មី​យ៉ាន់​ម៉ា៖ ប្រជាជន​មី​យ៉ាន់​ម៉ា ឬ​ភូមា ត្រូវ​លះបង់​ជីវិត​ចំពោះ​ការបង្ក្រាប ការបាញ់សម្លាប់ ដោយ​កងទ័ព​មី​យ៉ាន់​ម៉ា អស់​ជាច្រើន​នាក់ ក្នុង​សប្ដាហ៍​កន្លងទៅ និង​សប្ដាហ៍​នេះ  ហើយក៏​មិនមែន​បញ្ចប់​ត្រឹមតែ​ប៉ុណ្ណឹង​ដែរ ដរាបណា​ដែល​មេដឹកនាំ​គណៈ​រដ្ឋប្រហារ នៅតែ​ខំប្រឹង​ព្យាយាម​សម្លាប់​ប្រជាជន ដើម្បី​ឱ្យអំណាច​រដ្ឋបាល​របស់ខ្លួន​នៅ​គង់វង្ស។

ថ្មិៗបំផុត អ្នកនយោបាយ ដែល​នៅតែ​រត់គេច ពី​ការចាប់ខ្លួន​ដោយ​កងទ័ព​មី​យ៉ាន់​ម៉ា បាន​អំពាវនាវ​ឱ្យ​ប្រជាជន​រួបរួមគ្នា បង្កើតជា​គណៈកម្មការ ឈ្មោះថា The Committee for Representing Pyidaungsu Hluttaw ឬ CRPH ដើម្បី​រៀបចំ​បង្កើតជា​រដ្ឋាភិបាល​រំដោះជាតិ​មួយ ដើម្បី​តតាំង​នឹង​គណៈ​រដ្ឋប្រហារ​យោធា។

គណៈកម្មការ​នេះ ដឹកនាំ​ដោយ​សមាជិកសភា​របស់​គណបក្ស​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ឈ្មោះ​លោក ម៉ាន វីន ខាយ ថា​ន់ (Manh Win Khaing Than) ដែល​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ក្រោក​ឡើង​តស៊ូ ឱ្យ​ក្លាយជា​បដិវត្តន៍​ដោយ​ប្រជាជន ដែល​ដឹកនាំ​ដោយ​មេដឹកនាំ និង​គណៈកម្មការ ដែល​កំពុង​រត់គេច ពី​ការចាប់ខ្លួន​របស់​កង​ទ័ព​មី​យ៉ាន់​ម៉ា។

លោក​ម៉ាន ថែមទាំង​បាន​អំពាវនាវ ប្រកាស​ស្វែងរក​ការរួម​សហការ ពី​បណ្ដា​ក្រុម​ជាតិ​សាសន៍ និង​ក្រុម​កុលសម្ព័ន្ធផ្សេងៗ ឱ្យ​ក្រោក​ឡើង តស៊ូ​ជាមួយ​កងទ័ព​មី​យ៉ាន់​ម៉ា ដើម្បី​រំពឹង​ក្នុងការ​រៀបចំ​ជា​រដ្ឋ​មួយ ដែល​ប្រកបដោយ​តំណាង​ពី​ជន​កុលសម្ព័ន្ធផ្សេងៗ ដែលមាន​យ៉ាងតិច ១៣៥ក្រុម និង​បាន​ប្រាប់ថា នេះ​គឺជា​ការសាកល្បង​កម្លាំង ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​គណៈ​រដ្ឋប្រហារ។

លោក​ម៉ាន បាន​ថ្លែងថា “ពួកយើង​ត្រូវ​បំភ្លេច​រឿង​ទំនាស់​ទាស់ទែង ដែល​ធ្លាប់មាន​ពីមុនមក​មួយរយៈ​សិន និង​រួមដៃគ្នា​ចាត់ការ​រដ្ឋបាល​ផ្ដាច់ការ​យោធា ដែល​ជិះជាន់​ប្រជាជន​ជា​យូរ ច្រើនសិប​ឆ្នាំ​មកហើយ និង​រៀបចំ​បង្កើត​រដ្ឋាភិបាល ដែល​ជាទី​ទទួលស្គាល់​ពី​គ្រប់ភាគី ដើម្បីឱ្យ​ប្រទេសជាតិ​ស្ថិតនៅ​គង់វង្ស និង​ការរស់នៅ​រួមគ្នា​យ៉ាង​ឯកភាព”

