បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ទោះជាប្រទេសឥណ្ឌាកំពុងធ្លាក់ក្នុងស្ថានការណ៍វិបត្តិជំងឺកូវីដ-19 រាតត្បាតយ៉ាងគួរឱ្យភ័យខ្លាច មានស្ថិតិអ្នកឆ្លងមេរោគថ្មីលើស ៤សែននាក់ក្នុង ១ថ្ងៃ និងចំនួនអ្នកឆ្លងមេរោគសរុបលើស ២០លាននាក់ ចំណែកអ្នកស្លាប់ក្នុង ១ថ្ងៃ បំបែកកំណត់ត្រា ៣ ៦៨៩នាក់ ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ២១៥ ៥៤២នាក់ក្ដី តែប្រទេសឥណ្ឌា នៅតែរៀបចំការបោះឆ្នោតនៅក្នុងរដ្ឋចំនួន៥ និងមានហ្វូងមនុស្ស ចេញមករាំរែកជប់លៀង អបអរលទ្ធផលការបោះឆ្នោតដដែល។

គណៈកម្មការរៀបចំការបោះឆ្នោត ៥រដ្ឋ បានប្រកាសលទ្ធផលអ្នកឈ្នះការបោះឆ្នោត ដែលបានធ្វើការរៀបចំបោះឆ្នោតរួចហើយតាំងពីខែមីនា និងខែមេសា ដែលគេជឿថា នេះជាការសាកល្បងដ៏សំខាន់ សម្រាប់រដ្ឋាភិបាលលោក ណារិនដ្រា ម៉ូឌី និងគណបក្ស ផារទិយៈ សាន់តៈ ឬ BGP។
ការរៀបចំការបោះឆ្នោតនេះ ថែមទាំងជាផ្នែកមួយសំខាន់ ដែលធ្វើឱ្យជំងឺរាតត្បាតជុំទី២ ធ្ងន់ធ្ងរឡើង។ គណៈកម្មការរៀបចំការបោះឆ្នោត រួមទាំងរដ្ឋបាលលោកម៉ូឌី ផង ត្រូវរងការរិះគន់យ៉ាងទូលំទូលាយ ដែលបណ្ដោយឱ្យមានការធ្វើការដើរឃោសនារកសំឡេងឆ្នោត ដោយមានមហាជនប្រមូលផ្ដុំជួបជុំគ្នាយ៉ាងច្រើន ជំនួសឱ្យការប្រយ័ត្ន និងការពារជំងឺឆ្លងរាតត្បាតនេះ។

សូម្បីតែថ្ងៃប្រកាសលទ្ធផល កាលពីថ្ងៃអាទិត្យ ទី២ ឧសភា ក៏មានប្រជាជនចេញមករាំរែកអបអរសាទរយ៉ាងសប្បាយរីករាយ ដោយមិនខ្វល់ខ្វាយនឹងវិធានការរក្សាគម្លាតសង្គម ឬពាក់ម៉ាស់ការពារអ្វីទាំងអស់ ហើយមានអ្នកខ្លះដល់ថ្នាក់ផ្ដល់សម្ភាសថា មិនខ្វល់ថា នឹងឆ្លង ឬមិនឆ្លងទៀតផង។
សម្រាប់លទ្ធផលការបោះឆ្នោត បានបង្ហាញថា គណបក្ស BGP របស់លោកម៉ូឌី បានបាត់បង់អាសនៈដ៏ច្រើននៅក្នុងរដ្ឋ៤ ក្នុងនោះរួមទាំងរដ្ឋបេងហ្គាលខាងលិច ដោយលោកស្រី ណាម៉ាតៈ ផានើជី អាយុ 66ឆ្នាំ បានក្លាយជាអង្គមន្ត្រី បន្តជាលើកទី៣ នៅពេលដែលគណបក្សTMC របស់លោកស្រី ទទួលបានសំឡេងឆ្នោតច្រើន ២ភាគ៣ ឬប្រមាណ ២០០អាសនៈ ពីអាសនៈទាំងអស់ចំនួន ២៩។

ស្ត្រីអ្នកនយោបាយរូបនេះ បានឃោសនារកសំឡេងឆ្នោត ដោយការវាយប្រហារលោកម៉ូឌី យ៉ាងមិនទុកមុខឡើយ ព្រមទាំងប្រកាសខ្លួនជាអង្គមន្ត្រី ស្ត្រីតែម្នាក់គត់ក្នុងប្រទេសឥណ្ឌា។
ចំណែករដ្ឋ ក្រេឡាក់ គណបក្សនយោបាយឆ្វេងនិយម មានសញ្ញាថានឹងចូលរួមជាមួយរដ្ឋាភិបាល ក្រោយពីគណបក្សសម្ព័ន្ធមិត្តរបស់ BGP មិនទទួលបានអាសនៈសូម្បីតែ១៕

ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Reuters
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព