ចិន៖ លោក​ឧត្ដមនាវីឯក ច​ន អា​ឃ្វី​លី​ណូ មេបញ្ជាការ​កងកម្លាំង​សហរដ្ឋអាមេរិក នៅក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក បាន​ថ្លែង​ចំពោះមុខ​សភា​នីតិបញ្ញត្តិ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី២៣ មីនា​ថា អនាគត​របស់​ពិភពលោក ស្ថិត​លើ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ថា តើ​នឹង​តតាំង​ប្រទេស​ចិន​ដែលមាន​កម្លាំងយោធា និង​កាន់តែ​គឃ្លើន​ខ្លាំង​ឡើង​នោះ​ដោយ​របៀប​ណា?

លោក​ឧត្ដមនាវីឯក ច​ន អា​ឃ្វី​លី​ណូ បាន​ថ្លែងប្រាប់​សមាជិក​របស់​គ​ណៈ​កម្ម​ការ​កងទ័ព ប្រចាំ​ព្រឹទ្ធសភា​ថា “សន្តិភាព និង​ភាពសម្បូរ​សប្បាយ​របស់​ពិភពលោក អាស្រ័យ​លើ​ការ​មាន​វត្តមាន​របស់​យើង​នៅក្នុង​ឥណ្ឌូ-បា​ស៊ី​ហ្វិ​ក”លោក អា​ឃ្វី​លី​ណូ ដែល​បច្ចុប្បន្ន​ជា​មេបញ្ជាការ​កងទ័ពជើងទឹក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក បាន​ថ្លែង​ទៀតថា “កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក ជា​កងទ័ព​ដ៏​មាន​អានុភាព និង​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក”តែ លោក​បាន​ដាស់តឿន​ថា ចំណុច​មានប្រៀប​របស់​សហរដ្ឋអាមេរិក កំពុងតែ​ជិត​អស់ហើយ។

លោក បាន​បន្តទៀតថា “ចិន​កំពុង​បង្កើន​កម្រិត​សមត្ថភាព និង​បិទ​ចន្លោះប្រហោង​ទាំងនោះ…យើង​បានឃើញ​ទង្វើ​ដ៏​គឃ្លើន ច្រើនជាង​អ្វីដែល​យើង​ប៉ាន់ប្រមាណ​ទុក មិនថាតែ​រឿង​ព្រំដែន​ជាមួយ​ប្រទេស​ឥណ្ឌា ឬ​នៅក្នុង​ទីក្រុង​ហុងកុង ឬ​ជនជាតិ​អ៊ុយ​ហ្គ័​រ ដែល​នៅតែ​ជា​ប្រធានបទ​ជជែក​តវ៉ា​គ្នា​នៅឡើយ”

លោក​ឧត្ដមនាវីឯក អា​ឃ្វី​លី​ណូ ដែល​បានទទួល​ការជ្រើសតាំង​ពី​លោក​ប្រធានាធិបតី ចូ​បៃ​ដិ​ន ឱ្យទទួល​ការងារ បន្ត​ពី​មេបញ្ជាការ​កងកម្លាំង​ឥណ្ឌូ-ប៉ាស៊ីហ្វិក​បច្ចុប្បន្ន គឺ​លោក​ឧត្ដមនាវីឯក ហ្វី​លិ​ប ដេវីដ​សុន ដែល​កំពុង​ជិត​ចូលនិវត្តន៍​នោះ គឺជា​មន្ត្រី​យោធា​ជាន់ខ្ពស់​ថ្មី​ក្រោយ​គេ​បំផុត ដែល​ចេញមក​បង្ហាញ​សញ្ញា​ប្រកាសអាសន្ន ពាក់ព័ន្ធ​នឹង​កងទ័ព​ចិន។

កាលពី​សប្ដាហ៍​កន្លងទៅ មេបញ្ជាការ​កងកម្លាំង​សហរដ្ឋអាមេរិក នៅក្នុង​តំបន់​អាមេរិក​កណ្ដាល និង​អាមេរិក​ខាងត្បូង បាន​ថ្លែងប្រាប់​ទៅ​ផ្នែក​នីតិបញ្ញត្តិ​ថា កងទ័ព​របស់​ប្រទេស​ចិន មាន​តួនាទី​យ៉ាងខ្លាំង នៅក្នុង​ភូមិភាគ​របស់​លោក។

និង​កាលពី​ដើមខែ​កន្លងទៅ លោក​ដេវីដ​សុន ថ្លែងថា មេដឹកនាំ​ចិន បាន “បង្កើន​ភាព​មហិច្ឆតា ដើម្បី​ចូលមក​ជំនួស​សហរដ្ឋអាមេរិក” ក្នុងឋានៈ​ជា​អ្នកដឹកនាំ​លើ​វេទិកា​ពិភពលោក។

តែ​មន្ត្រីជាន់ខ្ពស់​ម្នាក់ នៃ​អង្គភាព​ស៊ើបការណ៍​សម្ងាត់ របស់លោក​ដេវីដ​សុន បាន​និយាយ​ទៅ​ឆ្ងាយ​ជាងនេះទៅទៀត។

