ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​ព្រៃនប់​ទទួល​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា

ព្រះសីហនុ÷ លោកជំទាវ អ៊ូ ធី​ដា​ពៅ គួច ចំរើន អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ រួម​ដំណើរ​ដោយ​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​មកពី ៤ឃុំ ក្នុងស្រុក​ព្រៃនប់ នាពេល​កន្លងមកថ្មីៗនេះ​ចំនួន ២០៤គ្រួសារ។

ក្នុងនោះ​ឃុំ​ព្រៃនប់ ១២គ្រួសារ ឃុំ​ទួល​ទទឹង ៥៥គ្រួសារ ឃុំ​អណ្តូង​ថ្ម ៨៧គ្រួសារ និង​ឃុំ​សំរុង ៥០គ្រួសារ ដែល​ពិធី​ចែក​អំណោយ​នេះ​ធ្វើ​នៅ​វត្ត​សំរុង ឃុំ​សំ​រ៉ុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃ​អង្គារ ទី ២២ ខែកញ្ញា ឆ្នាំ២០២០ ។

លោកជំទាវ អ៊ូ ធី​ដា​ពៅ គួច ចំរើន បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ក្ដី​នឹករលឹក​អាណិតអាសូរ​ពី​ឯកឧត្តម​ប្រធានកិត្តិយស​សាខា ឯកឧត្តម​ប្រធាន​គណ:ក​ម្មា​ធិ​ការ​សាខា ពិសេស​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា។ សម្ដេច​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​មានទុក្ខ​លំបាក ជនរងគ្រោះ ងាយ​រងគ្រោះ ស្ត្រី​មេម៉ាយ​កូន​ច្រើន និង​កុមារកំព្រា​ដោយ​មិនមាន​ការរើសអើង ប្រកាន់វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​ឡើយ។ គឺ​ធ្វើយ៉ាងណា​យើង​ជួយ​ប្រជាពលរដ្ឋ​របស់​យើង​ឱ្យបាន​ទាន់ពេលវេលា ។

ក្នុងឱកាស​នោះ​លោកជំទាវ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ប្រជា​នេសាទ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ អំពី​បាតុភូតធម្មជាតិ មានដូចជា ជំនន់​ទឹកភ្លៀង ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ ឬ រលក​សមុទ្រធំៗជាដើម ។ ក្រៅពី​បាតុភូតធម្មជាតិ ត្រូវ​ថែទាំ​សុខភាព​កូន ចៅ​ឱ្យ​បានល្អ ដេក​ក្នុង​មុង​ជ្រលក់​ថ្នាំ ដើម្បី​ការពារ​ជំងឺគ្រុនឈាម គ្រុន​ឈី​ក និង​គ្រុនចាញ់​ជាដើម។ ពិសេស​ត្រូវ​សម្អាត​អនាម័យ​ជុំវិញខ្លួន និង​អនុវត្តន៍​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ស្តីពី​ការឆ្លង​ជំងឺ​កូ​វីដ-១៩ ក្នុង​សហគមន៍ លើកកម្ពស់​ការផ្លាស់ប្តូ​ទម្លាប់​ធ្វើ​អនាម័យ​ជាប្រចាំ​ដោយ​លាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ ឬ​ទឹក​អាល់កុល ។

អំណោយ​ដែល​ផ្ដល់ជូន​គ្រួសារ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុងស្រុក​ព្រៃនប់​ទាំង ២០៤គ្រួសារ ដោយ​ក្នុង​មួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ ១យួរ, ឃី​ត១កញ្ចប់ (ក្រមា១ សារុង១ មុង១ ភួយ១) និង​ថវិកា ៥ម៉ឺន​រៀល ៕