បរទេស៖ ទីភ្នាក់ងារព័ត៌មាន China Daily បានរាយការណ៍នៅថ្ងៃទី៣ ឧសភា អំពីការរៀបចំកម្មវិធីមហាខនស៊ើតកណ្ដាលទីវាលដ៏ធំបំផុតមួយ ឈ្មោះថា “វូហាន ស្ត្រប៊ើរី” កាលពីថ្ងៃទិវាពលកម្មអន្តរជាតិ ទី១ឧសភាកន្លងទៅ មានអ្នកចូលទស្សនាការសម្ដែងផ្ទាល់នៅមុខឆាកវេទិកាចំនួនរាប់ពាន់នាក់។
របាយការណ៍នោះ បានថ្លែងថា មហាខនស៊ើតនេះ គឺជាលើកដំបូងនៃការរៀបចំការសម្ដែង ដែលមានអ្នកចូលរួមទស្សនាបានពិតៗ នៅក្នុងទីក្រុងវូហាន ក្រោយពីការទស្សនាខនស៊ើតតាមអនឡាញរហូតមក ក្នុងអំឡុងពេលការឆ្លងរាលដាលរបស់កូវីដ-19 ដោយសារតែត្រូវបិទខ្ទប់ទីក្រុង យូរជាង ២ខែ និងគ្រប់គ្រងការរក្សាគម្លាតខាងសង្គម ការចេញ-ចូលទីក្រុង រហូតដល់លែងមានអ្នកឆ្លងមេរោគកូវីដ-19 នៅក្នុងប្រទេសចិនតទៀតហើយ។
អ្នកចម្រៀង តន្ត្រីករ បានរួមសហការគ្នាយ៉ាងស្វាហាប់ លោក កៅ ជាអ្នកចម្រៀងម្នាក់ បានថ្លែងថា ក្នុងខណៈដែលមនុស្សម្នាបានវិលត្រឡប់មករកវិថីជីវិត និងការរស់នៅប្រចាំថ្ងៃដូចប្រក្រតីឡើងវិញហើយនោះ នៅតាមភោជនីយដ្ឋាន ហាងលក់ទំនិញ ការដឹកជញ្ជូន សេវាកម្មបញ្ជូនទំនិញ និងរោងភាពយន្ត ត្រូវតែអរគុណដល់រដ្ឋាភិបាល ដែលគ្រប់គ្រងការឆ្លងរាលដាលបានយ៉ាងឆាប់រហ័ស។
លោកកៅ ព្រមជាមួយសមាជិកវង់របស់ខ្លួន -សុងជី ហ្គីតាសូឡូ -ចាងជិង ហ្គីតាបាស់ និងអ្នកស្គរ ឈី កុងវេ បានដើរសម្ដែងខនស៊ើត ២៤ទីក្រុងជាថ្មីម្ដងទៀត មុននឹងត្រឡប់មកវូហានវិញ កាលពីថ្ងៃទី១ ឧសភាកន្លងទៅ ដើម្បីសម្ដែងក្នុងអំឡុងរដូវកាលតន្ត្រីស្ត្រប៊ើរីនេះ។
“ទន្លេយ៉ង់សេ ស្ថិតនៅខាងក្រោយពួកយើង ពួកយើងកំពុងសម្ដែងនៅវូហាន” លោកកៅ បានរៀបរាប់អំពីវូហាន ទីក្រុងឯករបស់មណ្ឌលហ៊ូពេយ ជាជាទីក្រុងដែលធ្លាប់រងការលំបាកលំបិនខ្លាំងបំផុត ពេលកើតការឆ្លងរាលដាលរបស់ជំងឺកូវីដ-19។


ប្រភព៖ ទីភ្នាក់ងារព័ត៌មាន China Daily
ប្រែ និងសម្រួលដោយ ភ្នែក៤
#អរគុណសន្តិភាព