ប្រទេស​អាល្លឺម៉ង់៖ ចាប់ពី​ថ្ងៃ​ពុធ ទី៣១ មីនា​នេះ​តទៅ នឹង​កំណត់​ការប្រើ​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ របស់​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ចំពោះតែ​បុគ្គល​ដែលមាន​អាយុ ៦០ឆ្នាំ​ឡើង ដូចគ្នា​នឹង​ក្រុម​គោលដៅចម្បងៗដទៃទៀត បន្ទាប់ពី​មាន​របាយការណ៍​ពាក់ព័ន្ធ​នឹង​ភាព​ប្រឈម​នឹង​សភាវ​ដុំ​ឈាម​ញ៉ុ​ក​ណែន។

លោកស្រី អ៊ែន​ជេ​ឡា មើរ​កែ​ល នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អាល្លឺម៉ង់​បាន​ថ្លែង​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា “យើង​ចាំបាច់​ត្រូវតែ​អាច​ជឿទុកចិត្ត​លើ​វ៉ាក់សាំង​បាន ហើយ​ភាព​គ្មាន​ការលាក់លៀម គឺជា​វិធី​ដែល​ល្អ​បំផុត ក្នុងការ​ទប់ទល់​នឹង​ស្ថានការណ៍​បែបនេះ”

ក្នុង​សកម្មភាព​ដែល​ដំណើរការ ទៅតាម​ការណែនាំ​របស់​គណៈកម្មការ​ផ្នែក​វ៉ាក់សាំង​របស់​អាល្លឺម៉ង់ ឬ​ដែល​ហៅថា STIKO ខាង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​របស់​រដ្ឋបាលកណ្ដាល និង​ប្រចាំ​រដ្ឋផ្សេងៗ យល់ឃើញ​ដូចគ្នា​ថា គួរតែ​ឱ្យ​វ៉ាក់សាំង​កូ​វីដ-១៩ របស់​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ចំពោះ​បុគ្គល​ដែលមាន​អាយុ​តិចជាង ៦០ឆ្នាំ នៅពេលដែល​បុគ្គល​ទាំងនោះ ស្ថិតក្នុង​ក្រុម​គោលដៅ​លំដាប់ដំបូងៗគេ ដែល​ក្នុងនោះ​រួមទាំង​អ្នកជំងឺ​ដែលមាន​ភាព​ប្រឈម​ខ្ពស់ និង​បុគ្គលិក​សុខាភិបាល ក្រោម​ការណែនាំ​ប្រឹក្សា​របស់​ពេទ្យ។

សម្រាប់​បុគ្គល​ដែលមាន​អាយុ​ទាប​ជាង ៦០ឆ្នាំ ដែល​បានទទួល​វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ដូ​ស​ដំបូង​រួចទៅហើយ មាន​ជម្រើស​គឺ ចាក់​វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ដូ​ស​ទី២ តាម​ផែនការ​ចាស់ បើសិនជា​ពួកគេ​ស្ថិតក្នុង​ក្រុមមនុស្ស​គោលដៅ​លំដាប់ដំបូងៗ ឬ​មិន​ទេ ក៏​រង់ចាំ​ឱ្យ​ខាង STIKO ចេញ​ការណែនាំ​ម្ដងទៀត​ជាមុនសិន ដែល​គេ​រំពឹងថា នឹង​ធ្វើឡើង​ក្នុងអំឡុង​ចុងខែ​មេសា។

ទាំងអស់នេះ STIKO កំពុង​សម្លឹងមើល​ទៅដល់​ភាព​អាចទៅរួច របស់​ការចាក់​វ៉ាក់សាំង ដូ​ស​ទី២ ដោយ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផ្សេង​ជំនួស​វិញ។

ការកំណត់​ថ្មី ពាក់ព័ន្ធ​នឹង​ការប្រើ​វ៉ាក់សាំង​របស់​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា​នេះ បាន​បង្ក​ភាព​ខាតបង់​ដល់​គ្រោង​ការចាក់​វ៉ាក់សាំង​របស់​ប្រទេស​អាល្លឺម៉ង់ ដោយសារតែ​កាលពីពេល​មុននេះ បាន​ដំណើរការ​យ៉ាង​យឺតយ៉ាវ​ស្រាប់​រួចទៅហើយ។

យ៉ាងណាក៏ដោយ អាល្លឺម៉ង់ នឹង​អនុញ្ញាតឱ្យ​បុគ្គល​អាយុ ៦០ឆ្នាំ​ឡើងទៅ ចាក់​វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ក្នុងការ​ព្យាយាម​ព​ន្លឿ​ន​គ្រោង​ការចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​ទូទៅ ដែល​រហូតមក​ដល់ពេលនេះ ទើបតែ​ស្ថិតក្នុង​ដំណាក់កាល ចាក់​វ៉ាក់សាំង​ឱ្យ​មនុស្ស​ចាស់ វ័យ ៧០ឆ្នាំ​ឡើង និង​បុគ្គលផ្សេងៗ ដែល​ស្ថិតក្នុង​ក្រុម​គោលដៅ​លំដាប់ដំបូងៗគេ​ប៉ុណ្ណោះ។

ការសម្រេចចិត្ត (ផ្អាក​ចាក់​វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ឱ្យ​ក្រុមមនុស្ស​វ័យ​កំលោះ-ក្រមុំ) នេះ ចាប់ផ្ដើម​មាន​ឡើង ក្រោយពី​ស្ថាប័ន Paul Ehrlich Institute ឬ PEI) ដែលជា​អង្គភាព​ផ្នែក​វ៉ាក់សាំង របស់​ប្រទេស បាន​រាយការណ៍​បន្ថែម​ពាក់ព័ន្ធ​នឹង​ករណី​កំណក​ឈាម​ញ៉ុ​ក​ណែន ដែល​ហៅថា សភាវ​សរសៃ​ឈាមខ្មៅ​ក្នុង​ខួរក្បាល​ញ៉ុ​ក​ណែន(Cerebral Sinus Vein Thrombosis ឬ CSVT)។

ស្ថាប័ន PEI បានទទួល​របាយការណ៍​ករណី CSVT ចំនួន ៣១ករណី ដែល​លទ្ធផល​ក៏​គឺ មាន​អ្នកស្លាប់ ៩នាក់ ពី​ចំណោម​ប្រជាជន​ប្រមាណ ២,៧លាន​នាក់ ដែល​បាន​ចាក់​វ៉ា​ក់សាង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ដោយ​ទាំងអស់នេះ លើកលែង ២ករណី ពាក់ព័ន្ធ​នឹង​ស្ត្រី អាយុ​ចន្លោះ២០ ដល់ ៦៣ឆ្នាំ។

គួរ​បញ្ជាក់ដែរថា ដោយសារតែ​ការចាក់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ក្នុង​រយៈពេលដំបូងៗ បានកំណត់​ការប្រើ​ចំពោះតែ​បុគ្គល​អាយុ​ទាប​ជាង ៦៥ឆ្នាំ ដូច្នេះ​ទើប​ក្នុង​បណ្ដា​អ្នក​ដែល​បានទទួល​វ៉ាក់សាំង​រួចហើយ សុទ្ធតែជា​មនុស្ស​វ័យ​កំលោះ-ក្រមុំ ជាពិសេស​បុគ្គលិក​សុខាភិបាល និង​ក្រុម​គ្រូបង្រៀន៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.