ភ្នំពេញ៖ សត្វ​ទន្សោង ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​ជិត​ពូជ​នៅលើ​ពិភពលោក។ ចំនួន​សត្វ​ទន្សោង​បាន​ថយចុះ​យ៉ាងច្រើន​ក្នុង​រយៈពេល​ពីរ​បី​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយសារ​ការបាត់បង់​ទីជម្រក និង​ការ​បរបាញ់​យក​សាច់ និង​ស្នែង។

យោងតាម​ទិន្នន័យ​របស់​អង្គការ IUCN ចំនួន​សត្វ​ទន្សោង​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​នៅសល់​ប្រមាណ ៤,០០០ក្បាល នៅលើ​ពិភពលោក។ សត្វ​ទន្សោង​នៅ​ទូទាំងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ទំនង​ជាមាន​តិចជាង ១,៥០០ក្បាល។

បើតាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានឱ្យដឹងថា សង្កេតឃើញថា​នៅក្នុង​ដែនជម្រកសត្វព្រៃ​នានា នៅ​កម្ពុជា​ប្រភេទ​សត្វ​កម្រ​មួយចំនួន​មាន​កំណើន​ឡើង​ក្នុងនោះ​សត្វ​ទន្សោង​នៅក្នុង​ដែនជម្រកសត្វព្រៃ​នៅ​ព្រះវិហារ ហើយ​តំបន់​ខ្លះ​មាន​ចំនួន​នៅ​ឋិតថេរ និង​ខ្លះ​មានការ​ថយចុះ។ សត្វ​ដែល​ឃើញ​មានការ​កើន​ដែរ​ដូចជា​សត្វ​ជ្រូកព្រៃ និង​ប្រភេទ​សត្វ​មួយចំនួនទៀត។ កំណើន​វត្តមាន​សត្វព្រៃ​នៅក្នុង​តំបន់ការពារធម្មជាតិ​នេះ ដោយសារតែ​លទ្ធផល​នៃ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ព្រៃឈើ​ដែលជា​ជម្រក​របស់​ព​ពួ​ល​សត្វព្រៃ​មាន​ភាពប្រសើរឡើង ការអនុវត្ត​ច្បាប់​កាន់​តែមាន​ប្រសិទ្ធភាព។

ទន្ទឹមនឹង​នេះដែរ លោក​បានបង្ហាញ​ក្តី​ព្រួយបារម្ភ​ថា អន្ទាក់​ដែលជា​ឃាតក​លាក់​មុខ​សម្លាប់សត្វ​ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស សត្ត​រក្ស និង​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​បាន​ចូលរួម​ដោះ និង​កម្ទេចចោល។ សត្វព្រៃ​ជាច្រើន​ពាន់​ក្បាល​ត្រូវបាន​ជួយសង្គ្រោះ​និង​ដោះលែង​ចូល​ក្នុងព្រៃ​ធម្មជាតិ​វិញ ហើយ​សត្វព្រៃ​មួ​ុ​យ​ចំនួន​ដែលមាន​សុខភាព​មិនល្អ ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​ដៃគូរ​ដើម្បី​ថែរក្សា​ព្យាបាល​ឱ្យ​ជាមាន​សុខភាព​ល្អ ទើប​ប្រលែង​ចូល​ក្នុងព្រៃ​ធម្មជាតិ​ដែល​ជាទី​សុវត្ថិភាព។ ឆ្នាំ២០២០កន្លងទៅ អន្ទាក់​ជិត ៥០,០០០ ត្រូវបាន​ដោះចេញ​ពី​ក្នុង​តំបន់​ព្រៃ​អភិរក្ស។

ក្នុងនាម​ស្ថាប័ន​អ្នក​អភិរក្ស​ធនធានធម្មជាតិ និង​អង្គការ​ដៃគូ​ដែល​បាន​សហការគ្នា​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូបនេះ បាន​បញ្ជាក់ថា ពិត​ជាមាន​មោទកភាព​ដែល​ឃើញ​វត្តមាន​សត្វព្រៃ​កើនឡើង​នៅក្នុង​តំបន់ការពារធម្មជាតិ។ នេះ​គឺជា​លទ្ធផល​នៃ​កិច្ចប្រឹងប្រែង​រួមគ្នា​ពី​សំណាក់​មន្ត្រី​នៃ​ក្រសួងបរិស្ថាន អង្គការ​ដៃគូ ដៃគូ​អភិវឌ្ឍន៍ សហគមន៍​តំបន់ការពារធម្មជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែល​បាន​ពួតដៃគ្នា​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​ដោយ​ឈរលើ​មូលដ្ឋាន​អនុវត្ត​ច្បាប់​ជា​ធរមាន ការ​រួមគ្នា​ទទួលខុស​ត្រូវ និង​ជា​កិច្ចសហការ​ប្រកបដោយ​ភាពស្មោះត្រង់ និង​ស្ថាបនា។

ជាមួយនឹង​វត្តមាន​សត្វ​ទន្សោង​ជាង ១,៥០០ក្បាល​នេះ លោក នេត្រ ភក្ត្រា ក៏​សូម​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ សូម​ចូលរួម​ទាំងអស់គ្នា​ដើម្បី​បញ្ឈប់​ការ​បរ​បា​គ់​សត្វព្រៃ ការដាក់​អន្ទាក់​សត្វព្រៃ បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ ការប្រើប្រាស់​ផលិតផល​ពី​សត្វព្រៃ ការជួញដូរ​សត្វព្រៃ​គ្រប់​ប្រភេទ ហើយ​មក​ចូលរួម​ការពារ និង​ថែរក្សា​ធនធានធម្មជាតិ​របស់​កម្ពុជា​ឲ្យ​នៅ​ស្ថិតស្ថេរ​សម្រាប់​អនាគត​យើង និង​កូនចៅ​យើង​ទាំងអស់។

តាម​លោក នេត្រ ភក្ត្រា បាន​អះអាងថា សកម្មភាព​ទាំងនេះ​នឹង​ជួយ​ការពារ​ទាំង​សុខភាព សុខមាលភាព​របស់​ម​នុស្ស និង​សត្វ​ជីវចម្រុះ ព្រម​បរិស្ថាន​ទាំងអស់​ដែល​នៅ​ជុំវិញ​យើង ក៏ដូចជា​ចូលរួម​ទប់ស្កាត់ ហានិភ័យ​នៃ​ការបាត់បង់​ជីវៈចម្រុះ និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម។ ដើម្បី​អនាគត​មនុស្សជាតិ យើង​ត្រូវ​រួមគ្នា​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ។

ដោយឡែក​កាលពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ថ្មី ហ្វូង​សត្វ​ទន្សោង​ជាង១០ក្បាល ត្រូវបាន​ថត​ជាប់​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ក្នុង​ដែនជម្រកសត្វព្រៃ​ក្នុង​ខេត្តព្រះវិហារ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.