ឯកឧត្តម ឃួ​ង ស្រេង ចុះជួយ​សម្របសម្រួល​កុំ​ឲ្យ​ឡើងថ្លៃ​បន្ទប់​ជួល និង​បានផ្តល់​ស្បៀងអាហារ​ដល់ក​ម្មករ​រោងចក្រ​ក្នុង​តំបន់​ក្រហម

ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃទី ០៧ខែឧសភា​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​អាជ្ញាធរ​ខណ្ឌ និង សង្កាត់ ចុះទៅ​ធ្វើការ​សម្របសម្រួល​ជាមួយ​បងប្អូន​កម្មករ ដោយបាន​បញ្ចប់ភ្លាមៗតែម្តង ពាក់ព័ន្ធ​នឹង​ករណី​ឡើងថ្លៃ​ឈ្នួល​បន្ទប់។

ការចុះទៅ​ដោះស្រាយភ្លាមៗនេះ​ក្រោយ​ទទួលបាន​ព័ត៌មាន ពី​បងប្អូន​កម្មករ​កម្មការិនី ដែល​រស់នៅក្នុង​ផ្ទះជួល​តាម​បណ្តោយ​ផ្លូវ វេ​ង​ស្រេង ស្ថិតនៅ​ក្នុងភូមិ២ សង្កាត់​ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមាន​ការខ្វះខាត​ស្បៀងអាហារ​និង​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​តម្លៃ​ផ្ទះជួល​ផងដែរ។

តាម​ប្រភពព័ត៌មាន​ដែល​បានបង្ហាញ​តាមរយៈ​បណ្ដាញ​សង្គម ជុំវិញ​បងប្អូន​កម្មករ​កម្មការិនី​ដែល​រស់នៅ​ទីនោះ បាន​បញ្ជាក់ថា កម្មករ កម្មការិនី បាន​ជួល​បន្ទប់​ជួល​នៅ​ទីតាំង​ខាងលើ​ចំនួន៤៧០បន្ទប់ ហើយ​ក្រោយពី​មាន​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​នេះ ម្ចាស់​ផ្ទះជួល បាន​បញ្ចុះតម្លៃ​ជួល២០ដុល្លារ​ក្នុង​មួយ​បន្ទប់ ជូន​បងប្អូន​កម្មករ ដើម្បី​រំលែក​ការលំបាក​របស់​បងប្អូន ខណៈដែល​រោងចក្រ​ត្រូវបាន បិទទ្វា​ដែរនោះ ។ តែ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ពោលគឺ​ក្រោយពី​រាជរដ្ឋាភិបាល​បាន​បើក​ឲ្យ​មាន​ការធ្វើ​ចរាចរណ៍​ឡើងវិញ ម្ចាស់​ផ្ទះជួល បាន​ឡើងថ្លៃ​ដូចដើម​វិញ ដែល​ធ្វើ​ឲ្យ​បងប្អូន​កម្មករ កម្មការិនី​ដែល​រស់នៅ​តំបន់​ក្រហម និង​មិនទាន់មាន​ការងារ​ធ្វើ​វិញ​ផង​នោះ កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ការឡើង​ថ្លៃ​នេះ ។ ក្រោយពី​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ម្ចាស់​ផ្ទះជួល បាន​យល់ព្រម ជាមួយ​អាជ្ញាធរ ដោយ​បញ្ចុះតម្លៃ២០ដុល្លារ​នេះ​ដូចដើម​វិញ ។

ជាមួយគ្នា​នោះដែរ ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​រាជធានី​ក៏បាន​ជួយឧបត្ថម្ភ បងប្អូន​កម្មករ​កម្ម​ការិនី​ទាំង ៤៧០បន្ទប់​នោះ ដោយ​ក្នុង​មួយ​បន្ទប់ ទទួលបាន​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នូវ​អង្ករ​មួយ​បាវ​ទម្ងន់២៥គីឡូក្រាម មី​មួយ​កេស ត្រីខ១០កំប៉ុង​និង​ទឹកត្រី១យួរ ហើយ​អំណោយ​ទាំងនេះ នឹង​យកទៅ​ចែកជូន​ទៅដល់​មុខ បន្ទប់​ជួល​របស់​បងប្អូន​កម្ម​ករ​តែម្ដង ។ បន្ថែម​ពីលើ​នេះ​ទៀត ចំពោះ​តម្លៃ​ភ្លើងអគ្គិសនី អភិបាល​រាជធានី​ភ្នំពេញ បាន​សម្របសម្រួល ឲ្យ​បងប្អូន​កម្មករ ជំពាក់​ជា​បំណុល​សិន ចាំ​ពេល​ក្រោយ​យើង​នឹងមាន​ការដោះស្រាយ​បំណុល​នេះ​វិញ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *