ចិន៖ កាលពី ៨ឆ្នាំមុន កិច្ចប្រជុំ​ក្នុង​ប្រធានបទ​ដ៏​វែង​អន្លាយ​មួយ​ស្ដីពី “ខ្លឹមសារ​ដែល​ពាក់ព័ន្ធ និង​ចំណុច​ពិចារណា នៃ​ផែនការ​កែសម្រួល​ស្ថាប័ន និង​ការធ្វើការងារ​របស់​ស​ភា​នៃ​រដ្ឋ” របស់​សភា​ប្រជាជន​នៃ​ប្រជា​ជាតិចិន ដែលជា​កិច្ចប្រជុំ​សម័យ​ទី១២ បាន​ក្លាយជា​ព័ត៌មាន និង​ទទួលបាន​ការចាប់អារម្មណ៍​ពី​សាធារណជន​យ៉ាងច្រើន​លើសលប់ និង​មិន​គួរឱ្យ​ជឿ។

ប្រាកដ​ណាស់! មិនមែន​មកពី​ខ្លឹមសារ​របស់​កិច្ចប្រជុំ​នោះទេ តែ​ដោយសារតែ​អ្នកបកប្រែ​ស្រី​ស្អាត​ម្នាក់ ដែលមាន​ឈ្មោះថា ចាង​ជី​ង ហ្នឹងឯង ដែល​មកដល់​ថ្ងៃនេះ នាង​បាន​វិល​មក​ល្បីល្បាញ​ជាថ្មី​ម្ដង​ទៀតហើយ…។

ចាង​ជី​ង ជា​អ្នកស្រុក​ហាំង​ចូ ចាប់​ផ្ដើមចេញ​ពន្លឺ​លេចធ្លោ​ឡើង ដោយសារ​ការរៀន​ផ្នែក​ភាសាបរទេស នៅ​មហាវិទ្យាល័យ ក្នុងស្រុក​កំណើត រហូត​ត្រូវបាន​ជ្រើសរើស ឱ្យទៅ​សិក្សា​បន្ត​នៅឯ​ស្ថាប័ន​ការសិក្សា​ដ៏​ល្បីល្បាញ​មួយ ជា​មហាវិទ្យាល័យ​ទំនាក់ទំនង​អន្តរជាតិ ស្ថិតនៅក្នុង​ទីក្រុង​ប៉េកាំង ដែល​តែងតែ​ជ្រើសរើស​ចម្រាញ់​យកតែ​និស្សិត​ណា ដែលមាន​ភាពលេច​ធ្លោ​ជាពិសេស​ផ្នែក​ភាសា ចំនួន ២០០នាក់ ពី​ទូទាំងប្រទេស ឱ្យមក​សិក្សា​បន្ត ដើម្បី​បំពេញ​តួនាទី​លើ​ផ្នែក​ការបរទេស​របស់​រដ្ឋ​បាល​ចិន ហើយ​ចាង​ជី​ង ក៏​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​នោះដែរ។

លក្ខណសម្បត្តិ​ផ្ទាល់ខ្លួន របស់​ចាង​ជី​ង អាច​និយាយបានថា មាន​ភាព​លេចធ្លោ មក​តាំងពី​សម័យ​ជា​និស្សិត​ស្រាប់​ទៅហើយ និង​ក្លាយ​ជាទីគោរព​រាប់អាន​របស់​សិស្ស​ជំនាន់​ប្អូន​ជាច្រើន ហើយ​ថែមទាំង​ធ្លាប់បាន​ចូលរួម​ប្រកួតប្រជែង​ជំនាញ​ផ្នែក​ភាសា រហូត​ទទួលបាន​រង្វាន់​លំដាប់​ថ្នាក់ជាតិ​រួចមកហើយ​ជាច្រើន​ដង រួមទាំង​ការ​ដណ្ដើមបាន​រង្វាន់ ការ​ថ្លែង​សុន្ទរកថា ជា​ភាសា​អង់គ្លេស កាលពី​សម័យ​នៅ​ជា​និស្សិត​ទៀតផង។