គណៈកម្មការ​នេះ រំពឹងថា នឹង​បានទទួល​ការធានារ៉ាប់រង​ពី​អន្តរជាតិ ដើម្បី​តស៊ូ​ទាមទារ​ការប្រគល់អំណាច​ប្រជាធិបតេយ្យ ឱ្យ​គណៈ​រដ្ឋបាល ដែល​ត្រូវបាន​រារាំង ដោយ​គណៈ​កងទ័ព ក្រោយពី​ទទួលបាន​ជ័យជម្នះ​លើ​ការបោះឆ្នោត ដែល​យក​លេស​អាង​ថា មាន​ការកេងបន្លំ​ការបោះឆ្នោត តែ​មិនអាច​រក​ភ័ស្តុតាង មក​អះអាង​បាន។

គណៈ​រដ្ឋប្រហារ​យោធា ថែមទាំង​ធ្វើការ​ចោទប្រកាន់ ដែល​ស្រពេចស្រពិល ចំពោះ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ថា បានធ្វើ​ខុស​នឹង​ច្បាប់​ប្រទេស តែ​ក៏​គ្មាន​ភ័ស្តុតាង​ណាមួយ យកមក​បង្ហាញ​សោះឡើយ ទើបត្រូវ​បាន​គេ​មើលឃើញថា ជា​សេចក្ដីត្រូវការ​ចង់​ក្ដោប​យក​អំណាច​រដ្ឋ ដោយសារតែ​កងទ័ព​មី​យ៉ាន់​ម៉ា មាន​ផលប្រយោជន៍​ដ៏​ច្រើន​មហាសាល ទើប​ត្រូវតែ​ធ្វើ​រដ្ឋប្រហារ ដើម្បី​រក្សា​អំណាច។

ហើយ​គណៈ​រដ្ឋប្រហារ ដែល​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ឯក មីន អង់ ឡាយ នៅតែ​មិន​ខ្វល់ខ្វាយ​នឹង​សំឡេង​ថ្កោលទោស​ដោយ​សហគមន៍​ពិភពលោក រួមទាំង​កម្លាំង​ការដាក់ទណ្ឌកម្ម​ទៅលើ​សេដ្ឋកិច្ច និង​លើ​ខ្សែបណ្ដាញ​អ្នក​ជិតដិត​នឹង​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ទាំង​នោះឡើយ ព្រោះ​ពួកគេ​ជឿជាក់ថា នៅតែ​អាច នៅ​ធ្វើ​បន្តទៅទៀត​បាន។

ប្រទេស​មី​យ៉ាន់​ម៉ា ធ្លាប់បាន​បិទ​ប្រទេស រស់នៅ​យ៉ាង​ឯកោ ក្រោម​នយោបាយ​សង្គមនិយម​បែប​ភូមា យូរ​ដល់​ទៅ ៥០ឆ្នាំ ឬ​ជាង ១អាយុ​មនុស្ស​រួចមកហើយ ដោយ​ចាប់​ផ្ដើមឡើង មិនយូរប៉ុន្មាន​ក្រោយ​ពីស​ង្ក្រា​ម​លោក​លើក​ទី២ បាន​បញ្ចប់ទៅ ហើយ​ប្រទេស​អង់គ្លេស​បានផ្ដល់​ឯករាជ្យ​ឱ្យ​ប្រទេស​ភូមា នៅ​ឆ្នាំ១៩៤។

ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃទី១កុម្ភៈ២០២១មក កងទ័ព​មី​យ៉ាន់​ម៉ា និង​ប៉ូលិស បាន​រួមគ្នា​សម្លាប់​ជីវិត​ប្រជាជន​រួចទៅហើយ​អស់​ជាង ១៣០នាក់ ចាប់ខ្លួន​ក្រុម​អ្នកប្រឆាំង​តវ៉ា ច្រើនជាង ២ពាន់​នាក់ និង​ថែមទាំង​មាន ៤នាក់​ទៀត បាន​ស្លាប់​នៅក្នុង​ទី​ឃុំឃាំង ដោយសារ​ការសួរចម្លើយ និង​ការវាយដំ​រាងកាយ។

ទង្វើ​របស់​ទាហាន​មី​យ៉ាន់​ម៉ា ពោរពេញ​ទៅដោយ​ភាពឃោរឃៅ កាច​សាហាវ ឈាម​ត្រជាក់ មិន​ខ្វល់ខ្វាយ​ចំពោះ​មនុស្ស​រួម​ជាតិ​ជាមួយគ្នា​ទាំងនេះ ត្រូវបាន​មន្ត្រី​អង្គការសហប្រជាជាតិ និយាយថា ទង្វើ​ដ៏​សែន​ឃោរឃៅ​ទាំងនោះ ចូលក្នុង​បទល្មើស​ឧក្រិដ្ឋកម្ម​លើ​មនុស្សជាតិ និង​អាចមាន​ឱកាស​ត្រូវ​ចាប់ខ្លួន បញ្ជូន​ឡើង​តុលាការអន្តរជាតិ។

