ជប៉ុន៖ រដ្ឋបាល​ជប៉ុន បានធ្វើ​ការតវ៉ា​ចំពោះ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ដែល​បាន​ថ្លែងថា “ជប៉ុន​យល់ព្រម ឱ្យ​អាមេរិក​ដឹកច្រមុះ ដើម្បី​រារាំង​ការអភិវឌ្ឍ​របស់​ប្រទេស​ចិន” បានធ្វើឱ្យ​សម្ព័ន្ធភាព​រវាង​ចិន និង​ជប៉ុន ត្រូវ​បាក់បែក​យ៉ាងធ្ងន់ធ្ងរ រហូត​ផែនការ​ទៅ​ទស្សនកិច្ច​ប្រទេស​ជប៉ុន របស់លោក​ប្រធានាធិបតី ស៊ី ជីន​ភីង មិនអាច​ក្លាយជា​ការពិត​បាន​តទៅទៀត។

ដើមហេតុ​នៃ​ហេតុការណ៍​ទំនាស់​ជាថ្មី​នេះ បណ្ដាលមកពី​សេចក្ដីថ្លែងការណ៍​រួម ជប៉ុន-សហរដ្ឋអាមេរិក ក្រោយពី​លោក អ៊ែន​ថូ​នី ប្ល៊ិ​ង​ខេន រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក និង​លោក ឡយ​ដ៍ អូ​ស្ទី​ន រដ្ឋមន្ត្រី​ការពារ​ប្រទេស បានធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​ក្រុង​តូ​ក្យូ កាលពី​ថ្ងៃទី16 មីនា ដែល​បាន​បញ្ជាក់ថា “ប្រទេស​ចិន បានធ្វើ​អំពើ​ល្មើ​សនឹង​ច្បាប់​អន្តរជាតិ គំរាមកំហែង​ប្រទេស​ដទៃ និង​ធ្វើឱ្យ​បាត់បង់​ស្ថិរភាព​នៅក្នុង​ភូមិភាគ។

សេចក្ដីថ្លែងការណ៍​នោះ បានបញ្ជាក់​ឈ្មោះ “ប្រទេស​ចិន” ចំៗ ដែលជា​រឿង​មួយ មិនសូវ​ជា​កើតមាន​ញឹកញាប់​ប៉ុន្មាន​ឡើយ នៅក្នុង​វិស័យ​ការទូត និង​ថែមទាំង​បានបញ្ជាក់ ពី​ការព្រួយបារម្ភ​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស និង​សក្ដានុពល​ខាង​សមុទ្រ​របស់​ប្រទេស​ចិន រួមទាំង​បាន​សង្កត់ធ្ងន់​ទៀតថា បណ្ដុំ​កោះ​សេង​កា​គុ ឬ​ដែល​ភាគី​ចិន​ហៅថា បណ្ដុំ​កោះតៀវ​អ៊ី ជា​តំបន់​ដែល​តាម “កិច្ចព្រមព្រៀង​សន្តិសុខ​ជប៉ុន-សហរដ្ឋអាមេរិក” គឺ​សហរដ្ឋអាមេរិក នឹង​ផ្ដល់​ការឃុំ​គ្រង បើសិន​មានការ​រុករាន​ឈ្លានពាន​ណាមួយ។

លោក ចាវ លី​ចៀន អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានធ្វើការ​ឆ្លើយតប​វិញ​ថា “ប្រទេស​ជប៉ុន ត្រូវការ​រារាំង​ការស្ដារ និង​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន សុខចិត្ត​ខ្ចី​ច្រមុះ​អ្នកដទៃ​ដកដង្ហើម ធ្វើជា​កញ្ជះ​របស់​សហរ​ដ្ឋ​អាមេរិក ពុតត្បុត គ្មាន​សច្ចៈ បំផ្លាញ​សម្ព័ន្ធភាព​ចិន-ជប៉ុន នាំ​សង្គ្រាម​ចូល​ប្រទេស ក្បត់​នឹង​ផលប្រយោជន៍​របស់​ភូមិភាគ”

