ភ្នំពេញ៖ បន្ទាប់ពី​ទទួល​ជួប​សវនាការ​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី ប្រទេស​ហ្វីលីពីន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រួចមក សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បាន​អនុញ្ញាតិ​ឱ្យ លោកជំទាវ ទេវ ឡាយ​ឆេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​រដ្ឋសភា បន្តទៀត។

សម្តេច​បាន​គាំទ្រ​និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់ លោកជំទាវ ឯកអគ្គរដ្ឋទូត និង​ចាត់ទុក​បេសកកម្ម​ការទូត​របស់​លោកជំទាវ នៅ​កម្ពុជា ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុង​ការបន្ត​រួមចំណែក លើកកម្ពស់​ទំនាក់ទំនង ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស ទាំងពីរ ដែលមាន​ស្រាប់ ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​មួយកម្រិត​ថែមទៀត។

សម្តេច​បាន​គូសបញ្ជាក់ថា កម្ពុជា-សឹង្ហ​បុរី មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការទូត​ជាមួយគ្នា តាំងពី​ឆ្នាំ១៩៦៥ ហើយ​កម្ពុជា​សិ្ថ​ត​នៅក្នុង​ចំណោម​ប្រទេស​ដំបូង​គេ ដែល​ទទួលស្គាល់​ឯករាជ្យ​របស់​សឹង្ហ​បុរី។ សម្តេច​ប្រធានរដ្ឋសភា បាន​សម្តែង​ការពេញចិត្ត​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រទេស​កម្ពុជា​និង​សឹង្ហ​បុរី លើ​វិ​ស័​យៈ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ បច្ចេកទេស អប់រំ បណ្តុះបណ្តាល​វិជ្ជាជីវៈ វប្បធម៌ សុខាភិបាល និង​វិស័យ​ការពារជាតិ។

រដ្ឋសភា​កម្ពុជា​សូម​អបអរសាទរ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ ជាមួយគ្នា​កន្លងមក និង​លើកទឹកចិត្ត​អោយ​ពិចារណា​រួមគ្នា លើ​កិច្ចសហប្រតិបត្តិការផ្សេងៗទៀត ស្របតាម​សក្តានុពល​របស់​ប្រទេស​ទាំងពីរ​ដែលមាន។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​មានប្រសាសន៍​បន្តថា ចំពោះ​ទំនាក់ទំនង​រដ្ឋសភា​ប្រទេស​ទាំងពីរ​វិញ បាន​បង្កើត​ក្រុម​មិត្តភាព​រដ្ឋសភា ដើម្បី​បង្ក​បរិយាកាស​ឱ្យ​ថ្នាក់ដឹកនាំ និង​សមាជិក​រដ្ឋសភា ទាំងពីរ​ប្រទេស បានធ្វើការ​ផ្លាស់ប្តូ​រទ​ស្សន​កិច្ច​គ្នា ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ​នីតិកម្ម​ជាមួយគ្នា ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​ការទូត​សភា​ប្រទេស​ទាំងពីរ កាន់​តែមាន​លក្ខណៈ​ស៊ីជម្រៅ​ថែមទៀត ដើរ​ទន្ទឹមគ្នា​និង​ការវិវឌ្ឍ​ន៍​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ។

លោកជំទាវ ទេវ ឡាយ​ឆេង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដែល​សម្តេច​បាន​ចំណាយពេល​ដ៏​មានតម្លៃ​ទទួល​ជួប​សវនាការ​ជាមួយ លោកជំទាវ នាឱកាស​នេះ។

លោកជំទាវ​បាន​គាំទ្រ​ប្រសាសន៍​លើកឡើង​របស់​សម្តេច និង​បាន​សន្យាថា នឹង​ខិតខំ​បំពេញបេសកកម្ម​ការទូត​ឱ្យ​ទទួលបាន​ជោគជ័យ​នៅក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា ទាំង​នៅ​ស្ថាប័ន​នីតិប្រតិបត្តិ និង​នីតិប្បញ្ញត្តិ ពិសេស​ការ​កៀរគរ​អ្នកវិនិយោគ​សឹង្ហ​បូរី​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​បន្ថែម៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.