កម្ពុជា-អូស្ត្រាលី ប្ដេជ្ញា​បន្ត​ពង្រីង​លើ​ការអប់រំ​ផ្នែក​វិទ្យាសាស្ត្រ​ក្នុង​វិស័យ​បរិស្ថាន

ភ្នំពេញ៖ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​អង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ បានអនុញ្ញាត​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា នា​ទីស្តីការ​ក្រសួងបរិស្ថាន។

នៅក្នុង​ជំនួប​នោះ ឯកឧត្តម Pablo Chiho Kang បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា-អូស្ត្រាលី តាមរយៈ​សកម្មភាព​ការងារ​ដែលមាន​ស្រាប់ ជាពិសេស​ការអភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​បាន​ថ្លែង​សាទរ នូវ​លទ្ធផល​ការងារ​ដែល​កម្ពុជា​ខិតខំ​សម្រេចបាន​ក្នុង​វិស័យ​បរិស្ថាន នាពេល​កន្លងមក។

ក្នុងឱកាស​នោះ ឯកឧត្តម សាយ សំ​អាល់ បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​អប់រំ​វិទ្យាសាស្ត្រ​លើ​វិស័យ​បរិស្ថាន។ ក្នុងនោះ ឯកឧត្តម​រដ្ឋមន្ត្រី​មានប្រសាសន៍​លើកឡើង​ចំណុចសំខាន់ៗ ដូចជា៖ ១- កិច្ចសហប្រតិបត្តិការ​បង្កើន​ចំណេះដឹង​ផ្នែក​វិទ្យាសាស្ត្រ​ទាក់ទង​នឹង​វិស័យ​បរិស្ថាន ។ ២- កិច្ចសហប្រតិបត្តិការ​លើ​ការសិក្សា​ស្រាវជ្រាវ​ស្ថានភាព​ប្រព័ន្ធ​អេកូឡូស៊ី​កម្ពុជា ដើម្បី​រៀបចំ​ជា​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​គ្រប់គ្រង​បរិស្ថាន​ឱ្យមាន​ប្រសិទ្ធភាព ។ ៣- ទស្សនកិច្ច​សិក្សារ​ផ្លាស់ប្តូរ បច្ចេកទេស ជំនាញ ការស្រាវជ្រាវ​លើ​ផ្នែក​វិទ្យាសាស្ត្រ របស់​និស្សិត​កម្ពុជា និង​អូស្ត្រាលី ៕