រហូត​នៅពេល​បានទទួល​ការដាក់បញ្ចូល​ឈ្មោះ​ជា​មន្ត្រី​របស់​រដ្ឋបាល​ចិន ចាង​ជី​ង ក៏បាន​បង្ហាញ​នូវ​ភាពលេច​ធ្លោ ក្នុងការ​បំពេញ​តួនាទី នៅក្នុង​កិច្ចប្រជុំ​ក្នុង​កម្រិត​អន្តរជាតិ រហូត​លេចចេញ​ជា​ព័ត៌មាន ទាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​ខ្លួនឯង និង​ក្នុង​សារព័ត៌មាន​អន្តរជាតិ​ទៀតផង។

រហូតមកដល់​ថ្ងៃនេះ ឈ្មោះ​ចាង​ជី​ង បាន​វិល​ត្រឡប់មក​ក្លាយជា​ព័ត៌មាន​ល្បីល្បាញ​ជាថ្មី​ម្ដងទៀត ជាមួយ​ការបំពេញ​តួនាទី ជា​អ្នកបកប្រែ​នៅក្នុង​កិច្ចប្រជុំ​ពាណិជ្ជកម្ម​កំពូល រវាង​ចិន និង​សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ ឃ្លី​ប ដែល​ចាង​ជី​ង​បំពេញ​តួនាទី ដែលមាន​អ្នកទស្សនា​នៅក្នុង​ប្រទេស​ចិនដីគោក​រាប់សិប​លាន​ដង និង​រឿងរ៉ាវ ជាមួយ​រូបភាព​របស់​នាង ថែមទាំង​ត្រូវបាន​បង្ហាញឡើង​នៅក្នុង​ប្រ​ព្ធ័​ន្ធ​ផ្សព្វផ្សាយ​បរទេស​ជាច្រើន​ផងដែរ។

នៅក្នុង​បទ​សម្ភាស​មួយ ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន ចាង​ជី​ង បាន​ប្រាប់ថា នាង​គ្រាន់តែ​ជា​ជន​ជាតិចិនធម្មតាៗម្នាក់ ដែល​ចូលចិត្ត​អាន​វណ្ណ​កម្ម​របស់​ចិន និង​តាំងចិត្ត​រៀនសូត្រ​តាម​ប្រក្រតី​តែប៉ុណ្ណោះ។

អ្នកយកព័ត៌មាន បាន​សួរថា តើ​ហេតុ​អី​បាន​អ្នកនាង មើលទៅ​មាន​ទឹកមុខ ហាក់ដូចជា​មាំ​ម៉ឺងម៉ាត់ ពេល​បំពេញការងារ? ចាង​ជី​ង​ប្រាប់ថា ទឹកមុខ​ដែល​នាង​ធ្វើ គឺ​ត្រូវ​ការបង្ហាញ​ភាព​គួរឱ្យ​គោរព​ជឿជាក់ ដូច្នេះហើយ​ទើប​នាង​មិនអាច​ញញឹមញញែម ឬ​សើច​លេង​អ្វី​បាន​ច្រើន​នោះទេ។

កំលោះៗជន​ជាតិចិន​ជាច្រើន សុទ្ធតែ​ប្រាប់ថា ចាង​ជី​ង គឺជា​ស្ត្រី​ក្នុង​ក្ដី​សុបិន​របស់​ពួកគេ​យ៉ាងពិត​ប្រាកដ ចំណែកនារីៗជាច្រើន​នាក់​វិញ ប្រាប់ថា នេះ​គឺជា​កម្លាំង​ជំរុញ​ចិត្ត​របស់​ពួកគេ​ដូចគ្នា និង​ថែមទាំង​មាន​អ្នក​ប្រាប់ថា រូប​សម្ផស្ស​របស់​នាង មើលទៅ​ហាក់​ស្រដៀង​នឹង​តារា​ស៊ូ​ភើរ​ស្តារ​របស់​ចិនដីគោក​ម្នាក់ ឈ្មោះ ចៅ​វើ​យ មែនទែន៕

ប្រភព៖ សា​ព័ត៌មាន​បរទេស

ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.