នៅ​យប់​នេះ​កម្ពុជា​បានទទួល​ជំនួយ វ៉ាក់សាំង​កូ​វីដ-១៩ បន្ថែមចំនួន៤០ម៉ឺន​ដូ​ស​ពី​មិត្ត​ចិន

ភ្នំពេញ៖ វ៉ាក់សាំង​កូ​វីដ-១៩ ស៊ី​ណូ​ហ្វា​ម ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ចំនួន ៤០ម៉ឺន​ដូ​ស​ថែមទៀត បាន​ដឹក​មកដល់​កម្ពុជា​នៅ​យប់​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ដើម្បី​ចាក់​ការពារ​សុខភាព​ប្រជាពលរដ្ឋ ពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ-១៩ ។

វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​ចំនួន ៤០ម៉ឺន​ដូ​ស​នេះ គឺជា​ជំនួយ​មិត្ត​ចិន​ដែល​បាន​ដឹក​មកដល់​កម្ពុជា​លើក​ទី៣ហើយ។ លើក​ទី១ ដឹក​មកដល់​ថ្ងៃទី០៧ ខែកុម្ភៈ ចំនួន ៦០ម៉ឺន​ដូ​ស និង​លើក​ទី២ ដឹក​មកដល់​ថ្ងៃទី៣១ ខែមីនា ចំនួន ៧០ម៉ឺន​ដូ​ស។

រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បាន​ប្រឹងប្រែង​ស្វះស្វែង​យ៉ាងខ្លាំង​ក្នុង​ការរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​កុំអោយ​ឆ្លង​រោគ​កូ​វីដ-១៩ ។

មកទល់ពេលនេះ កម្ពុជា​បានទទួល​បាន​វ៉ាក់សាំង​ចំនួន​ជិត ៤លាន​ដូ​ស​រួចមកហើយ ហើយ​ភាគច្រើនបំផុត​ជា​វ៉ាក់សាំង​ជំនួយ និង​ទិញ​ពី​ប្រទេស​ចិន។ វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​រួចមកហើយ​នោះ រួមមាន៖ វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម (Sinopharm) ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ចំនួន ១.៣លាន​ដូ​ស, វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ (Sinovac) ទិញ​ពី​ប្រទេស​ចិន ចំនួន ២លាន​ដូ​ស និង​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា (AstraZeneca)  ជំនួយ​របស់​ខូ​វ៉ា​ក់ (Covax Facility) តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ចំនួន ៣២៤,០០០ដូ​ស។

តាមរយៈ​វ៉ាក់សាំង​ទាំងនេះ កម្ពុជា បាន​ប្រឹងប្រែង​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ប្រមាណ ១លាន ៣សែន​នាក់​ហើយ។ កម្ពុជា​បានក្លាយ​ទៅជា​ប្រទេស​ឈរ​នៅ​លំដាប់​ទី២ ក្នុង​អាស៊ាន បន្ទាប់ពី​ប្រទេស​សិង្ហ​បុរី ដែល​ចាក់​វ៉ាក់សាំង​បាន​ចំនួន​ច្រើន​ជូន​ប្រជាពលរដ្ឋ។

អរគុណ​មិត្ត​ចិន​ដែល​តែងតែ​ជួយ​ដល់​កម្ពុជា ជាពិសេស​ក្នុងពេលដែល​យើង​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.