កំពត៖ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត រួមជាមួយ​អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ ព្រមទាំង​មន្ត្រី​អនុវត្ត​គម្រោង( ADB )កាលពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១  បាន​ចុះ​ពិនិត្យ​លទ្ធផល និង​ជំរុញ​នៃ​ការអនុវត្ត​គម្រោង​កែលម្អ​សួនច្បារ និង​ប្រព័ន្ធ​រំដោះ​ទឹកសំខាន់ៗចេញពី​ក្រុង​កំពត។

គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងពីរ​ខាងលើនេះ​គឺ ទី១-គម្រោង​កែលម្អ​សោភ័ណភាព និង​ពង្រីក​សួនច្បារ​មាត់​ព្រែក ស្ថិតក្នុង​សង្កាត់​កំពង់បាយ ក្រុង​កំពត ជា​គម្រោង​របស់​រដ្ឋបាល​ខេត្ត ទី២-គម្រោង​ស្តារ​ពង្រីក​ប្រព័ន្ធ​លូ និង​ប្រឡាយ​រំដោះ​ទឹកជា​គម្រោង​របស់( ADB )។

គម្រោង​ទាំងពីរ​ខាងលើនេះ​បច្ចុប្បន្ន​បាន​នឹង​កំពុងតែ​អនុវត្ត ប៉ុន្តែ​មាន​ភាពយឺតយ៉ាវ ដោយសារ​មូលហេតុ​ជួប​ស្ថានភាព​ជាក់ស្ដែង ពាក់ព័ន្ធ​លើ​ការកែសម្រួល​ប្លង់​ប្រព័ន្ធ​លូ​ដោះ​ទឹក​របស់​គម្រោង (ADB)។

ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​បញ្ជាក់ថា បញ្ហា​ប្រព័ន្ធ​ផ្លូវ និង​លូ​ដោះ​ទឹក គឺជា​បញ្ហាសំខាន់ ក្នុងការ​បញ្ចៀស​ការ​ជន់​លិច​ទីក្រុង ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ។ ជាមួយគ្នា​នោះ​ក្រៅពី​ការជំរុញ​ការអនុវត្ត​គម្រោង​កែលម្អ​សួនច្បារ​មាត់​ព្រែក ដោយ​ពិនិត្យឃើញថា រដូវភ្លៀង​កាន់តែ​ខិតចូល​មកដល់ឆាប់ៗនេះ ។

ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​ណែនាំ ជំរុញ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ រួម​និង​មន្ត្រី​អនុវត្ត​គម្រោង(ADB) ត្រូវធ្វើ​យ៉ាងណា រួមសហការ​គ្នា​សិក្សា​លើ​គម្រោង​ស្ដារ​ព្រែក​ធម្មជាតិ​មួយ​ខ្សែ ដែលមាន​ប្រវែង​ជាង២០០០ ម៉ែត្រ ស្ថិតក្នុង​សង្កាត់​កំពង់​កណ្ដាល ឲ្យ​បាន​ឆាប់​ចប់​មុន​រដូវភ្លៀង​ធ្លាក់​មកដល់ ព្រោះ​ព្រែក​ធម្មជាតិ​នេះ គឺជា​ផ្លូវ​ដោះ​ទឹក​ដ៏​សំខាន់​ផ្នែក​ខាងកើត និង​ខាងត្បូង​ចេញពី​ក្រុង​កំពត។

គម្រោង​អភិវឌ្ឍ​កែលម្អ​សួនច្បារ​ដងព្រែក​កំពត​នេះ គឺជា​គម្រោង​របស់​រដ្ឋ​បាល​ខេត្ត មាន​ប្រវែង​ប្រមាណ ៦០០ម៉ែត្រ គិត​ចាប់ពី​ខាងត្បូង​ក្បាលស្ពាន​ថ្មី ដល់​ខាងជើង​ក្បាលស្ពាន​ឥន្ទធនូ(ស្ពាន​ចាស់) ក្នុងនោះ​គឺ​កែលម្អ​ពង្រីក​សួនច្បារ​ឲ្យ​បាន​ទំហំ១២ ម៉ែត្រ​បន្ថែម លើ​ទទឹង​សួន​ចាស់ ដែល​កន្លែង​ខ្លះ ២០ម៉ែត្រ និង​កន្លែង​ខ្លះទៀត​មាន​ទទឹង១២ម៉ែត្រ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.