បុរស២នាក់​ដែល​បើករថយន្ត​ឡាយ​វីដេអូ  ផឹកស្រា​បៀរ បានចេញ​សារភាព​កំហុស  ធ្វើ​កិច្ចសន្យា និង​ត្រូវបាន​ផាកពិន័យម្នាក់៥លាន​រៀល

ភ្នំពេញ៖ បុរស២នាក់​ដែល​បើករថយន្ត​ឡាយ​វីដេអូ  ផឹកស្រា​បៀរ  ដែល​ផ្ទុយ​នឹង​មាត្រា១០  នៃ​ច្បាប់​ប្រឆាំង​កូ​វីដ១៩  បាន​សារភាព​កំហុស  ធ្វើ​កិច្ចសន្យា  ណែនាំ​អប់រំ  និង​ត្រូវបាន​សមត្ថកិច្ច​ផាកពិន័យ​ក្នុង​ម្នាក់៥លាន​រៀល ក្រោយ​ត្រូវបាន​ឃាត់​ខ្លូន កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

លោក សាន សុខ​សីហា ជំនួយការ និង​ជា​អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា ដោយ​អនុវត្តតាម​បទបញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត  នេ​ត  សាវឿន  អគ្គស្នងការ​នគរ​ជាតិ  និង​បទបញ្ជា​ដោយផ្ទាល់​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក  ស  ថេត  អគ្គ​ស្នងការរង  និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ  កម្លាំង​នគរបាល​ជំនាញ  បាន​ស្រាវជ្រាវ​រហូតដល់​ឈានទៅដល់​ការកំណត់​អត្តសញ្ញាណ​ជន​ទាំង​ពីររូប ដែល​បាន​បើករថយន្ត​ឡាយ​ផឹកស្រា​បៀរ  ដែល​ល្មើស​ទៅនឹង​មាត្រា១០  នៃ​ច្បាប់​ប្រឆាំង​ការឆ្លង​រាល​វីរុស​កូ​វីដ១៩  (បទ​មិន​គោរព​វិធានការ​រដ្ឋបាល ) ដែល​ត្រូវ​ផ្តន្ទាទោស​ជា​ពិន័យ​អន្តរការណ៍​ពី  ១លាន  ទៅ  ៥លាន​រៀល។

នៅ​រសៀល​ថ្ងៃទី២១  ខែមេសា  ឆ្នាំ២០២១ សមត្ថកិច្ច​ផែន​ការងារ​សន្តិសុខ  នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​កោះហៅ​បុរស​ទាំងពីរ​នាក់​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុរស២នាក់​ដែលមាន​ឈ្មោះ ហួ ធឹ​ម អាយុ២៥ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ក្រុមហ៊ុន​អចលនទ្រព្យ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​២៦BT សង្កាត់​បឹងទំពុន​ទី១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ  ជា​អ្នកបើកបរ​រថយន្ត  និង​អ្នករួមដំណើរ​មាន​ឈ្នោះ ពិន នាត អាយុ២៧ឆ្នាំ មុខរបរ​នៅផ្ទះ​ទីលំនៅ​បច្ចុប្បន្ន បន្ទប់​ជួល​គ្មាន​លេខ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បាន​ថត​ឡាយ​វីដេអូ​ក្នុង​បណ្តាញ​សង្គម TikTok អំពី​សកម្មភាព ផឹក​គ្រឿង​ស្រវឹង ពេល​កំពុងបើក​បរដែ​ល​បំពាន​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​នេះ​ជា​ទង្វើ​ដ៏​អាក្រក់​មួយ​ដែល​មិនគួរ​នឹង​យក​គំរូ​តាម​នោះទេ ។

រហូតមកដល់​ល្ងាច​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បុរស​ទាំង២រូប​ខាងលើ បាន​ចូលខ្លួន​មក​ទទួលកំហុស  ធ្វើ​កិច្ចសន្យា និង​ថត​ជា​វីដេអូ ដើម្បី​សុំទោស​ជា​សាធារណៈ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​បាន​សន្យាថា ឈប់​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ដែល​សង្គម​ស្អប់ខ្ពើម​បែបនេះ​ទៀតហើយ ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.