សៀមរាប៖ តាម​ខ្លឹមសារ​នៃ​សេចក្ដីជូនដំណឹង​របស់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលបរិច្ឆេទ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ (ស៊ី​ណូ​ហ្វា​ម​ប៉េកាំង)ដូ​ស​ទី២ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី១៧ ខែមីនា ឆ្នាំ២០២១នេះ រហូតដល់​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ចាប់​វ​ពី​ម៉ោង៨:០០នាទី​ព្រឹក​ដល់​ម៉ោង១១:៣០នាទី​ថ្ងៃត្រង់ និង​ម៉ោង១៤:០០នាទី ដល់​ម៉ោង១៦:០០នាទី ហើយ​មិនមាន​ការឈប់​សម្រាក​ថ្ងៃ​សៅរ៍ អាទិត្យ និង​ថ្ងៃបុណ្យ​នោះទេ ប៉ុន្តែ​អ្នក​មក​ទទួល​ការចាក់​ថ្នាំ​នេះ ត្រូវយក​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩លើក​ទី១ មកជា​មួយ​ជា​ចាំបាច់ ដើម្បីឱ្យ​ក្រុមគ្រូពេទ្យ​ងាយស្រួល ។

សេចក្តីជូនដំណឹង​បញ្ជាក់ទៀតថា រយៈពេល​ត្រូវ​ចាក់​វ៉ាក់សាំង​ដូ​ស​លើក​ទី២ ត្រូវមាន​រយៈពេល​ចន្លោះ​ពី១៤ថ្ងៃ ទៅ២៨ថ្ងៃ ដែល​មិន​ឲ្យ​ហួស២៨ថ្ងៃក្រោយ​ចាក់​ដូ​ស​ទី១នៅតាម​មន្ទីរពេទ្យ​ដែល​ធ្លាប់បាន​ចាក់​កាលពី​ដូ​ស​ទី១កន្លងមក រួមមាន៖ ១.មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប , ២. មន្ទីរពេទ្យបង្អែក​សូទ្រនិគម , ៣ .មន្ទីរពេទ្យបង្អែក​ក្រឡាញ់ , ៤ .មន្ទីរពេទ្យបង្អែក​ពួក និង ៥. មន្ទីរពេទ្យបង្អែក​អង្គរជុំ ។

លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ក្នុងអំឡុងពេល​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ (ស៊ី​ណូ​ហ្វា​ម​ប៉េកាំង)ដូ​ស​ទី១ ក្នុង​ទូទាំង​ខេត្ត​មាន​អ្នក​មក​ទទួល​ការចាក់​វ៉ាក់សាំង​នេះ ចំនួន ៦.៥៦៥ នាក់ ដូច្នេះ​ក្នុងករណី​មាន​អ្នក​មក​យឺត​លើសពី២៨ថ្ងៃ​បន្ទាប់ពី​ចាក់​ដូ​ស​ទី១នោះ គឺ​មិនអាច​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ដូ​ស​ទី២បានទេ ហើយ​ប្រសិនបើ​មិនបាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី២នេះដែរ នោះ​នឹង​មិនមាន​អង្គ​បដិបក្ខប្រាណ(Antibody)ដើម្បី​ទប់ទល់​ជាមួយ​វីរុស​កូ​វីដ-១៩ឡើយ ។

គិត​ត្រឹម​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បាន​ចាក់​វ៉ាក់សាំង​កូ​វីដ១៩ ជូន​ជន​ស៊ីវិល​ទូទាំងប្រទេស ស៊ី​ណូ​ហ្វា​ម (Sinopharm) ចាក់​បាន​សរុប​ចំនួន ១៤៦,៤៩៣នាក់​និង អា​ស្ត្រា​ហ្សេ​នី​កា (Astra Zeneca) ចាក់​បាន​សរុប​ចំនួន៖ ៤១.៧៦៨នាក់ ខណៈដែល​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹងថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ស៉ី​ណូ​ហ្វា​ម (Sinopharm) លើក​ទី១ ជូន​កងកម្លាំង​កើន​ដល់​ចំនួន​សរុប ១០៩.៣២៤នាក់ និង​ចាក់​លើក​ទី២ បាន​ចំនួន៥៩.៤២៤នាក់ គិត​ត្រឹម​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​យប់​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​ភិ​បាល​កម្ពុជា នឹង​ខិតខំ​ទិញ​វ៉ាក់សាំង​ដើម្បី​យកមក​ចាក់​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ពី ១០ ទៅ ១៣ លាន​នាក់ គ្រា​ដែល​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​របស់​ចិន​មួយ​ប្រភេទ​ទៀត នឹង​មកដល់​កម្ពុជា​ចំនួន ១.៥០០.០០០ ក្នុងពេលឆាប់ៗខាងមុខនេះ ហើយ​សម្ដេច​តេ​ជោ សម្រេច​តែងតាំង លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ធ្វើជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​លើ​ការងារ​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ដើម្បី​ដឹកនាំ​ការងារ​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ឲ្យ​បាន​លឿន ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.