គឺ​លោក​ឧត្ដមនាវីត្រី ម៉ៃ​ឃើ​ល ស្តា​ត់​មែន បាន​ថ្លែង​នៅក្នុង​អង្គប្រជុំ​អន​ឡាញ កាលពី​ថ្ងៃទី២ ខែមីនា​ថា “អ្នក​កំពុងតែ​ជិត​បាន​ជួបនឹង​កងទ័ព​ចិន ដែល​ធ្វើដំណើរ​ទៅ​ទូទាំង​ពិភពលោក ដែល​នឹង​ទៅ​ទីនោះ ដើម្បី​ឈានចូល​ទៅគ្រប់​ទីកន្លែង ដែល​ពួកគេ​គិតថា ផលប្រយោជន៍​របស់​ប្រទេស​ចិន កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់”

ក្ដីកង្វល់​ដ៏​ធំ​បំផុត ១ប្រការ​គឺ ការ​រុករាន​របស់​ចិន​ទៅលើ​តៃវ៉ាន់ ដោយ​លោក​មន្ត្រី​យោធា​ជាន់ខ្ពស់​ដូច​លោក​ដេវីដ​សុន បាន​ដាស់តឿន​ថា ក្រុង​ប៉េកាំង​អាច​ព្យាយាម​ដណ្ដើមយក​តៃវ៉ាន់ ដោយ​ប្រើ​កម្លាំង​ក្នុង​រយៈពេល ៦ឆ្នាំ​ខាងមុខ។

នៅពេល​ត្រូវបាន​សួរ អំពី​គ្រោះភ័យ​រុករាន​នៅក្នុង​ការ​ថ្លែង​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅនោះ លោក ច​ន ឃើ​រ​ប៊ី លេខាធិការ​ផ្នែក​ព័ត៌មាន​នៃ​មន្ទីរ​បញ្ច​កោណ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា “គ្មាន​អ្នកណា​ត្រូវ​ការឱ្យ​កើតមាន​ទំនាស់​នោះទេ”

“យើង​មាន​ក្ដីកង្វល់​ចំពោះ​ការផ្លាស់ប្ដូរ​ដ៏​សំខាន់ ដែល​កើតឡើង​នៅក្នុង​កងកម្លាំង​បែប​កល​យុទ្ធ​របស់​បក្ស​កុម្មុយនីស្ត​ចិន” លោក​ឃើ​រ​ប៊ី បាន​ថ្លែង​ដូច្នេះ តែ​នៅក្នុង​ផ្នែក​របស់លោក​អា​ឃ្វី​លី​ណូ បាន​ទទួលស្គាល់ថា មាន​ភាព​អាចទៅរួច​កាន់តែខ្លាំង​ឡើង​ហើយ ដែលថា ចិន​នឹង​កំណត់​គោលដៅ​ទៅលើ​តៃវ៉ាន់”

“មេដឹកនាំ​ចិន មើលឃើញថា រឿងនេះ ជា​រឿង​សំខាន់​លំដាប់​ទី១របស់​ពួកគេ” លោក​អា​ឃ្វី​លី​ណូ បាន​ថ្លែង​បែបនេះ​ប្រាប់​ទៅ​ផ្នែក​នីតិបញ្ញត្តិ កាលពី​ថ្ងៃ​អង្គារ។

“ការយល់ឃើញ​របស់ខ្ញុំ​គឺ បញ្ហា​នេះ ជា​រឿង​ដែល​នៅក្បែរ​ខ្លួន​យើង ខ្លាំង​ជាង​អ្វីដែល​មនុស្ស​ភាគច្រើន​គិត ហើយ​យើង​ត្រូវ​ដំណើរការ​កិច្ចសហការ​គ្រោងការ Pacific Deterrence Initiative – PDI ដើម្បី​សមត្ថភាព​ក្នុង​ភូមិភាគ​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយ​ពង្រឹង​កិច្ចសហការ​ជាមួយ​ប្រទេសផ្សេងៗ ដូចជា ឥណ្ឌា អូស្ត្រាលី និង​ជប៉ុន យ៉ាង​បន្ទាន់​បំផុត”

ក្រៅពីនេះ លោក​អា​ឃ្វី​លី​ណូ នៅបាន​ដឹង​អំពី​ក្ដី​ព្រួយបារម្ភ ពាក់ព័ន្ធ​នឹង​សមត្ថភាព​ផ្នែក​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន ដែល​កើនឡើង​ខ្លាំង​ផងដែរ។ ទីភ្នាក់ងារ​ព័ត៌មាន​សម្ងាត់​នៃ​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា ប្រទេស​ចិន​កំពុង​បង្ហាញ​សញ្ញា​ក្នុងការ “បង្កើន​ទំហំ​ឃ្លាំង​នុយក្លេអ៊ែរ យ៉ាងតិច ២ដង” ឡើង​ទៀត ក្នុង​រយៈពេល ១០ឆ្នាំ​ខាងមុខ៕

ប្រភព៖ សា​ព័ត៌មាន​បរទេស

ប្រែ​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.