ជប៉ុន​៖ រដ្ឋបាល​ជប៉ុន បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ ដែល Line Application បណ្ដាញ​ទំនាក់​ទំនាក់​ដ៏​ពេញនិយម អនុញ្ញាតឱ្យ​វិស្វករ​របស់​ក្រុមហ៊ុន IT ក្នុងប្រទេស​ចិន អាច​ចូលដល់​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ជនជាតិ​ជប៉ុន​បាន។

Line បាន​ជួល​ក្រុមហ៊ុន​របស់​ចិន ឱ្យធ្វើ​ការអភិវឌ្ឍ​តិច​ណូ​ឡូ​ជី បញ្ញា​សិប្បនិម្មិត ឬ AI ដោយ​វិស្វករ​របស់​ចិន បាន​ចូលដល់​ទិន្នន័យ​ផ្ទាល់​បុគ្គល​របស់​អ្នកប្រើប្រាស់ Line ទាំង​ឈ្មោះ​អ្នកប្រើប្រាស់ លេខ​ទូរស័ព្ទ អ៊ី​មេ​ល និង​សំណេរ​សារ ដែល​អ្នកប្រើប្រាស់​បាន​រាយ​ការណ៍​ថា ជា​រឿង​មិន​ត្រឹមត្រូវ តែ​ការ​ចូលដល់​នោះ មិនអាច​អាន​សំណេរ​សារ ឬ​រូបភាព​ដែល​សន្ទនា​គ្នា​បានទេ ព្រោះ​មានការ​ដាក់​លេខ​កូដ​ការពារ។

ការចូល​ដល់​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​នេះ បាន​កើតឡើង​តាំងពី​ពាក់កណ្ដាល​ឆ្នាំ2018 ដោយ Z Holdings ដែលជា​ក្រុមហ៊ុនមេ របស់ Line នៅក្នុង​ប្រទេស​ជប៉ុន បាន​អះអាងថា មិនមាន​ការប្រើប្រាស់​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ក្នុង​ផ្លូវ​មិន​សមរម្យ​នោះទេ និង​បាន​រារាំង​ការចូល​ដល់​ទិន្នន័យ​របស់​ក្រុមហ៊ុន IT នៅក្នុង​ប្រទេស​ចិន​តាំងពី​ខែកុម្ភៈ​មកម្ល៉េះ។

លោក ខាត់​ស៊ឺ​ណូ​ប៊ុ ខា​តូ លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន បានចង្អុលបង្ហាញ​ថា លោក​នឹងធ្វើ​ការត្រួតពិនិត្យ​អំពី​រឿងនេះ ព្រោះថា ករណីនេះ តាមច្បាប់​ឃុំគ្រង​ភាព​ឯកជន​ផ្ទាល់ខ្លួន​របស់​ជប៉ុន បានកំណត់​ទុក​ថា ការដែល​ទិន្នន័យ​ផ្ទាល់​បុគ្គល​របស់​អ្នកប្រើប្រាស់ នឹងត្រូវ​ផ្ទេរ​បន្តទៅ​ក្រៅប្រទេស​បាន​នោះ ត្រូវតែ​បានទទួល​ការយល់ព្រម​ពី​អ្នកប្រើប្រាស់​ជាមុនសិន។

អ្នកជំនាញការ​ផ្នែក​សុវត្ថិភាព​របស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា បាន​បញ្ជាក់ថា ការដែល​ក្រុមហ៊ុន ដែល​ទទួល​ធ្វើ​ការងារ​នៅក្រៅ​ប្រទេស អាច​ចូលដល់​ឈ្មោះ​អ្នកប្រើប្រាស់ និង​លេខ​ទូរស័ព្ទ​បែបនេះ វា​សាង​នូវ​ភាព​ប្រឈម​យ៉ាងខ្លាំង ជាពិសេស​នៅក្នុង​ប្រទេស​ចិន ដែល​ច្បាប់​បាន​បើក​ចន្លោះប្រហោង ឱ្យ​អាច​រួបរួម​ទិន្នន័យ​ផ្ទាល់​បុគ្គល​បាន​ទូលំទូលាយ ខ្លាំង​ជាង​ក្នុងប្រទេស​ប្រជាធិបតេយ្យ​ដូចជា​ជប៉ុន​ទៅទៀត។

ទាំងអស់នេះ Line មាន​អ្នកប្រើប្រាស់​ប្រមាណ​ជាជាង ៨៦លាន​នាក់​នៅក្នុង​ប្រទេស​ជប៉ុន នេះ​ជា Application ដែល​បានទទួល​ការពេញនិយម​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ថៃ តៃវ៉ាន់ ឥណ្ឌូនេស៊ី តែ​នៅ​មិនទាន់មាន​ទិន្នន័យ​ថា តើ​ក្រុមហ៊ុន​អៃ​ធី របស់​ចិន បាន​ចូលដល់​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេសផ្សេងៗទៀត​ដែរឬទេ​នោះ​នៅឡើយ។

Z Holdings ជា​ក្រុមហ៊ុនមេ របស់ Line បានតែងតាំង​គណៈកម្មកា​រ​ផ្ទៃក្នុង​មួយ​ឡើង ដើម្បី​ត្រួតពិនិត្យ​អំពី​រឿងនេះ និង​កែខៃ​ស្ថានការណ៍​ឱ្យបាន​ត្រឹមត្រូវ​ឡើងវិញ៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.