សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អភិបាលខេត្ត​កណ្ដាល បញ្ជា​ឱ្យ​បិទ​រោងចក្រ​ចំនួន២ នៅ​ស្រុក​អង្គ​ស្នូល និង​ស្រុក​មុខកំពូល ក្រោយ​រកឃើញ​កម្មការិនី២២នាក់ វិជ្ជមាន​ជំងឺ​កូ​វីដ និង​មាន​អ្នកពាក់ព័ន្ធ​ជិត៨០០នាក់

កណ្ដាល៖ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​បិទ​រោងចក្រ ស្តា​ម៉ា​ស្ទ័​រ & ហ្វ្រែ​ង (ខេ​ម​បូ​ឌា) ស្ថិតនៅ ឃុំ​ពើក ស្រុក​អង្គស្នួល និង​រោងចក្រ Six Plus ស្ថិតនៅ​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ជា​បណ្ដោះអាសន្ន ក្រោយ​រកឃើញ​កម្មការិនី​នៃ​រោងចក្រ​ទាំង២ វិជ្ជមាន​កូ​វីដ-១៩ ចំនួន២២នាក់ និង​មាន​អ្នកពាក់ព័ន្ធ​ជិត ៨០០នាក់។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ការបញ្ជា​បែបនេះ​របស់លោក គង់ សោ​ភ័​ណ្ឌ បានធ្វើ​ឡើង​ក្នុង​ឱកាសលោក​ដឹកនាំ​ក្រុមមន្ត្រី ចុះ​ពិនិត្យមើល​ការអនុវត្តន៍​វិធាន​សុខាភិបាល​ទៅ​ចំពោះ​រោងចក្រ​ទាំង២នេះ ដែល​កំពុងមាន​បញ្ហា​ជំងឺ​កូ​វីដ-១៩ នា​រសៀល​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ។

លោក​អភិបាល​ខេត្តកណ្តាល បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ក្នុង​រោងចក្រ​ទាំង២ឱ្យអស់ មុននឹង​បើក​ដំណើរ​នៅ​ថ្ងៃ​ណាមួយ​ឡើងវិញ ហើយ​រៀបចំ​កន្លែង​ដាក់​អ្នកពាក់ព័ន្ធ​ទាំងអស់ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ ។

រោងចក្រ​ចំនួន២ ដែល​កំពុង​ផ្ទុះ​ជំងឺ​កូ​វីដ-១៩នោះ គឺ​ទី១៖ រោងចក្រ ស្តា​ម៉ា​ស្ទ័​រ & ហ្វ្រែ​ង (ខេ​ម​បូ​ឌា) មាន​ទីតាំង​ស្ថិតនៅ ឃុំ​ពើក ស្រុក​អង្គស្នួល និង​ទី២៖ រោងចក្រ Six Plus ស្ថិតនៅ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល។

បើតាម​ប្រភពព័ត៌មាន បាន​អះអាង​ប្រាប់​មក​ភ្នាក់ងារ Fresh News ប្រចាំខេត្ត​កណ្ដាល នា​ល្ងាច​នេះ​ថា ជា​លទ្ធផល​បឋម​ក្រុមគ្រូពេទ្យ​បាន​រកឃើញ​កម្មករ-កម្មការិនី ចំនួន២១នាក់ វិជ្ជមាន​ជំងឺ​កូ​វីដ-១៩ និង​មាន​កម្មករនិយោជិត​ចំនួន២២៥នាក់ ទៀត​មាន​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់ ព្រមទាំង​កម្មករនិយោជិត​ចំនួន៧១៨នាក់ ពាក់ព័ន្ធ​ដោយ​ប្រយោល លើ​ចំនួន​កម្មករនិយោជិត​សរុប ចំនួន ៩៦៣នាក់ ។

រីឯ​រោងចក្រ Six Plus ស្ថិតនៅ​ឃុំ​ព្រែក​អញ្ចាញ​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ-១៩ ចំនួន១ករណី និង​មាន​កម្មករ និយោជិត​ប្រមាណ ៧០នាក់​ផ្សេងទៀត បាន​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់។

ប្រភព​បាន​បន្តថា ខណៈ​នេះ​ក្រុមគ្រូពេទ្យ​ចំនួន២ក្រុម​កំពុង​ដុតដៃដុតជើង​យក​សំណាក​អ្នកពាក់ព័ន្ធ​ផ្ទាល់​ទាំងអស់ ដោយ​ប្រើប្រាស់​ឧបករណ៍​តេស្ត​សំណាក Rapid Test ដើម្បី​ប្រាកដថា កម្មករនិយោជិត​ជាច្រើន​នាក់​ទៀត ដែលមាន​ការជាប់​ពាក់ព័ន្ធ​ដោយ​ប្រយោល មាន​ផ្ទុក​វិជ្ជមាន ឬ​ពុំមាន​វីរុស​កូ​វីដ-១៩ ។

នៅ​ចំពោះមុខ​ករណី​ចាំបាច់​បន្ទាន់​នេះ លោក គង់ សោ​ភ័​ណ្ឌ ក៏បាន​បង្គាប់បញ្ជា​រោងចក្រ​ទាំងពីរ​ខាងលើ ត្រូវ​ផ្អាក​ដំណើរការ​សង្វាក់​ផលិតកម្ម​ជា​បណ្តោះអាសន្ន រីឯ​កម្មករនិយោជិត​ទាំងអស់ ត្រូវ​តាមដាន​សុខភាព និង​ផ្តល់ព័ត៌មាន​អំពី​ស្ថានភាព​សុខភាព​របស់ខ្លួន ទៅ​រដ្ឋបាល​រោងចក្រ និង​អាជ្ញាធរ​មូលដ្ឋាន​ឱ្យបាន​ជាប់​ជាប្រចាំ ក្នុងអំឡុងពេល​នៃ​ការផ្អាក​ការងារ​នេះ។ រដ្ឋបាល​ស្រុក និង​ម្ចាស់​រោងចក្រ ត្រូវ​សហការ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​អគារ​ផលិតកម្ម​នានា និង​តាម​បរិវេណ​ក្រៅ​រោងចក្រ។

លោក​អភិបាលខេត្ត​ក៏បាន​ផ្ដាំផ្ញើរ​ឱ្យ​ប្រុងប្រយ័ត្ន និង​គិតគូរ​ពី​សុវត្ថិភាពរៀងៗខ្លួន ទាំង​អាជ្ញាធរ ទាំង​ប្រជាពលរដ្ឋ កម្មករ-កម្មការិនី និយោជិត ត្រូវ​បន្ត​ចូលរួម​សហការ គោរព​អនុវត្ត និង​ផ្សព្វផ្សាយ​បន្ត​អំពី​គោលការណ៍​អនាម័យ​របស់​ក្រសួងសុខាភិបាល ជាពិសេស​វិធានការ​ការពារ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ «៣ការពារ និង៣កុំ» ទើប​ពួកយើង​អាច​កាត់ផ្តាច់​សង្វាក់​នៃ​ការឆ្លង​រាលដាល និង​ឈានទៅ​បញ្ចប់​ព្រឹត្តិការណ៍ ២០កុម្ភៈ នេះ​កាន់តែ​ឆាប់ ដើម្បីឱ្យ​ស្ថានភាព​ប្រទេស​របស់​យើង​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ៕

#អរគុណសន្តិភាព