កូរ៉េខាងជើង៖ លោកស្រី គីម យ៉ូ​ចង់ ប្អូនស្រី​មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង បាន​ចេញមក​រិះគន់ ប្រតិបត្តិការ​សមយុទ្ធ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ព្រមទាំង​ផ្ញើ​ការព្រមាន ទៅ​រដ្ឋបាល​សហរដ្ឋអាមេរិក​ថា បើ​ត្រូវការ​ភាព​ស្ងប់​សុខ “ចូរ​កុំ​ធ្វើឱ្យ​ខូច​បរិយាកាស។

សកម្មភាព​ថ្មី​ចុងក្រោយ​បំផុត ពី​មនុស្ស​ជិតដិត​បំផុត​នឹង​មេដឹកនាំ​គីម ជុង​អ៊ុន រូបនេះ បាន​កើតឡើង​ត្រឹមតែ ១ថ្ងៃ មុន​ពេលដែល​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស របស់​សហរដ្ឋអាមេរិក បម្រុង​នឹងធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​ទីក្រុង​សេ​អ៊ូ​ល ដើម្បី​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី ដៃគូ​ចរចា។

លោកស្រី គីម យ៉ូ​ចង់ បាន​ថ្លែងថា “យើង​សុំ​ឆ្លៀតឱកាស​នេះ ដាស់តឿន​រដ្ឋាភិបាល​ថ្មី របស់​សហរដ្ឋអាមេរិក…បើសិន​ចង់​ដេកលក់​យ៉ាង​មាន​សេចក្ដីសុខ រហូត ៤ឆ្នាំ​ខាងមុខ សូមកុំ​ធ្វើឱ្យ​ខូច​បរិយាកាស(cause a stink) តាំងពី​ដំបូង​ឱ្យសោះ”

លោក អ៊ែន​ថូ​នី ប្ល៊ី​ង​ខេន រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក និង​លោក ឡយ​ដ៍ អូ​ស្ទី​ន រដ្ឋមន្ត្រី​ការពារ​ប្រទេស នឹងធ្វើ​ដំណើរ​ទៅ​ប្រតិបត្តិ ភារកិច្ច​នៅ​ប្រទេស​សម្ព័ន្ធមិត្ត​អាស៊ី ក្នុង​សប្ដាហ៍​នេះ ដើម្បី​ចូលរួម​ពិភាក្សា​ការងារ​ផ្នែក​នយោបាយ​អន្តរជាតិ និង​សន្តិសុខ ជាមួយ​ប្រទេស​ជប៉ុន, កូរ៉េខាងត្បូង រួមទាំង​ប្រទេសផ្សេងៗទៀត។

លោក រ៉ា​មុន ផា​ឆេ​ខូ ផា​ដូ អ្នកជំនាញការ​ខាង​ផ្នែក​កូរ៉េ មកពី​មហាវិទ្យាល័យ ឃី​ង​ស៍ ខូ​លលេ​ច ឡុ​ន​ដុន បានផ្ដល់​ការយល់ឃើញថា ការដែល​លោកស្រី គីម យ៉ូ​ចង់ ចេញមក​គំរាម​ក្នុងអំឡុង​ពេលដែល​ត្រូវ​គ្នា​បែបនេះ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញថា កូរ៉េខាងជើង ត្រូវ​ការចង់​ក្លាយជា “របៀបវារៈ​ចម្បង” ក្នុង​ការចរចា សម្រាប់​លោក ប្ល៊ី​ង​ខេន និង​លោក ឡយ​ដ៍ នៅពេលដែល​អ្នក​ទាំង២ ធ្វើដំណើរ​ទៅដល់​ទីក្រុង​សេ​អ៊ូ​ល។

លោក​ថ្លែងថា “រហូតមកដល់​ពេលនេះ ប្រធានបទ​ភាគច្រើន នៅតែ​ហ្វ៉ូ​ខឹ​ស​ទៅលើ​ក្រុម​ប្រទេស Quad, ការ​ទប់ទល់​ចិន និង​ការពិចារណា​ឡើងវិញ​ពី​គោលនយោបាយ​ចំពោះ​កូរ៉េខាងជើង…តែ​បន្ទាប់​ពីនេះ​ទៅ ពាក្យសម្ដី​របស់លោក​ស្រី​គីម ប្រហែល​នឹង​ក្លាយជា​ប្រធានបទ​ចម្បង នៅក្នុង​វង់​សន្ទនា​ហើយ”