ជា​ឧទាហរណ៍ គឺ​ប្រទេស​យូ​ហ្គោ​ស្លា​វី…ក្រោយពី​ប្រទេសមួយ​នេះ​បែកខ្ចាយ ក្លាយជា​រដ្ឋតូចៗមក មេដឹកនាំ​ស៊ើ​បៀ យ៉ាងតិច ៣រូប ត្រូវបាន​តុលាការអន្តរជាតិ កាត់ក្ដី​ថា ជា​ឧក្រិដ្ឋជន​សង្គ្រាម និង​ជា​ឧក្រិដ្ឋកម្ម​លើ​មនុស្សជាតិ ហើយ​ក្នុងនោះ មាន​ម្នាក់ មិនអាច​ទ្រាំទ្រ​នឹង​ទោស​ជាប់គុក ១ជីវិត​បាន ក៏​សម្រេចចិត្ត​ធ្វើអត្តឃាត​នៅក្នុង​គុក ព្រោះ​គិត​មើល​ហើយ ប្រហែលជា​គ្មាន​ថ្ងៃ​បាន​រួចខ្លួន​ចេញទៅ​វិញ​ឡើយ។

មេទ័ព និង​នាយទាហាន​មី​យ៉ាន់​ម៉ា ក៏មាន​ឱកាស​ដូចគ្នា ក្នុងការ​បាន​ឡើងទៅ​តុលាការអន្តរជាតិ​នេះដែរ ដោយ​នឹងត្រូវ​មានទោស ជាប់គុក​អស់ ១ជីវិត ដូច្នេះ​ការព្យាយាម​របស់​ភាគី​ជាច្រើន ដែល​ចង់ឱ្យ​កងទ័ព​ប្រគល់​អំណាច​រដ្ឋ​ឱ្យមក​វិញ​នោះ ជា​រឿង​ដែល​មិនអាច​កើតឡើង​បានឡើយ ទោះ​ជាមាន​អាវុធ​ច្រើន​មែន តែ​នៅ​មិនទាន់​ទូលំទូលាយ​នៅឡើយ។

ភ័ស្តុតាង​ផ្សេងទៀត ដែល​បង្ហាញឱ្យឃើញ​នោះ​គឺ ស្នាម​គ្រាប់កាំភ្លើង ដែល​ទាហាន និង​ប៉ូលិស បាន​បាញ់​ទៅលើ​ក្រុមបាតុករ​តវ៉ា​នោះ គឺជា​ការ “បាញ់​ដើម្បី​សម្លាប់” មិនមែនជា​ការបាញ់​ដើម្បី​បង្ក្រាប ដូចដែល​បាន​អះអាង​នោះទេ។

ដូច្នេះហើយ ទើប​គណៈ​រដ្ឋប្រហារ កំពុងស្ថិត​ក្នុងស្ថានភាព​ឈាម​ចូល​ភ្នែក ខ្នង​ទល់​ជញ្ជាំង ថយ​លែង​បាន និង​យល់ព្រម​ប្រគល់​អំណាច​ឱ្យ​វិញ ក៏​មិនបាន ព្រោះ​ខ្លាច​ទោសទណ្ឌ​ធ្ងន់ធ្ងរ ដូច្នេះ​ត្រូវតែ​ដាក់​បាវ​ខ្សាច់​បាញ់សម្លាប់​អ្នកស្រុក ដើម្បី​គ្រប់គ្រង​ស្ថានការណ៍ បញ្ឈប់​ការដើរ​ក្បួន​ធ្វើបាតុកម្ម​តតាំង​ទាំងនោះ​ឱ្យបាន។

វិធានការ​សាហាវឃោរឃៅ ធ្វើឱ្យ​ប្រជាជន​ភ័យខ្លាច​ការ​ត្រូវ​បាញ់សម្លាប់​នេះ បាន​កើតមានឡើង​ជាប់​រហូត ហើយ​មេទ័ព​មី​យ៉ាន់​ម៉ា ក៏​កំពុង​ភ័យខ្លាច​បាត់បង់​ផលប្រយោជន៍​ពី​ធុរកិច្ច សម្បទាន​ព្រៃឈើ ធនធានធម្មជាតិ​ដ៏​ច្រើន​មហាសាល សាង​ភាពមានបាន រហូតដល់​ហ៊ាន​បំភ្លេច​ភារកិច្ច​សំខាន់ និង​ហ៊ាន​សម្លាប់​ប្រជាជន​ខ្លួនឯង ដើម្បី​ក្ដោប​ក្ដាប់​អំណាច​ឱ្យបាន។

