កំពង់ចាម-ត្បូងឃ្មុំ៖ ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រវែង១១៣១ម៉ែត្រ ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​បើក​ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ

នេះ បើតាម ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ និង​អ្នកជំនាញ​បច្ចេកទេស​ក្រសួង​នៅ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ចុះ​ពិនិត្យ​លទ្ធភាព​សម្រាប់​ដាក់ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស អាជ្ញាធរ​ដែនដី និង​ភាគី​ពាក់ព័ន្ធ​ផងដែរ។

ស្ពាន​នេះ​ឆ្លងកាត់​ទន្លេមេគង្គ​ត​ភ្ជាប់​រវាង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ និង​ស្រុក​ស្ទឹងត្រង់​ខេត្ត កំពង់ចាម​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន​សាងសង់​សំណង់​សៀង​ហៃ​គ្រុប ខូ​អិ​ល​ធី​ឌី ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ក្វាង​ចូ​វ​វ៉ាន​អាន មាន​ប្រវែង​សរុប​ចំនួន១១៣១ម៉ែត្រ ទទឹង១៣,៥ ម៉ែត្រ (ក្នុងនោះ​មាន​គន្លង​ផ្លូវ​រថយន្ត៣,៥ម​x២ គន្លង​ទោចក្រយានយន្ត១,៩ម​x២ គន្លង​ផ្លូវ​ថ្មើរជើង១,១ម​x២+០,២៥ម​x២ (បង្កាន់ដៃ) ជា​ប្រភេទ​ស្ពានបេតុង​សរសៃដែក ឬ​បេតុង​អា​មេ មាន​បំពាក់​ផ្លាកសញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ និង​បង្គោល​ភ្លើង​បំភ្លឺ​ស្ពាន មាន​សាងសង់​រង្វង់​មូល​មួយកន្លែង​នៅ​ត្រើយ​ខាងលិច​ផងដែរ។

គម្រោង​សាងសង់​ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ​ដែលជា​គម្រោង​ស្ពាន​មិត្តភាព​កម្ពុជា​ចិន​ទី៨ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ គ្រោង​ចំណាយ​ថវិកា​ប្រមាណ៥៨,៤២លាន​ដុល្លារ​អាមេរិក រយ:ពេល​សាងសង់​ចំនួន៤២ខែ ជា​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​ចិន និង​ថវិកាបដិភាគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា គិត​រហូត​មកទល់ពេលនេះ​ការសាងសង់​សម្រេចបាន១០០%ហើយ។

គួរកត់សម្គាល់​ផងដែរ​ថា ស្ពាន​នេះ​នឹង​ជួយ​ទាញ​ភូមិសាស្ត្រ​រវាង​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​ឱ្យ​កាន់តែ​កៀក​ចូល​ជិតគ្នា ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ បម្រើ​ដល់​ការដឹកជញ្ជូន​ទំនិញ​កសិផល​ទៅកាន់​ទីផ្សារ ទាក់ទាញ​ការវិនិយោគ លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​ប្រជាជន ជាពិសេស​ចូលរួមចំណែក​ដល់​ការជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​បាន​មួយកម្រិត​ថែមទៀត។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ថា តាម​គម្រោង​ស្ពាន​នេះ​នឹងត្រូវ​បើកសម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី២៤ ខែមីនា​ឆ្នាំ២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃស្អែក​នេះ ប៉ុន្តែ​ដោយសារ​ព្រឹត្តិការណ៍២០កុម្ភៈ ទើប​មាន​ការលើក​ពេលវេលា​នៃ​ការសម្ពោធ​បើក​ប្រើប្រាស់​ជា​ផ្លូវការ។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​គោរព​ស្នើ​ទៅ​សម្ដេចនាយក​រដ្ឋមន្ត្រី សុំ​បើក​ស្ពាន​នេះ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋនៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ខាងមុខ។

ជាការ​ឆ្លើយតប សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ឯកភាព​បើក​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ស្ពាន​នេះ​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃនេះ​ទៅ រង់ចាំ​ពេលវេលា​សមស្រប​ណាមួយ ដើម្បី​បើកសម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ។

ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​ចៀស​ផុតពី​ជំងឺ​កូ​វីដ-១៩ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ក្បួន​អនាម័យ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ចូលរួមចំណែក​ក្នុងការ​ការពារ ទប់ស្កាត់​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.