មន្ទីរ​សេត​វិមាន បានទទួល​ស្គាល់​កាលពី​ថ្ងៃ​ចន្ទ ទី១៥មីនា ថា ប្រទេស​កូរ៉េខាងជើង នៅតែ​ប្រកាន់​ឥរិយាបថ​ព្រងើយកន្តើយ មិន​ឆ្លើយតប​នឹង​ការទំនាក់ទំនង​អំពី​សហរដ្ឋអាមេរិក ដែល​ការណ៍​នេះ​បង្ហាញឱ្យឃើញ​អំពី​សម្ព័ន្ធភាព ដែល​កាន់តែ​អាក្រក់​ទៅ តាំងពី​យុគសម័យ​របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បន្ត​រហូតមកដល់​លោក​បៃ​ដិ​ន។

មេដឹកនាំ​គីម ធ្លាប់បាន​ចូលរួម​ប្រជុំ​សាំ​មិ​ត ជាមួយ​លោក​ត្រាំ ដល់​ទៅ ៣លើក និង​មាន​ការផ្ញើ​សំបុត្រ ទៅ​គ្នា​ជាច្រើនលើក តែ​ពេលនេះ មើលទៅ​ហាក់ដូចជា កូរ៉េខាងជើង បានសម្រេច​ចិត្ត​រួចហើយ ក្នុងការ​បញ្ឈប់​ការចរចា និង​ប្រកាស​មិន​ចូលរួម​ជំនួប អ្វី​ទាំងអស់​ទៀតឡើយ រហូត​ទាល់តែ​សហរដ្ឋអាមេរិក យល់ព្រម​លុបចោល​គោលនយោបាយ អមិត្ត ជាមុនសិន។

កងទ័ព​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បានចាប់ផ្ដើម​ភារកិច្ច​សមយុទ្ធ នា​រដូវ​ស្លឹកឈើ​លាស់ កាលពី​សប្ដាហ៍​កន្លងទៅ ដែល​ភាគច្រើន​ជាការ​ចម្លង​ស្ថានការណ៍​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដើម្បី​កាត់បន្ថយ​ការ​ប្រឈម ក្នុង​ការឆ្លង​រាលដាល​មេរោគ​កូ​វីដ-១៩ រួមទាំង​រក្សាទុក​ឱកាស​ក្នុង​ការជជែក​ពិភាក្សា ជាមួយ​កូរ៉េខាងជើង​ផងដែរ។

លោកស្រី គីម យ៉ូ​ចង់ ដែល​ក្នុងអំឡុង​ប៉ុន្មាន​ឆ្នាំ​មកនេះ បានក្លាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រុង​ព្យុងយ៉ាង ក្នុងការ​រិះគន់​កូរ៉េខាងត្បូង បាន​បញ្ជាក់ថា “ការធ្វើ​សមយុទ្ធ និង​ភាពជា​សត្រូវ មិនអាច​ទៅ​ដំណាលគ្នា ជាមួយ​ការចរចា និង​កិច្ចសហការ​បានឡើយ”

ហើយ​លោកស្រី ថែមទាំង​បាន​ចំអក ឱ្យ​ក្រុង​សេ​អ៊ូ​ល​ទៀតផង​ថា “នាំគ្នា​ងាក​មក​ប្រើ​វិធី​ធ្វើ​សមយុទ្ធ បែប​ម្រៀលៗ ក្នុងពេលដែល​ប្រទេស​កំពុង​ប្រឈម​ទាំង​វិបត្តិ​នយោបាយ សេដ្ឋកិច្ច និង​រោគរាតត្បាត”

ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង បានបញ្ជាក់​ទៀតថា សម្ព័ន្ធភាព​រវាង​ប្រទេស ដែល​ធ្លាប់​កក់ក្ដៅ​កាលពី​ឆ្នាំ2018 និង​ជា​អ្វីដែល​កូរ៉េខាងត្បូង​ប្រាថ្នា​នោះ “នឹង​លែង​បានមក ដោយងាយៗទៀតឡើយ” ហើយ​កូរ៉េខាងជើង នឹង​តាម​សង្កេតមើល យ៉ាង​ដិតដល់​បំផុត​ថា តើ​នឹងមាន​ទង្វើ​ញុះញង់​អ្វី​កើតឡើង​ទៀត​ឬទេ?។

លោកស្រី គីម យ៉ូ​ចង់ ថែមទាំង​បាន​គំរាម​ទៀតថា កូរ៉េខាងជើង អាច​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ខាង​យោធា ដែល​ព្យាយាម​កាត់បន្ថយ​ភាព​តានតឹង​ខាង​ព្រំដែន ហើយនឹង​ធ្វើការ​ពិចារណា​ឡើងវិញ ដើម្បី​លុបចោល​មន្ទីរ​អង្គភាព​ជាច្រើន​កន្លែង ដែល​បាន​បង្កើតឡើង ដើម្បី​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuter

ប្រែ​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.