រដ្ឋបាលខេត្ត​ព្រះសីហនុ​បើក​កិច្ចប្រជុំ​ពិភាក្សា​បន្ត​បិទ​ខ្ទប់​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ

ព្រះសីហនុ៖ រដ្ឋបាលខេត្ត​ព្រះសីហនុ​បើ​កិច្ចប្រជុំ​ពិភាក្សា​បន្ត​បិទ​ខ្ទប់​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ នៃ​ខេត្ត​ព្រះសីហនុ ដែលជា​តំបន់​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភ: ។

ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការ​ប្រតិបត្តិកា​រ​សឹក​រង​ខេត្ត អភិបាលក្រុង ស្រុក និង​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ក្នុង​ខេត្ត​ព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១  មានប្រសាសន៍​កិច្ចប្រជុំ​មាន​របៀប​វារ:ចំនួន៣ ទី១តំបន់​បិទ​ខ្ទប់ ២.ប៉ុស្តិ៍​ត្រួតពិនិត្យ​សុខភាព ៣.ការចែក​ស្បៀង​ជូន​ប្រជាពលរដ្ឋ​តំបន់​បិទ​ខ្ទប់។

ឯកឧត្តម គួច ចំរើន បាន​បន្តថា​រដ្ឋបាលខេត្ត​បាន​បង្កើត​ក្រុមការងារ​រក​សំណាក​ជា​បី​ក្រុម៖ ក្រុមទី១.យក​សំណាក​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម ពិសេស​បងប្អូន​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ  ក្រុមទី២.យក​សំណាក​ក្រុមគ្រួសារ​បងប្អូន​អាជីវករ​និង​ក្រុមទី៣.ការយក​សំណាក​នៅ​វិមានឯករាជ្យ​ស្ថិតនៅ​សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ។ ជម្រុញ​ការត្រួតពិនិត្យ​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​នៅតាម​ចំណុច​គោលដៅ​ព្រំប្រទល់​រាជធានី-ខេត្ត។ ការងារ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​បិទ​ខ្ទប់​ក្នុង​ក្រុងព្រះសីហនុ ដោយ​ស្នើសុំ​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន ៣០.០០០កញ្ចប់ មានដូចជា អង្ករ មី ត្រីខ ទឹកត្រី ទឹក​ស៊ី​អ៉ី​វ និង​ទឹក បរិសុទ្ធ យើង​បាន​ចែកជូន​ប្រជាពលរដ្ឋ​តំបន់​បិទ​ខ្ទប់​បាន​ជិត ៣០.០០០គ្រួសារ ដែលមាន​ក្រុមការងារ​ចំនួន១៦ក្រុម ចុះ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់។

ក្នុងឱកាស​នោះ​ឯកឧត្ដម គួច ចំរើន ក៏បាន​ធ្វើការ​ណែនាំ​អ្នក​ក្រុមគ្រូពេទ្យ​ត្រូវ​ត្រួតពិនិត្យ​តាមដាន​អ្នកជំងឺ​ជាប់​ជាប្រចាំ និង​តាមដាន​អ្នកជំងឺ​ជាសះស្បើយ ព្រោះ​បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ មាន​ម៉ាស៊ីន​តេស្ត​រក​វីរុស​កូ​វីដ-១៩ ពិសេស​ការ​តេស្ត​ដោយ Rapid Test ដែល​រង់ចាំ​រយ:ពេល​ពី១៥ ទៅ ២០នាទី​តែប៉ុណ្ណោះ។

ក្នុង​តំបន់​បិទ​ខ្ទប់​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​លក់ដូរ​នៅតាម​ផ្ទះ ដូចជា​គ្រឿង​ឧបភោគបរិភោគ(សម្រាប់​ប្រជាពលរដ្ឋ​ដែល​បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ-១៩ អវិជ្ជមាន២ដង និង​មាន​លិខិតបញ្ជាក់​ពី​មន្ទីរ​សុខាភិបាល​ខេត្ត) ដោយឡែក​ក្រៅ​តំបន់​បិទ​ខ្ទប់ ប្រជាពលរដ្ឋ​អាច​លក់ដូរ​បានតែ​ត្រូវគោរព​តាម​ស្តង់ដារ វិធាន​សុវត្ថិ​ភាពជា​ចំបង ដូចជា ការពាក់​ម៉ាស ការរក្សា​គម្លាត​សុវត្ថិភាព -ល-។ បន្ត​រឹតបណ្តឹង​អ្នក​ដែល​មិន​ពាក់​ម៉ាស និង​រក្សា​គម្លាត ដោយ​ធ្វើការ​ផាកពិន័យ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។

អង្គប្រជុំ​បានសម្រេច​ប​ន្ត​រក្សា​តំបន់​បិទ​ខ្ទប់ និង​តំបន់​ក្រហម ក្នុង​ក្រុងព្រះសីហនុ រយៈពេល ១សប្តាហ៍​បន្ថែមទៀត ដោយសារ​មូលហេតុ​លទ្ធ​ផល​នៃ​ការយក​សំណាក​ពី​សមាជិក​ក្រុមគ្រួសារ​របស់​ប្រជាពលរដ្ឋ​លើក​ទី២  និង​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ក្រហម នៅតែ​បន្ត​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ-១៩ នៅឡើយ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.