ​វីដ-១៩ សម្រាប់​អ្នក​ដែល​បានទទួល​វ៉ាក់សាំង​គ្រប់​ដូ​ស​រួចហើយ។

កាលពី​ពេលមុន​ហ្នឹង(ថ្ងៃ​សៅរ៍ ទី១៣មីនា) ប្រទេស​ចិន បានប្រកាស​កែសម្រួល​ដំណាក់កាល ដែល​កាន់តែ​ងាយស្រួល​ឡើង​ក្នុង​ការសុំ​ទិដ្ឋាការ សម្រាប់​ជនបរទេស​ណា​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​រួចហើយ និង​ត្រូវការ​ធ្វើដំណើរ​ចូល​ទីក្រុង​ហុងកុង។

ខណៈ​នេះ ប្រទេស​ចិន កំពុង​នាំចេញ​វ៉ាក់សាំង​ទៅកាន់​ប្រទេសផ្សេងៗ ដោយ​ស្ទើរតែ​ទាំងអស់ គឺជា​ក្រុម​ប្រទេស​សេដ្ឋកិច្ច​កើត​ថ្មី ឬ​កំពុងអភិវឌ្ឍន៍។ សកម្មភាព​នេះ បានធ្វើឱ្យ​សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និង​អ្នក​ផលិត​វ៉ាក់សាំង​ចម្បង​គេ​របស់​ពិភពលោក គឺ​ប្រទេស​ឥណ្ឌា បានប្រកាស​ផែនការ​ចែកចាយ​ជួយសង្គ្រោះ​ផ្នែក​វ៉ាក់សាំង ឱ្យទៅ​ក្រុម​ប្រទេស​នៅក្នុង​ទ្វីបអាស៊ី ក្រោម​ចរន្ត​ការប្រកួតប្រជែង​ដណ្ដើម​ប្រជាប្រិយភាព ដែល​គេ​នាំគ្នា​ហៅថា “ការទូត​វ៉ាក់សាំង។

សម្រាប់​ស្ថានការណ៍​ឆ្លង​រាលដាល​មេរោគ​កូ​វីដ-១៩ នៅក្នុង​ប្រទេស​ចិន​វិញ តាមរយៈ​ការ​ថ្លែង​ព័ត៌មាន​លើកចុងក្រោយ​បំផុត​របស់​ស្ថាប័ន​គ្រប់គ្រង​ជំងឺ និង​រោគរាតត្បាត​នៃ​ប្រទេស​ចិន បាន​បញ្ជាក់ថា រកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី ត្រឹមតែ ៥នាក់​ប៉ុណ្ណោះ​កាលពី​ថ្ងៃអាទិត្យ(ទី១៤មីនា) ដោយ​អ្នក​ឆ្លង​ទាំងអស់នោះ ជា​អ្នកដំណើរ​មកពី​ក្រៅប្រទេស ឬ​ករណី​ឆ្លង​មេរោគ​នាំចូល៕

ប្រភព៖ សា​ព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.