សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​កំពុង​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​ជាន់ខ្ពស់​តាម​ជើងយន្តហោះ​កម្ពុជា​ពិសេស​ឆ្ពោះទៅកាន់​ទីក្រុង​ហ្សា​កាតា

ភ្នំពេញ៖នៅពេលនេះ (២៣ មេសា ២០២១)សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​កំពុង​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​ជាន់ខ្ពស់​តាម​ជើងយន្តហោះ​កម្ពុជា​ពិសេស​ឆ្ពោះទៅកាន់​ទីក្រុង​ហ្សា​កាតា សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស។ មេដឹកនាំ​អាស៊ាន​ភាគច្រើន​នឹង​ទៅដល់​ទីក្រុង​ហ្សា​កាតា​នៅ​រសៀល​នេះ។

តាម​កម្មវិធី​គ្រោងទុក នៅ​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ខ្ញុំ​នឹងចូលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់​មេដឹកនាំ​អាស៊ាន និង​ជំនួប​មួយចំនួន​ជាមួយ​បណ្ដា​មេដឹកនាំ​អាស៊ាន​ផ្សេងទៀត។ ក្រោយពី​ចប់​កិច្ចប្រជុំ​ពេញ​មួយថ្ងៃ​ហើយ ខ្ញុំ​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ល្ងាច​ថ្ងែ​ទី២៤ មេសា ដដែល​នេះ។

ពេលមកដល់​កម្ពុជា​ភ្លាម សម្តេច​តេ​ជោ​និង​គណៈប្រតិភូ​នឹង​ផ្ដល់​សំណាក​ដើម្បី​ពិនិត្យ​កូ​វីដ១៩ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តែម្ដង​ដើម្បី​ធានា​សុវត្ថិភាព​សុខភាព​ទាំងអស់គ្នា។

អរគុណ​ដល់​អាជ្ញាធរ សមត្ថកិច្ច និង​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​វិធានការ​ការពារ​កូវ​វីដ១៩ ដើម្បី​ថែរក្សា​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ ព្រមទាំង​ការផ្គត់ផ្គង់​ស្បៀងអាហារ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា។ អរគុណ​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​និង​ចូលរួម​ឧបត្ថម្ភ​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ត្រូវការ​ជំនួយ​ស្បៀងអាហារ។

សម្តេច​តេ​ជោ សូម​បងប្អូន​បន្ត​រស់​នៅក្នុង​ផ្ទះ និង​អនុវត្ត​វិធានការ​ការពារ​កូ​វីដ១៩ អោយបាន​ខ្ជាប់ខ្ជួន​បំផុត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល៕

#អរគុណសន្តិភាព