កំពត៖ ប្រជាពលរដ្ឋចំនួន ២២គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បង្កឱ្យខូចខាត និងរលំផ្ទះ នៅក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា។ ស្របពេលជាមួយគ្នានេះដែរ ស្ពានបេតុងមួយកន្លែងទៀត ត្រូវបានក្រុម ការងារស្រុកទឹកឈូ ឧបត្ថម្ភថវិកាសាងសង់ជូនពលរដ្ឋប្រើប្រាស់ផងដែរ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ។

ពិធីនេះស្ថិតក្រោមវត្តមាន លោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត ព្រមទាំងមានការ ចូលរួមពីសមាជិកសាខា អនុសាខា និងមន្ត្រីស្ម័គ្រចិត្តកាកបាទក្រហមថ្នាក់មូលដ្ឋាន ដោយបាននាំយកនូវអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាផ្តល់ជូនដល់ គ្រួសារប្រជា ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ រលំផ្ទះ និងប៉ើងដំបូលចំនួន២២គ្រួសារ នៅក្នុងភូមិចំនួន៣ គឺនៅភូមិកំពង់នង់ចំនួន១៩គ្រួសារ ភូមិកំពង់ត្នោត១គ្រួសារ និងភូមិកូនសត្វចំនួន២គ្រួសារ (រលំផ្ទះទាំងស្រុង១គ្រួសារ) ។
លោក អ៊ឹង ឆាយ បានសម្តែងការចូលរួមសោកស្ដាយ ជាមួយគ្រួសារប្រជា ពលរដ្ឋរងគ្រោះព្រមទាំងបានពាំនាំការសួរសុខទុក្ខរបស់ ឯកឧត្តម ជាវ តាយ ប្រធានគណៈ កម្មាធិការសាខា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជនចាស់ជរាគ្មានទីពឹង ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ក្នុងឱកាសនោះលោកបានលើកទឹកចិត្តដល់ពលរដ្ឋរងគ្រោះ សូមកុំអស់សង្ឃឹម ត្រូវខិតខំបង្កបង្កើនផលកសិកម្ម ដើម្បីបង្កើនជីវភាពគ្រួសារ ហើយយើងត្រូវខិតខំយកចិត្តទុក ដាក់ ប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសេសអនុវត្តន៍នូវវិធាន ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាល។

ចំពោះអំណោយកាកបាទក្រហម ផ្ដល់ជូនគ្រួសាររងគ្រោះទាំង ២២គ្រួសារនៅ ពេលនេះ ក្នុងមួយគ្រួសារអង្ករ ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន៩ ម៉ឺនរៀល សម្រាប់២១គ្រួសារ និងមួយគ្រួសារដែលរលំផ្ទះចំនួន ១៥ម៉ឺនរៀល។ ដោយឡែក លោក អ៊ឹង ឆាយ បានជួយកសាងផ្ទះដល់ស្ត្រីរងគ្រោះរលំផ្ទះទាំងស្រុងនោះឡើងវិញផងដែរ។
ក្រោយប្រគល់ជូនអំណោយកាកបាទក្រហម លោក អ៊ឹង ឆាយ បានបន្តដំណើរ ទៅពិនិត្យស្ពាន និងបានឧបត្ថម្ភថវិកាសម្រាប់ជួយការសាងសង់ស្ពានបេតុងមួយកន្លែង សម្រាប់ឆ្លើយតបតាមការស្នើសុំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលស្ពាននេះមានប្រវែង១២ ម៉ែត្រ ទទឹង៤ម៉ែត ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ និងដឹកកសិផលពលរដ្ឋនៅតំបន់នោះ៕
ប្រភព៖ AKP