ជប៉ុន៖ នាយករដ្ឋមន្ត្រី​ជប៉ុន ចូល​ទទួលយក​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ដើម្បី​ត្រៀមខ្លួន​ធ្វើដំណើរ​ទៅ​ជួប​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន នៅឯ​សហរដ្ឋអាមេរិក នា​ដើមខែ​មេសា ខណៈ​ក្នុង​ថ្ងៃ​ជាមួយគ្នា រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស និង​រដ្ឋមន្ត្រីការបរទេស​របស់​សហរដ្ឋអាមេរិក ទៅដល់​ប្រទេស​ជប៉ុន និង​ជួបពិភាក្សា​អំពី​បញ្ហា​ចិន​ពង្រីក​ឥទ្ធិពល។

លោក យ៉ូ​ឈិ​ហ៊ី​ដេ ស៊ូ​ង៉ៈ វ័យ ៧២ឆ្នាំ បាន​ចូល​ទទួលយក​ការចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រ នៅឯ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ក្នុង​តំបន់​ស៊ីន​ជូ​គុ ក្នុង​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃទី១៦ មីនា ដោយ​លោក​បាន​ថ្លែង​បង្ហាញ​ពី​អារម្មណ៍​ថា “នឹកស្មានថា​ឈឺ តែ​ការពិត អត់​មាន​ឈឺ​អី​សោះ គ្រប់យ៉ាង​រលូន​ល្អ…”

មេដឹកនាំ​ជប៉ុន នៅបាន​បញ្ជាក់ទៀតថា លោក​បានដឹង​ច្បាស់​អំពី​ភាពចាំបាច់ ដែល​ត្រូវតែ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន ឱ្យបាន​ច្រើន​បំផុត ដោយ​លឿន​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន

លោក​ស៊ូ​ង៉ៈ នឹង​ចូល​ទទួល​វ៉ាក់សាំង​ម្ជុល​ទី២ ក្នុង​រយៈពេល ៣សប្ដាហ៍​ខាងមុខ​ទៀត មុននឹង​ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី៩ មេសា ដោយ​លោក​នឹង​ក្លាយជា​មេដឹកនាំ​បរទេស​ដំបូង​គេ ដែល​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ក្រោយ​ចូល​ទទួល​តំណែង​មេដឹកនាំ​សហរដ្ឋអាមេរិក។

បើតាម​ការកំណត់​កាលបរិច្ឆេទ លោក​ស៊ូ​ង៉ៈ នឹង​ស្ថិតនៅក្នុង​ក្រុមមនុស្ស​ចាស់ ដែល​នឹង​បានទទួល​វ៉ាក់សាំង​កូ​វីដ ក្រោយ​ថ្ងៃទី១២ មេសា តែ​លោក​ត្រូវ​ចូល​ទទួលយក​វ៉ាក់សាំង​មុនពេល​កំណត់ ដោយសារតែ​ត្រូវធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក ក្រៅពីនេះ ក្រុម​គណៈប្រតិភូ​អម​មេដឹកនាំ​ជប៉ុន ប្រមាណ​ជា ៨០-៩០នាក់ ដែល​នឹងត្រូវ​ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក​ដែរនោះ ក៏​នឹងត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ ទាំងអស់គ្នា មុនពេល​ចេញដំណើរ​ដូចគ្នា។

ជប៉ុន-សហរដ្ឋអាមេរិក ពិភាក្សា​ទប់ទល់​ចិន រដ្ឋមន្ត្រី​ការពារ​ប្រទេស-ការបរទេស បើកផ្លូវ​ទស្សនកិច្ច

លោកនាយក​រដ្ឋមន្ត្រី យ៉ូ​ឈិ​ហ៊ិ​ដេ ស៊ូ​ង៉ៈ នឹង​ជួបពិភាក្សា​ជាមួយ​លោក​ចូ បៃ​ដិ​ន ពាក់ព័ន្ធ​នឹង​ការពង្រីក​សក្ដានុពលរ​បស់​ប្រទេស​ចិន ជាពិសេស​ករណី​បណ្ដុំ​កោះ​សេង​កា​គុ ឬ​ខាង​ប្រទេស​ចិន​ហៅថា បណ្ដុំ​កោះតៀវ​អ៊ី ដែល​ចិន​បាន​កែច្នៃ “ច្បាប់​ការពារ​គ្រោះភ័យ​ខាង​សមុទ្រ” បើកផ្លូវ​ឱ្យ​នាវា​ល្បាត​របស់​ចិន អាច​ប្រើប្រាស់​អាវុធ​បាន បើសិន​រកឃើញ​ការ​រុករាន​របស់​នាវា​បរទេស​ណាមួយ។

