បរទេស៖ ទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានរាយការណ៍កាលពីថ្ងៃទី1 ឧសភាថា «Alibaba Group Holding~ មហាយក្សផ្នែក Ecommerce របស់ប្រទេសចិន បានប្រកាសផ្អាកដំឡើងប្រាក់ខែឱ្យអ្នកគ្រប់គ្រងជាន់ខ្ពស់នៅឆ្នាំ2021នេះ ដើម្បីទុកបន្ថែមប្រាក់ខែឱ្យបុគ្គលិកជំនាន់ថ្មី។
របាយការណ៍ បានបញ្ជាក់ថា ក្នុងអំឡុងដំណាច់ឆ្នាំកន្លងទៅ អ្នកគ្រប់គ្រងអាលីបាបា បានដំឡើងប្រាក់ខែដោយគិតជាធមធ្យម ៥-១០ភាគរយក្នុង ១ឆ្នាំ និងថែមទាំងបានទទួលភាគហ៊ុនទៀតផង តែយ៉ាងណាក្ដី អ្នកគ្រប់គ្រងលំដាប់ខ្ពស់ជាច្រើនរយនាក់របស់អាលីបាបា មិនបានឡើងប្រាក់ខែក្នុងឆ្នាំនេះទេ លើកលែងតែមានស្នាដៃល្អលេចធ្លោពិសេស។
«បុគ្គលិកដែលមានសមត្ថភាពពិសេស ជាធនធានដ៏សំខាន់បំផុតរបស់អាលីបាបាគ្រុប យើងមានប្រព័ន្ធការផ្ដល់រង្វាន់ដ៏រឹងមាំ និងអាចប្រកួតប្រជែងបាន ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការផ្ដល់ភាពសំខាន់ក្នុងការបណ្ដុះបណ្ដាលអ្នកមានសមត្ថភាពក្នុងជំនាន់របស់យើង» នេះជាសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន។
ជាទូទៅ អាលីបាបានឹងពិចារណាដំឡើងប្រាក់ខែឱ្យបុគ្គលិកនៅក្នុងខែមេសា ដោយទាំងអស់នេះ អាលីបាបា មានបុគ្គលិកទាំងអស់ច្រើនជាង 252,000នាក់។
អាណាចក្រធុរកិច្ចរបស់អាលីបាបា ស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅក្នុងប្រទេសចិន ចាប់តាំងពី “ជែក ម៉ា” មហាសេដ្ឋីស្ថាបនិកអាលីបាបា បានរិះគន់ប្រព័ន្ធការគ្រប់គ្រងរបស់ប្រទេសកាលពីខែតុលា ឆ្នាំ2020 ក្រោមក្ដីបារម្ភរបស់រដ្ឋបាលចិន ពាក់ព័ន្ធនឹងការគ្រប់គ្រងទីផ្សារ និងសមត្ថភាពក្នុងការគ្រប់គ្រងការយល់ឃើញរបស់សាធារណជន។
កាលពីខែមេសា ក្រុមហ៊ុនមួយនេះ ទើបតែត្រូវរងការផាកពិន័យជាប្រាក់ ១៨ពាន់លានយន់ ឬប្រមាណ ២,៧៨ពាន់លានដុល្លារ ក្រោយពីការស៊ើបអង្កេតប្រឆាំងនឹងការគ្រប់គ្រងទីផ្សារផ្ដាច់មុខ បានរកឃើញថា ក្រុមហ៊ុនដ៏ធំខាងអ៊ីខំមើកស៍មួយនេះ បានប្រើប្រាស់តួនាទីខាងទីផ្សារដែលលេចធ្លោក្នុងផ្លូវដែលខុសជាច្រើនឆ្នាំមកហើយ៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួល៖ ភ្នែក៤
#អរគុណសន្តិភាព