សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ប៉ូលិស​ប្រេ​ស៊ី​ល វាយ​សម្រុកចូល តំបន់​អនាធិបតេយ្យ បាញ់​ប្រយុទ្ធ​នឹង​ក្រុម​លក់​គ្រឿងញៀន ស្លាប់​យ៉ាងតិច ២៥នាក់

បរទេស៖ មាន​អ្នកស្លាប់​យ៉ាងតិច ២៥នាក់ នៅក្នុង​ហេតុការណ៍​វាយ​ប្រយុទ្ធ​គ្នា រវាង​ក្រុម​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ជាមួយ​ប៉ូលិស​ក្នុង​ទីក្រុង រី​អូ ដឺ ចា​ណេ​រ៉ូ របស់​ប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងៃ​ព្រហស្បតិ៍ (ទី៦ឧសភា )  ក្លាយជា​ហេតុការណ៍​វាយ​សម្រុកចូល​ឆែកឆេរ ដែល​បង្ហូរឈាម​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មួយទៀត​របស់​រដ្ឋ​មួយ​នេះ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

រូបភាព​ព័ត៌មាន​ពី​ស្ថានីយទូរទស្សន៍ បានបង្ហាញ​ឱ្យឃើញ​ពី​មនុស្សម្នា ដែល​ក្លាយជា​មុខសញ្ញា​នៃ​កិច្ចប្រតិបត្តិការ​សម្រុក​ចូល​ឆែកឆេរ ក្នុង​តំបន់​អនាធិបតេយ្យ ចា​ខា​សេ​ស៊ីន​ហូ នោះ បាន​ព្យាយាម​រត់គេច ដោយ​ឡើង​ផ្លោះ​រំលង​ដំបូលផ្ទះ ពេលដែល​ប៉ូលិស​ធ្វើដំណើរ​ទៅដល់ ព្រមជាមួយ​រថក្រោះ និង​មាន​ឧទ្ធម្ភាគចក្រ ហោះ​បញ្ជាការ ពី​ខាងលើ ខណៈដែល​ការប៉ះទង្គិច​គ្នា​យ៉ាង​ក្ដៅគគុក​នោះ បណ្ដាលឱ្យ​អ្នករស់នៅ​ម្ដុំ​នោះ ត្រូវ​រត់គេច​រក​ទី​ពួន​កំបាំង​នៅក្នុង​កន្លែង​ស្នាក់អាស្រ័យ។

នៅក្នុង​ចំណោម​អ្នកស្លាប់​ទាំងនោះ មាន​អាជ្ញាធរ​ប៉ូលិស ១នាក់ ចំណែក​ក្រៅពីនោះ គឺជា​ក្រុម​ជនសង្ស័យ ដែលជា​សមាជិក​ក្រុម​ជួញដូរ​គ្រឿងញៀន។

អាជ្ញាធរ បាន​បញ្ជាក់ថា មាន​ប៉ូលិស ៣នាក់​រងរបួស និង​ម្នាក់​ក្នុងចំណោម​នោះ ត្រូវ​គ្រាប់​ចំក្បាល និង​ក្រោយមក​បាន​ស្លាប់​នៅឯ​មន្ទីរពេទ្យ។

ខណៈពេល​ជាមួយគ្នា ប៉ូលិស​បាន​បង្ហើប​ឱ្យដឹងថា ក្នុងចំណោម​ជនសង្ស័យ​ដែល​ស្លាប់​នោះ មាន​ច្រើន​នាក់ មាន​ឋានៈ​ជា មេខ្លោង​ក្រុម​ជួញដូរ​គ្រឿងញៀន ដែល​គ្រប់គ្រង​ការរស់នៅ​របស់​មនុស្ស​ម្នា​នៅក្នុង​តំបន់​អនាធិបតេយ្យ​នោះ និង​មាន​ជនសង្ស័យ​យ៉ាងតិច ១០នាក់​ទៀត ត្រូវ​ចាប់ខ្លួន។

អាជ្ញាធរ បាន​បញ្ជាក់ថា ក្រៅពី​ជួញដូរ​គ្រឿងញៀន​ហើយ ក្រុម​ទាំងនេះ តែងតែ​បង្កហេតុ ប្លន់​រថយន្ត​ដឹកទំនិញ និង​ឡើងលើ​រថភ្លើង​នៅតាម​ជាយក្រុង ដើម្បី​ប្លន់ និង​លួច​ទ្រព្យសម្បត្តិ​អ្នកដំណើរ​ទៀតផង។

