កម្ពុជា-ជប៉ុន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សាងសង់​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ២៧លាន​ដុល្លារ​អាមេរិក

ភ្នំពេញ៖ ថ្មីៗនេះ ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ជប៉ុន តំណាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សាងសង់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ជាមួយ​ក្រុមហ៊ុន Kubota Metawater Joint Venture នៅ​ទីក្រុង Tokyo ប្រទេស​ជប៉ុន បន្ទាប់ពី​ក្រុមហ៊ុន​នេះ បានឈ្នះ​ការដេញថ្លៃ​សាងសង់​កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ កន្លងទៅ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​នេះ គឺត្រូវធ្វើ​ឡើង​ក្រោម​ជំនួយឥតសំណង​ពី​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​ភ្នាក់ងារ JICA ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ២៧ លាន​ដុល្លារ ដែល​បានអនុម័ត​កាលពី​ចុងឆ្នាំ២០១៩ ប៉ុន្តែ​គម្រោង​ត្រូវបាន​ពន្យា​ពេល​ដោយសារ​ការសិក្សា ដោះស្រាយ​ផលប៉ះពាល់ និង​ដាក់​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់។ យ៉ាងណាមិញ គម្រោង​អភិវឌ្ឍន៍​នឹងត្រូវ​ចាប់ផ្ដើម​ពី​ចុងខែ​មេសា​នេះ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍​បឹងទំពុន ក្បែរ​គម្រោង​បុរី​ជីបម៉ុង ឡេ​ន​ម៉ាក២៧១ មាន​ទំហំ ៣ ហិកតា​ក្នុងដំណាក់កាល​ទី១ មាន​សមត្ថភាព​អាច​បូមទឹក​កខ្វក់​បាន​ប្រមាណ​ជាង ៥,០០០ ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ជា​ស្ថានីយ​បូមទឹក​កខ្វក់​ធំជាងគេ​បង្អស់​ក្នុង​រាជធានី​ភ្នំពេញ។

ម្យ៉ាងវិញទៀត ស្ថានីយ​នេះ​ក៏​នឹង​ត​ភ្ជាប់​បណ្ដាញទឹក​កខ្វក់​ចេញពី​ស្ថានីយ​បឹងត្របែក ដើម្បី​អាចជួយ​រំដោះ​ទឹក​ចេញពី​ខណ្ឌ​មួយចំនួនទៀត ដូចជា ខណ្ឌចម្ការមន ខណ្ឌ៧មករា និង​ខណ្ឌ​បឹង​កេងកង -ល- នៅក្នុង​រដូវវស្សា​បញ្ជៀ​ស​បញ្ហា​ទឹក​លិច​រាជធានី​ភ្នំពេញ​បាន​មួយផ្នែក​ផងដែរ។

យោងតាម​ប្រសាសន៍​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​គម្រោង​អភិវឌ្ឍន៍​ស្ថានីយ​បង្ហូរទឹក​កខ្វក់​ខាងលើនេះ កាលពី​ខែកុម្ភៈ ឆ្នាំ២០២១ បាន​បង្ហាញថា​តំបន់​អភិវឌ្ឍន៍​ភាគខាងត្បូង​រាជធានី​ភ្នំពេញ មាន​ផ្ទៃដី​សរុប​ជាង ៥២០ ហិកតា ដែល​ក្នុងនោះ​ផ្ទៃដី​ប្រមាណ ១៩០ ហិកតា រាជរដ្ឋាភិបាល​បានអនុម័ត​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន និង​ផ្ទៃដី​ប្រមាណ ១៨១ ហិកតា​ជា​ដី​របស់​រដ្ឋ សម្រាប់​អភិវឌ្ឍន៍​សាងសង់​អាង​ស្ដុក​ទឹក កសាង​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ និង​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.