សៀមរាប៖ គិតមកទល់រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២១នេះ បើពិនោត្យជារួមនៅទិដ្ឋភាពទូទៅ ក្នុងតំបន់បិទខ្ទប់ នៃភូមិសាស្ត្រសង្កាត់ទាំង៣ របស់ក្រុងសៀមរាប រួមមាន ៖ សង្កាត់សាលាកំរើក, សង្កាត់ស្វាយដង្គំ និងសង្កាត់សៀមរាប គឺ ពុំមានបញ្ហាអ្វីច្រើននោះទេ ដោយសារមានការយល់ដឹងពីបងប្អូនប្រជាពលរដ្ឋ និងមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ ធ្វើឲ្យស្ថានភាពក្នុងតំបន់មានភាពល្អប្រសើរ ខណៈដែលកងកម្លាំងឈរជើងតំបន់បិទខ្ទប់នេះ ដែលមានកងកម្លាំងនគរបាលខេត្ត និងក្រុងសៀមរាប និងកងរាជអាវុធហត្ថខេត្ត និងក្រុងសៀមរាប ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ កំពុងបំពេញភារកិច្ច មានសន្តិសុខសណ្តាបធ្នាប់ល្អ ដោយមានការសម្របសម្រួលបានយ៉ាងប្រសើរ និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ។

លោក ញឹក សុខន នាយរងការិយាល័យនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យនៅថ្ងៃនេះថា សម្រាប់កងកម្លាំងរបស់លោក គឺប្រចាំការនៅ៣គោលដៅ រួមមាន ៖១. គោលដៅស្តុបសារមន្ទីរ , ២. គោលដៅស្តុបសុខា និង ៣. គោលដៅសួនច្បារព្រះរាជដំណាក់ ហើយពួកគាត់បានបំពេញការងារស្របតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឲ្យ ហើយអនុវត្តឲ្យបានល្អប្រសើរ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ស្របតាមសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដ៏ដូចជារដ្ឋបាលខេត្តសៀមរាប ធ្វើយ៉ាងណារក្សាបានសន្តិសុខសណ្តាប់ធ្នាប់ នៅតំបន់បិទខ្ទប់នេះ ។

រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ បានចេញសេចក្ដីសម្រេចមួយ ដោយសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នភូមិសាស្ត្រសង្កាត់ចំនួន០៣ក្នុងក្រុងសៀមរាប រួមមាន ៖ សង្កាត់ស្វាយដង្គំ , សង្កាត់សាលាកំរើក និង សង្កាត់សៀមរាប ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេល ០២ សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ប៉ុន្តែការលក់ដូរទំនិញ និងអាជីវកម្មដំណើរការបានជាធម្មតា ហើយរដ្ឋបាលខេត្តនឹងចាត់វិធានការចំពោះជនឆ្លៀតឱកាសឡើងថ្លៃទំនិញ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលក្នុងសហគមន៍២០កុម្ភៈ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ២០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ចំនួន ០៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួន ១២នាក់ ៕

#អរគុណសន្តិភាព