ស្វាយរៀង៖ តុលាការខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២នេះ បានសម្រេចចេញដីកាដាក់ពន្ធនាគារលើបុរសម្នាក់ ករណីលួចដឹកមនុស្សពីរាជធានីភ្នំពេញ ទៅខេត្តស្វាយរៀង ដែលបំពានបំរាមរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
យោងតាមការបញ្ជាក់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានដឹងថា ជននេះត្រូវចោទប្រកាន់តាមមាត្រា៦៣៣ នៃក្រមព្រហ្មទណ្ឌ រួចហើយបញ្ជូនទៅដាក់ពន្ធនាគារនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ជាបណ្តោះអាសន្នសិន ដើម្បីរង់ចាំប្រកាសសាលក្រមនៅថ្ងៃទី៥ ខែឧសភាខាងមុខនេះ។ ចំណែកមនុស្សពីរនាក់ទៀត ដែលរួមដំណើរនៅក្នុងរថយន្ត ត្រូវបានប្រគល់ទៅឱ្យខាងសុខាភិបាល ខេត្តយកទៅធ្វើចត្តាឡីស័ក និងពិន័យម្នាក់១លានរៀល។

ជនសង្ស័យឈ្មោះ អ៊ុង សារឿន អាយុ៦៥ឆ្នាំ មានទីលំនៅភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល បម្រើការងារឱ្យកាសែត «ប្រទាប់យុវជន» បានសារភាពថា ខ្លួនជាអ្នកសារព័ត៌មាន នៅស្រុករំដួល បានស្នើសុំសមត្ថកិច្ចប្រចាំការនៅចំណុចគោលដៅក្រោលគោ ស្រុកស្វាយជ្រុំ ព្រំប្រទល់ស្វាយរៀង-ព្រៃវែង ទៅបំពេញបេសកកម្មនៅភ្នំពេញ។
កាលនៅថ្ងៃ១៨ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលឈរជើងគោលដៅក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានឃាត់ខ្លួនបុរសម្នាក់សង្ស័យលួចនាំមនុស្សឆ្លងពីរាជធានីភ្នំពេញ ទៅគោលដៅខេត្តស្វាយរៀង ដែលល្មើសនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល៕
#អរគុណសន្តិភាព