សហរដ្ឋអាមេរិក៖ កើតហេតុ​ការណ៍​បាញ់រះ​នៅក្នុង​ស៊ូ​ភើរ ម៉ា​ខេ​ត មួយកន្លែង​នៅក្នុង​ទីក្រុង Boulder ក្នុង​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ចន្ទ ទី២២មីនា បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ ១០នាក់ ក្នុងនោះ​មាន​ភ្នាក់ងារ​ប៉ូលិស​ប្រចាំ​ទីក្រុង​ម្នាក់ ដែល​ព្យាយាម​ចូលទៅ​បង្ក្រាប​ហេតុការណ៍​នោះ ខណៈ​ជនសង្ស័យ ដែល​រងរបួស​ដែរនោះ ត្រូវបាន​ចាប់ខ្លួន។

ហេតុការណ៍​ភ័យរន្ធត់​នេះ បាន​កើតឡើង​នៅក្នុង​ហាង King Soopers ក្នុង​តំបន់​ថេ​ប៊ើ​ល​មេសា ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ទីក្រុង​ឌែ​ន​វើ​រ ទៅ​ភាគ​ខាងលិច​ឆៀង​ខាងជើង ប្រមាណ​ជា ៤៥គីឡូម៉ែត្រ ដោយ​ប៉ូលិស នៅ​មិនទាន់បាន​បង្ហើប​ឱ្យដឹងពី​ព័ត៌មាន​លម្អិត​របស់​ហេតុ​ការណ៍​នេះ និង​មិនទាន់​ដឹង​ច្បាស់​ពីអ្វី ដែល​បណ្ដាលឱ្យ​ជនល្មើស​ធ្វើបែបនេះ​នៅឡើយ។

សោកនាដកម្ម​ថ្មី​ចុងក្រោយ​មួយ​នេះ អាច​រាប់បាន​ថា ជាហេតុ​ការណ៍​បាញ់ប្រហារ​លើក​ទី ២ហើយ ដែល​កើតឡើង​នៅក្នុង​សហរដ្ឋអាមេរិក ក្នុង​ជុំ ១សប្ដាហ៍ ក្រោយ​កាលពី​ថ្ងៃទី១៦ មីនា មាន​បុរស​ស្បែក​សម្នាក់ បាន​សម្រុក​ចូលទៅ​បាញ់រះ​នៅក្នុង​ហាង​ស្ប៉ា និង​ម៉ាស្សា នៅក្នុង​ទីក្រុង​អ៊ែត​លែ​នតា និង​ទីតាំងក្បែរៗនោះ រហូត​មាន​អ្នកស្លាប់ ៨នាក់ ដែល​ក្នុងនោះ មាន​ជនរងគ្រោះ ៦នាក់​ជា​ស្រី ជនជាតិ​អាស៊ី។

លោក មែ​រី​ស ហេ​រ៉ូ​លដ៍ មេបញ្ជាការ​ប៉ូលិស ទីក្រុង​បូល​ឌើ​រ បាន​អះអាងថា មាន​អ្នកស្លាប់​ទាំងអស់ ១០នាក់ ក្នុង​ហេតុការណ៍​វាយប្រហារ ក្នុង​ហាង King Soopers នេះ រួមទាំង​លោក អ៊ី​រិ​ក ធែ​ល​លី​យ៍ នាយប៉ូលិស វ័យ ៥១ឆ្នាំ​ម្នាក់ ជា​មនុស្ស​ដំបូង​គេ ដែល​ធ្វើដំណើរ​ទៅ​ដល់ទី​កើតហេតុ ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​មហាវិទ្យាល័យ​ខូ​ឡូ​រ៉ា​ដូ ត្រឹមតែ​ប្រមាណ​ជា ២ម៉ា​យល៍​ប៉ុណ្ណោះ។

ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ ជា​មនុស្ស​ប្រុស​ម្នាក់ ដែល​រួច​ជីវិត​ពី​ហេតុការណ៍​នេះ តែ​ស្ថិតក្នុង​សភាព​រងរបួស។

ឃ្លិប​វីដេអូ ដែល​បាន​ផ្សព្វផ្សាយ​តាមរយៈ​កញ្ចក់​ទូរទស្សន៍ បានបង្ហាញ​ឱ្យឃើញ បុរស​ម្នាក់ ដែលមាន​ពុកមាត់​ស្រមូម ស្លៀក​ខោខ្លី​ស្នាប់ភ្លៅ និង​មិនមាន​ពាក់អាវ ត្រូវបាន​អាជ្ញាធរ​ប៉ូលិស​ដាក់​ខ្នោះដៃ និង​នាំខ្លួន​ទៅ​ឡើង​រថយន្ត​សង្គ្រោះ ដោយ​ជនសង្ស័យ​រូបនេះ ត្រូវបាន​បណ្ដើរ​ខ្លួន​ទៅក្នុង​សភាព ដើរ​ប៉ាំង​ពៀច​ជើង​ម្ខាង និង​មាន​ឈាម​ប្រឡាក់​ស្រោច​ខ្លួន។

បុរស​ម្នាក់ បានផ្ដល់​សម្ភាស​ជាមួយ​ស្ថានីយទូរទស្សន៍ KCNC-TV ថា លោក និង​ភរិយា កំពុងតែ​ដើរ​ទិញ​អីវ៉ាន់​នៅក្នុង​ហាង King Soopers  ភ្លាមៗនោះ​ក៏បាន​ឮស្នូរ​កាំភ្លើង​លាន់​ឡើង ៣ដង ក៏​ប្រញាប់​រត់គេច​ទៅរក​មាត់ទ្វារ ព្រមជាមួយ​អតិថិជន​ដទៃទៀត។

លោក​និយាយថា ស្នូរ​កាំភ្លើង មើលទៅ​ដូចជា​លាន់​ចេញ​មកពី​ចំណុច ឆេ​ក​អៅ បរិវេណ​ខាងមុខ​ហាង។

ឃ្លី​ប​វីដេអូ ដែល​អ្នក​បានឃើញ​ហេតុការណ៍​ម្នាក់​ថត​បាន និង​បាន​នាំយកមក​ផូ​ស្ត​នៅក្នុង​បណ្ដាញ​សង្គម បានបង្ហាញ​ឱ្យឃើញ​សាកសព​អ្នកស្លាប់ ២នាក់ នៅត្រង់​ទីលាន​ចត​រថយន្ត មុននឹង​អ្នក​កាន់​កាមេរ៉ា​ថត ប្រុង​ដើរចូល​ទៅខាង​ក្នុង​ហាង និង​ឃើញ​មាន​សាកសព ១ទៀត បាន​ដេកស្លាប់ ហើយ​ក្នុងអំឡុង​ពេលនោះ ក៏បាន​ឮស្នូរ​កាំភ្លើង​លាន់​ឡើង ៣គ្រាប់​ទៀត។

ប៉ូលិស បាន​បដិសេធ​ក្នុង​ការផ្ដល់​ទិន្នន័យ​ថា តើ​ជនល្មើស​ប្រើ​អាវុធ​ប្រភេទ​ណា​ក្នុងការ​បង្កហេតុ​ការណ៍​នេះ តែ​សារព័ត៌មាន ដឹ ឌែ​ន​វើ​រ៍ ផូ​ស្តិ៍ បាន​រាយការណ៍​ថា អ្នក​ដែល​ទូរស័ព្ទ​ទៅប្ដឹង 911 បាន​រៀបរាប់​ប្រាប់​ពី​ភិនភាគ​កាំភ្លើង​ថា ជា “កាំភ្លើង​រ៉ៃ​ហ្វ៊ើ​ល​ល្បាត” ឬ Patrol rifle។

លោកស្រី ជេន សា​គី លេខាធិការ​ផ្នែក​ព័ត៌មាន​សាធារណជន របស់​មន្ទីរ​សេត​វិមាន បាន​សរសេរ​នៅក្នុង​ធ្វី​ត​ធើ​រថា លោក​ប្រ​ធានា​ធីប​តី ចូ បៃ​ដិ​ន បានទទួល​របាយការណ៍​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​បាញ់ប្រហារ​លើក​នេះ​រួចហើយ។

កាលពី​ខែកុម្ភៈ លោក​បៃ​ដិ​ន ទើបតែ​បានទាមទារ​ឱ្យ​សភា​កុង​ហ្គ្រេ​ស ពិចារណា​កែសម្រួល​ច្បាប់គ្រប់គ្រងអាវុធ “ដោយ​ប្រើ​សតិសម្បជញ្ញៈ” ឡើងវិញ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters

ប្រែ​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.