ប្រទេស​មី​យ៉ាន់​ម៉ា៖ កំពុង​ប្រឈម​នឹង​ការ​នៅ​ឯកោ​តែឯង​កាន់តែខ្លាំង​ឡើង ដោយ​កាលពី​ថ្ងៃទី១៨ មីនា​ម្សិលមិញ គណៈ​រដ្ឋប្រហារ បានចេញ​បញ្ជា​ឱ្យ​កម្រិត​ការបម្រើ​សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត និង​សារព័ត៌មាន​ឯកជន​ចុងក្រោយ​គេ​បង្អស់​របស់​ប្រទេស​នេះ បាន​បញ្ឈប់​ការបោះពុម្ពផ្សាយ។

លោកស្រី​អ៊ុង​សាន ស៊ូ​ជី ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព ត្រូវបាន​ផ្ដួលរំលំ និង​ត្រូវ​ចាប់ឃុំខ្លួន នៅក្នុង​ការធ្វើ​រដ្ឋប្រហា​រ​កាលពី​ថ្ងៃទី១ កុម្ភៈ ដែល​បាន​បង្ក​ឱ្យ​កើតការ​ប្រមូលផ្ដុំ​ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ា​ទូទាំងប្រទេស ដែល​កងកម្លាំង​សន្តិសុខ​របស់​គណៈ​រដ្ឋ​ប្រហារ បាន​ព្យាយាម​បង្ក្រាប​ដោយ​យុទ្ធវិធី​ហិង្សា​ធ្ងន់ធ្ងរ​កាន់តែខ្លាំងឡើង។

សមាគម​ជួយសង្គ្រោះ​អ្នកទោសនយោបាយ បាន​បញ្ជាក់ថា ចំនួន​អ្នកស្លាប់​នៅក្នុង​ហេតុការណ៍​ចលាចល បាន​កើន​ឡើងដល់ ២១៧នាក់ តែ​ចំនួន​អ្នកស្លាប់​ដែល​ពិតប្រាកដ អាច​ខ្ពស់ជាង​នេះ។

ប្រទេស​លោកខាងលិច បាន​ថ្លែង​ថ្កោលទោស​ការធ្វើ​រដ្ឋប្រហារ​នេះ និង​អំពាវនាវ​ឱ្យ​បញ្ឈប់​អំពើហិង្សា និង​ដោះលែង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី និង​មនុស្ស​ដទៃទៀត ខណៈដែល​ប្រទេសជិតខាង​ក្នុង​ទ្វីបអាស៊ី បាន​សំណូមពរ​ជួយ​រិះរក​វិធី​ដោះស្រាយ​វិបត្តិ​នេះ។

សេដ្ឋកិច្ច​ភាគច្រើន​របស់​ប្រទេស ដែល​រង​ផលប៉ះពាល់​ដោយសារ​ការឆ្លង​រាលដាល​របស់​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី បច្ចុប្បន្ន​បានក្លាយ​ទៅជា​ពិការ នៅ​ទ្រឹង​មួយកន្លែង ដោយសារ​បាតុកម្ម​ប្រឆាំង​តវ៉ា និង​ការ​តតាំង​យ៉ាង​សន្តិភាព តាមរយៈ​ការឈប់​ធ្វើការ ដែល​បាន​កើតឡើង​ដំណាលគ្នា ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​កង​ទ័ព ខណៈ​អ្នកវិនិយោគ​បរទេស​ជាច្រើន កំពុង​វាយតម្លៃ​ពី​ផែនការ​របស់​ពួកគេ។

អង្គភាព​ផ្នែក​ចំណីអាហារ របស់​អង្គការសហប្រជាជាតិ បាន​ដាស់តឿន​ក្នុង​សប្ដាហ៍​នេះ​ថា តម្លៃ​ម្ហូបអាហារ និង​ប្រេងឥន្ធនៈ ដែល​កើនឡើង​ទូទាំងប្រទេស អាច​បំផ្លាញ​សមត្ថភាព​របស់​ក្រុមគ្រួសារ​ក្រីក្រ ក្នុង​ការរក​ចិញ្ចឹម​ខ្លួន។