អង្គភាព​ពន្លត់​អគ្គិភ័យ បានឱ្យដឹងថា គ្រាប់កាំភ្លើង​ដែល​បាញ់​ចេញមក ក្នុងអំឡុង​ការ​ប៉ះ​ប្រយុទ្ធ បាន​ហោះ​ទៅ​ត្រូវ​ក្បួន​រថភ្លើង​មួយ ធ្វើឱ្យ​កញ្ចក់​រថភ្លើង​បែកខ្ចាយ​ពាសពេញ​ទីនោះ និង​ធ្វើឱ្យ​អ្នកដំណើរ ២នាក់​រងរបួស។

https://youtu.be/bIqFh6KFIE4

ហេតុការណ៍​នេះ អា​ចរាប់ថា ជា​កិច្ចប្រតិបត្តិការ​វាយ​សម្រុកចូល​ឆែកឆេរ ដែល​បង្ហូរឈាម​ខ្លាំង​បំផុត ក្នុង​ជុំ ១៦ឆ្នាំ​របស់​រដ្ឋ​រី​អូ ដឺ ចា​ណេ​រ៉ូ ដែល​ប្រឈម​នឹង​ហេតុការណ៍​ធ្ងន់ធ្ងរ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ជាច្រើន​ទសវត្សរ៍​មកហើយ ជាពិសេស ក្នុង​តំបន់ ជនក្រីក្រ​នានា ដែល​ហៅថា “ហ្វា​វេ​ឡា។

កាលនោះ ប្រតិបត្តិការ​វាយ​សម្រុកចូល​ឆែកឆេរ​នៅឯ បៃ​សា​ដា ភ្លូ​មិ​នេន​សេ តំបន់​ជួរ​ជាយក្រុង​ប៉ែក​ខាងជើង ដែល​ពោរពេញ​ទៅដោយ​ហេតុការណ៍​ហិង្សា របស់​ទីក្រុង​រី​អូ កាលពី​ឆ្នាំ២០០៥ ដែលមាន​អ្នកស្លាប់​ច្រើន​ដល់​ទៅ ២៩នាក់។

https://youtu.be/eIzX6WmmsDw

លោក រ៉ូ​ណា​ល់​ដូ អូ​លី​វៀ​រ៉ា មេបញ្ជាការ​ប៉ូលិស បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា «វា​ជា​តួលេខ​អ្នកស្លាប់​ច្រើន​បំផុត​មួយទៀត នៅក្នុង​កិច្ចប្រតិបត្តិការ​ឆែកឆេ​រ​របស់​ប៉ូលិស​ក្នុង​រី​អូ ច្រើនជាង ១៩នាក់​ក្នុង​ហេតុការណ៍​នៅឯ​តំបន់​អ​នា​ធិ​តេ​យ្យ ខំ​ផេ​ល​សូ អូ អា​ឡេ​ម៉ៅ ក្នុង​ឆ្នាំ២០០៧ តែ​យើង​មិនបាន​បាត់បង់​មន្ត្រី​របស់​យើង​ឡើយ សូម្បីតែ​ម្នាក់ ក្នុង​ហេតុការណ៍​នៅ​គ្រានោះ”

ក្នុងអំឡុងពេល​ថ្លែងការណ៍ ពាក់ព័ន្ធ​នឹង​កិច្ចប្រតិបត្តិការ​វាយ​សម្រុកចូល​នេះ ប៉ូលិស​បាន​នាំយក​អាវុធផ្សេងៗ ដែល​រឹបអូស​បាន ចេញមក​ដាក់​បង្ហាញ ក្នុងនោះ​មានដូចជា កាំភ្លើងយន្ត​វាយលុក ៦ដើម, កាំភ្លើងខ្លី ១៥ដើម, កាំភ្លើងយន្ត ១ដើម, គ្រាប់បែកដៃ ១៤គ្រាប់ និង​គ្រាប់កាំភ្លើង​ធំ ១គ្រាប់៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters

ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

#អរគុណសន្តិភាព