សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន នៃ​សហរដ្ឋអាមេរិក “សុខ​សប្បាយ ១០០%” ក្រោយ​កើតហេតុ​ដើរទា​ក់ជើង​ដួល ប៊ិះ​ផ្កាប់មុខ ខណៈពេល​ដើរ​ឡើងជណ្ដើរ​យន្តហោះ​ប្រចាំ​តំណែង Air Force One ដើម្បី​ធ្វើដំណើរ​ទៅ អ៊ែត​លែ​នតា កាលពី​ថ្ងៃ​សុក្រ(ទី១៩មីនា)។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ទីរ​សេត​វិមាន អំពី​សុខភាព​របស់លោក​ប្រធានាធិបតី។

លោក​បៃ​ដិ​ន បាន​ដើរទា​ក់ជើង​ដួល ពេល​កំពុង​ដើរ​ឡើងជណ្ដើរ​យន្តហោះ​ប្រចាំ​តំណែង​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក។ បន្ទាប់ពី​ទាក់​ជើង​នឹង​កាំជណ្ដើរ​លើក​ទី១ លោក​បាន​ក្រោក​ឡើងវិញ​យ៉ាង​រហ័ស ហើយ​ឈាន​ជើង​ឡើងជណ្ដើរ​បន្តទៀត ប៉ុន្តែ បន្ទាប់ពីនោះ តែ ២កាំ លោក​ក៏​ទាក់​ជើង​នឹង​កាំជណ្ដើរ​ម្ដងទៀត និង​ព្យាយាម​ខាំមាត់​ក្រោក​ឡើង ដើរ​ឡើង​បន្តទៀត​យ៉ាង​ឆាប់រហ័ស តែ​អំឡុង​ពេលនោះ ក៏​កើត​អាការ​ទ្រេតទ្រោត​រកកល់​ដួល ក្បាល​ប៊ិះ​បោក​នឹង​កាំជណ្ដើរ សំណាងល្អ​ណាស់ ដែល​លោក​បាន​យក​ជង្គង់​ទប់ បាន​ទាន់ពេលវេលា។

ទីបំផុត លោក​បៃ​ដិ​ន ក៏​ក្រោក​ឡើងយឺតៗ ព្រមទាំង​យកដៃ​ទប់​ក្បាលជង្គង់ មុននឹង​ឈាន​ជើង​ឡើងជណ្ដើរ រហូតដល់​កាំ​លើ​បំផុត បន្ទាប់មក ក៏​បែរមក​លើកដៃ ជា​សញ្ញា​បា៎យ​បា៎យ ដាក់​អ្នក​ដែល​នៅ​ខាងក្រោម មុននឹង​ដើរចូល​ទៅក្នុង​យន្តហោះ​យ៉ាង​ប្រញាប់ប្រញាល់។

កញ្ញា​ឃែ​រី​ន ហ្ស​ង់  ពី​អ៊ែរ លេខាធិការ​រង​ផ្នែក​ព័ត៌មាន របស់​មន្ទីរ​សេត​វិមាន បានផ្ដល់​សម្ភាស​ជាមួយ​ក្រុម​អ្នកយកព័ត៌មាន នៅក្នុង​យន្តហោះ Air Force One ខណៈ​កំពុងធ្វើដំណើរ ឆ្ពោះទៅ​អ៊ែត​លែ​នតា ថា “ដូច​លោកអ្នក​បានដឹង​ហើយ នៅ​ខាងក្រៅ​ខ្យល់​ខ្លាំងណាស់ ខ្ញុំ​ខ្លួនឯង ក៏​ប៊ិះ​នឹង​ទាក់​ជើង​ដួល ពេល​ឡើងជណ្ដើរ​ដូចគ្នា…តែ​អី​លូវ លោក​ប្រធានាធិបតី សុខ​សប្បាយ ១០០%”

កញ្ញា​ហ្ស​ង់​ពី​អ៊ែរ មិនបាន​បញ្ជាក់ថា តើ​ការទា​ក់ជើង​ដួល​ក្នុង​គ្រានោះ ធ្វើ​ឱ្យជើង​របស់លោក​បៃ​ដិ​ន ដែល​ទើបតែ​ប្រេះ​ឆ្អឹង ការ​ពី​ពេលថ្មីៗកន្លងមក​នោះ មាន​អាការ​ឈឺចាប់​រើ​ឡើងវិញ ឬ​យ៉ាងណា​នោះឡើយ “លោក​សុខ​សប្បាយ​ជាធម្មតា អ្វីដែល​ខ្ញុំ​អាច​ប្រាប់​អ្នក​បាន គឺ​លោក​ប្រធានាធិបតី មិន​អី​ទេ លោក​កំពុង​ត្រៀមខ្លួន​សម្រាប់​ការធ្វើដំណើរ​នៅថ្ងៃនេះ”៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន CNN

 ប្រែ​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.