ប្រទេស​ជប៉ុន​បារម្ភ​ថា ច្បាប់​មួយ​នេះ អាចធ្វើឱ្យ​កើត “ហេតុការណ៍​មិន​នឹកស្មាន​ដល់” ពី​ការប៉ះទង្គិច​គ្នា ដោយសារតែ​នាវា​របស់​ចិន បាន​ចូលមកក្នុង​ដែនទឹក​នៃ​តំបន់​វិវាទ​ទាំងនោះ ជាប្រចាំ និង​អង្គភាព​ការពារ​ឆ្នេរ​របស់​ជប៉ុន មិនអាច​ប្រើប្រាស់​អាវុធ​បាន។

ជប៉ុន​ត្រូវ​ការឱ្យ​សហរដ្ឋអាមេរិក​អះអាងថា តំបន់​បណ្ដុំ​កោះ​សេង​កា​គុ ស្ថិតនៅក្នុង​កិច្ចព្រមព្រៀង​សន្តិសុខ ដែល​សហរដ្ឋ​នឹង​ជួយ​ឃុំគ្រង​ជប៉ុន បើសិន​ត្រូវ​ឈ្លានពាន​ដោយ​បរទេស រួមទាំង​កសាង​តំបន់ “ឥណ្ឌូ-ប៉ា​ស៊ី​ហ្វ៊ិ​ក​ដែល​សេរី និង​បើកទូលាយ” ដែលជា​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត ក្នុងការ​តតាំង​នឹង​ការពង្រីក​ឥទ្ធិពល​របស់​ចិន។

ក្រៅពីនេះ មេដឹកនាំ​ទាំង ២ប្រទេស នឹង​ពិភាក្សាគ្នា​បន្ថែម រឿង​កូរ៉េខាងជើង ទាំង​រឿង​ការចាប់​ពង្រត់​ជនជាតិ​ជប៉ុន និង​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ របស់​រដ្ឋបាល​លោក​គីម ជុង​អ៊ុន។

កាលពី​ថ្ងៃទី១៦ មីនា លោក​អ៊ែន​ថូ​នី ប្ល៊ី​ង​ខេន រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក និង​លោក​ឡយ​ដ៍ អូ​ស្ទី​ន រដ្ឋមន្ត្រី​ការពារ​ប្រទេស បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​តូ​ក្យូ និ​បាន​ជួបពិភាក្សា​ជាមួយ​លោក​ថូ​ឈិ​មី​ត​ស៊ឹ ម៉ូ​តេ​ងិ រដ្ឋមន្ត្រីការបរទេស​ជប៉ុន និង​លោក​ណូ​ប៊ូ​អូ ឃិ​ឈិ រដ្ឋមន្ត្រី​ការពារ​ប្រទេស។

ឯកសារ ដែល​ចេញ​ក្រោយ​កិច្ចប្រជុំ បាន​បញ្ជាក់ថា ជប៉ុន និង​សហរដ្ឋអាមេរិក បាន​អះអាង​រួមគ្នា​ជាថ្មី​ម្ដងទៀត អំពី​ការប្រកាន់​គោលជំហរ​របស់​ពួកគេ ចំពោះ​ភូមិភាគ​ឥណ្ឌូ-ប៉ា​ស៊ី​ហ្វ៊ិ​ក​ដែល​សេរី និង​បើកទូលាយ រហូតដល់​ភាព​មាន​របៀបរៀបរយ​រវាង​ប្រទេស ដែល​ស្ថិត​លើ​មូលដ្ឋានគ្រឹះ​នៃ​កតិកា​ច្បាប់។

ឯកសារ​នោះ បាន​បញ្ជាក់ថា ទង្វើ​របស់​ប្រទេស​ចិន ដែល​មិន​ស៊ីចង្វាក់​គ្នា​នឹង​ភាព​មាន​របៀបរៀបរយ​រវាង​ប្រទេស កំពុង​បង្ក​ឱ្យ​កើត​ចំណុច​សាកល្បង​ខាង​នយោបាយ សេដ្ឋកិច្ច យោធា និង​ខាង​តិច​និក ដល់​សម្ព័ន្ធមិត្ត​ជប៉ុន-សហរដ្ឋអាមេរិក និង​ដល់​សហគមន៍​ពិភពលោក និង​ថែមទាំង​បានបញ្ជាក់​ទៀតថា ជប៉ុន​ជាមួយ​សហរដ្ឋអាមេរិក ប្រឆាំង​រាល់​ទង្វើ​ណាមួយ ដែល​កាត់បន្ថយ​ស្ថិរភាព​របស់​ភូមិភាគ។

ឯកសារ​នេះ នៅបាន​បញ្ជាក់​អំពី​ក្ដី​វិតក្ក​កង្វល់ ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ចិន និង​ការពង្រីក​សក្ដានុពល​ខាង​សមុទ្រ​របស់​ចិន​ទៀតផង៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.