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ថែមទាំង​បាន​ថ្លែង​អំពី កិច្ចសហការ ៤ប្រទេស ឬ QUAD រវាង​សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និង​អូស្ត្រាលី ថា ជាការ​រួម​ក្រុម ដើម្បី​ហ៊ុមព័ទ្ធ​ប្រទេស​ចិន ជា​ផ្នត់គំនិត​សម័យ​សង្គ្រាមត្រជាក់ ដែល​ហួស​សម័យ សាង​ភាព​ច្រ​បូល​ច្របល់​ក្នុង​តំបន់ និង​នាំ​ឆ្ពោះទៅរក​ការប្រឈមមុខ​ដាក់គ្នា។

ការឆ្លើយតប​ដ៏​ក្ដៅគគុក របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានធ្វើឱ្យ​លោក ខាត់​ស៊ឺ​ណូ​ប៊ុ ខា​តូ អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​ជប៉ុន បញ្ជាក់ថា “មិនអាច​ទទួលយកបាន​យ៉ាង​ដាច់ខាត” និង​បានដាក់​ពាក្យ​ប្ដឹងតវ៉ា​តាមផ្លូវ​ការទូត​រួចហើយ។

សារព័ត៌មាន​ជប៉ុន បាននាំគ្នា​រិះគន់ ឥរិយាបថ​របស់​ប្រទេស​ចិន ដែល​ចោទប្រកាន់ថា ជប៉ុន​ជា “កូនចៅ​សហរដ្ឋអាមេរិក” ទាំង​ដែល​នាវា​របស់​ចិន បាន​រុករាន​ឈ្លានពាន​ចូលមកក្នុង​ដែនទឹក​ក្នុង​តំបន់​វិវាទ ជាប្រចាំ ហើយ​ចិន​ថែមទាំង​បាន​កែសម្រួល “ច្បាប់​ការបង្ការ​គ្រោះថ្នាក់​ខាង​សមុទ្រ” ដែល​បើកផ្លូវ​ឱ្យ​នាវា​ល្បាត​របស់​ចិន អាច​ប្រើ​អាវុធ​បាន​ទៀតផង ខណៈដែល​អង្គភាព​ការពារ​ឆ្នេរសមុទ្រ​របស់​ជប៉ុន មិនអាច​ប្រើ​អាវុធ​បាន។

សម្ព័ន្ធភាព​ដែល​ប្រេះឆា​រវាង​ប្រទេស​ជប៉ុន និង​ចិន បានធ្វើឱ្យ​សំណើសុំ​ឱ្យ​លោក​ប្រធានាធិបតី ស៊ី ជីន​ភីង ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​ប្រទេស​ជប៉ុន ដែល​មានមក​តាំងពី​សម័យ​លោក​អតីត​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ អាច​នឹងត្រូវ​លុបចោល ដោយសារ​តែមាន​ក្រសែ​តតាំង​យ៉ាង​ខ្លាំងក្លា​ក្នុង​ការឱ្យ​មេដឹកនាំ​ចិន ចូលគាល់​សម្ដេច​ព្រះមហា​ចក្រពត្តិ​នៃ​ប្រទេស​ជប៉ុន។

ពី​ដើម លោក​ប្រធានាធិបតី ស៊ី ជីន​ភីង មានកំណត់​កាលបរិច្ឆេទ​ការធ្វើ​ទស្សនកិច្ច​ប្រទេស​ជប៉ុន នៅក្នុង​ខែមេសា ឆ្នាំមុន តែ​ត្រូវបាន​ពន្យារពេល ដោយសារតែ​ការឆ្លង​រាតត្បាត​របស់​វីរុស​កូ​វីដ-១៩ ប៉ុន្តែ​ខណៈ​នេះ ប្រទេស​ទាំង២ មិនបាន​និយាយ​អំពី​រឿងនេះ​ទៀតឡើយ៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

 

Leave a Reply

Your email address will not be published.