ស្ថានការណ៍​ដែល​កំពុង​កើតឡើង​នេះ គ្មាន​នរណា​អាច​មើល​ដឹងថា វា​នឹង​បញ្ចប់​យ៉ាងណា​ឡើយ…តើ​ប្រជាជន​មី​យ៉ាន់​ម៉ា នឹងត្រូវ​ស្លាប់​អស់​ច្រើន​ប៉ុន្មាន​ទៀត? ដើម្បីឱ្យ​ពួក​ទាហាន​មី​យ៉ាន់​ម៉ា​រក្សា​អំណាច​របស់ខ្លួន​បាន។ ប្រជាជន មាន​គោលការណ៍ ៣ប្រការ​សម្រាប់​ការតស៊ូ នោះ​គឺ ការដើរ​ជា​ក្បួន​តវ៉ា ការផ្អាក​ធ្វើការ​ងារ និង​ការតស៊ូ​ដោយ​រដ្ឋបាល​ភៀសខ្លួន។

ការតស៊ូ​ប្រយុទ្ធ អាច​ក្លាយជា​សង្គ្រាម​ក្នុងស្រុក ឬ​សង្គ្រាម​ស៊ី​វី​ល​មួយ ព្រោះ​យ៉ាងហោចណាស់ ក៏មាន​ក្រុម​ជាតិ​សាសន៍ កុលសម្ព័ន្ធ មាន​កងកម្លាំង​បំពាក់អាវុធ គឺ​ក្រុម​ថៃ​យ៉ៃ ក្រុម​កា​ឈី​ន និង​ក្រុម​កា​រៀង ដែល​បានចាប់ផ្ដើម​បើកឆាក​សង្គ្រាម វាយ​ប្រយុទ្ធ​ជាមួយ​កងទ័ព​មី​យ៉ាន់​ម៉ា​រួចហើយ ដើម្បី​ការពារ​ប្រជាជន​របស់​ពួកគេ ឱ្យ​រួច​ផុតពី​ការជិះជាន់​សង្កត់សង្កិន និង​សម្លាប់។

នៅពេល​ប្រឈម​នឹង​កម្លាំង​សម្ពាធ​ដ៏​ខ្លាំង​នេះ ទាហាន​មី​យ៉ាន់​ម៉ា បាន​ជំរុញ​វិធានការ​ឃោរឃៅ​កាន់តែខ្លាំង​ឡើង ដូច​ជាការ​ដេញតាម​ចាប់ខ្លួន​សកម្មជន និង​អ្នកប្រឆាំង​តវ៉ា នៅពេល​យប់ នៅតាម​ផ្ទះសំបែង សាង​អាណាចក្រ​នៃ​ក្ដី​ភ័យខ្លាច​ឡើង ដើម្បី​បំភិតបំភ័យ និង​បំបាក់ស្មារតី កម្លាំងចិត្ត​របស់​ប្រជាជន​ដែល​នៅតែ​ប្រឆាំង និង​ធ្វើបាតុកម្ម​តវ៉ា​ទូទាំងប្រទេស។

ថ្មីៗនេះ មាន​ប៉ូលិស ព្រមទាំង​ក្រុមគ្រួសារ​របស់​ពួកគេ ប្រមាណ​ជាង ៤០០នាក់ បាន​ភៀសខ្លួន​ចូលទៅក្នុង​ប្រទេស​ឥណ្ឌា ដើម្បី​សុំ​ជ្រកកោន។ រដ្ឋការ​មី​យ៉ាន់​ម៉ា បាន​អំពាវនាវ​ឱ្យមាន​ការបញ្ជូន​អ្នក​ទាំងនោះ ត្រឡប់មកវិញ តែ​មិន​ទទួលបាន​លទ្ធផល​ឡើយ ព្រោះ​ខាង​ប្រទេស​ឥណ្ឌា នៅ​មិនទាន់មាន​ចំណាត់ការ​លើ​រឿងនេះ​នៅឡើយ និង​នៅមាន​ក្រុមផ្សេងៗទៀត បាននិងកំពុង​នាំគ្នា​សុំ​ឆ្លង​ព្រំដែន ភៀសខ្លួន​ទៅ​ជ្រកកោន​ថែមទៀត​ជាច្រើន៕

ប្រភព៖ សា​ព័ត៌មាន​បរទេស

ប្រែ​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.