លោក តាន់ មីន អ៊ូ អ្នកប្រវត្តិសាស្ត្រ និង​ជា​អ្នកនិពន្ធ បាន​សរសេរ​នៅក្នុង​ប្រព័ន្ធ​ធ្វី​ត​ធើ​រថា “មិន​ថា​អ្វី​នឹង​កើតឡើង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ​ទេ តែ​សេដ្ឋកិច្ច​នឹង​ដួលរលំ ធ្វើឱ្យ​មនុស្ស​រាប់សិប​លាន​នាក់ ធ្លាក់ចូល​ទៅក្នុង​ស្ថានការណ៍​លំបាកលំបិន និង​ត្រូវការ​ការឃុំ​គ្រង​ការពារ​យ៉ាង​បន្ទាន់”

ខណៈដែល​កងកម្លាំង​សន្តិសុខ កំពុង​ព្យាយាម​បង្ក្រាប​ក្រុម​អ្នក​យល់ឃើញ​ផ្ទុយ​ពី​ពួកគេ នៅក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន និង​ទីក្រុងផ្សេងៗនោះ ការប្រមូលផ្ដុំខ្នាតតូចៗ ក៏​នៅតែ​ផ្ទុះឡើង​គ្រប់​ទីកន្លែង​គ្មាន​លោះ​ថ្ងៃ។

មនុស្សម្នា​ជាច្រើន​ពាន់​នាក់ បាន​ប្រមូលគ្នា​ដើរ​ជា​ក្បួន​នៅក្នុង​ទីក្រុង​ណា​ម៉ោះ តំបន់​ម៉ៈ​កេវ កាលពី​ថ្ងៃ​ម្សិលមិញ(ទី១៨មីនា) នេះ​បើតាម​របាយការណ៍​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Democratic Voice of Burma តែ​គ្មាន​របាយការណ៍​អំពី​ហេតុការណ៍​ហិង្សា​ណាមួយ​កើតឡើង​ឡើយ។

សកម្មជន​ម្នាក់ អាយុ ២៣ឆ្នាំ ដែល​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​កង​ទ័ព បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ (ទី១៧មីនា)គឺ៣ថ្ងៃ ក្រោយពី​រូបគេ ត្រូវបាន​ចាប់ខ្លួន និង​ត្រូវ​រង​ការវាយដំ នៅក្នុង​ទីក្រុង​ម៉ូ​ន​យ៉ៈ​វ៉ា។ នេះ​បើតាម​របាយការណ៍​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន អ៊ិ​រ៉ាវ​ឌី និង​មី​យ៉ាន់​ម៉ា ណាវ។

ទីស្នាក់ការ​សិទ្ធិមនុស្ស​សហប្រជាជាតិ ក្នុង​ទីក្រុង​ហ្សឺ​ណែវ បាន​ថ្លែង​នៅក្នុង​សប្ដាហ៍​នេះ​ថា របាយការណ៍​អំពី​ការ​វាយ​ធ្វើបាប​ក្នុងអំឡុងពេល​ឃុំខ្លួន ដែល​កើតឡើង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា គឺជា​រឿង​គួរ​សោកសៅ​ខ្លាំងណាស់។

អាជ្ញាធរ បាន​កម្រិត​ការបម្រើ​សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត ដែល​ក្រុមបាតុករ​ប្រើ​សម្រាប់​ទាក់ទង​ឆ្លើយឆ្លង​ព័ត៌មាន និង​សេវា​វ៉ា​យ​ហ្វា​យ នៅក្នុង​ទីតាំង​សាធារណៈ ត្រូវបាន​បិទ​ភាគច្រើន​នៅថ្ងៃនេះ។ អ្នករស់នៅ​ក្នុង​ទីក្រុង​មួយចំនួន រួមទាំង​ទីក្រុង​ថ្វាយ ភាគខាងត្បូង​ផង បាន​រាយការណ៍​ថា មិនមាន​សេវា​អ៊ី​ន​ធើ​ណិ​ត​ឡើយ។

អាជ្ញាធរ បាន​បញ្ជា​បិទ​សារព័ត៌មាន​មួយចំនួន និង​សារព័ត៌មាន​ខ្លះទៀត ត្រូវ​បង្ខំចិត្ត​ផ្អាក ដោយ​ហេតុផល​ផ្នែក​ឡូ​ជិ​ស្ទិ​កស៍ និង​សារព័ត៌មាន​ឯកជន​ចុងក្រោយ​គេ​បង្អស់ បាន​បញ្ឈប់​ការបោះពុម្ពផ្សាយ កាលពី​ថ្ងៃ​ពុធ (ទី១៧មីនា) តែ​សារព័ត៌មាន​របស់​រដ្ឋ​វិញ មិនបាន​រង​ផលប៉ះពាល់​អ្វី​ឡើយ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuter

ប្រែ​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.