សម្តេច​តេ​ជោ អបអរសាទរ​ខួប​លើក​ទី១៥៨ នៃ​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ឧសភា

ភ្នំពេញ៖ ថ្ងៃនេះ គឺជា​ខួប​លើក​ទី១៥៨ នៃ​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោម​ប្រធានបទ “ទាំងអស់គ្នា​រួមជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​នឹង​កូ​វីដ-១៩ និង​កសាង​ភាព​ធន់​របស់​សង្គមជាតិ” ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សរសេរ​នៅលើ​បណ្តាគ​សង្គម​ហ្វេ​សបុ​កនៅ​ថ្ងៃទី៨ឧសភា​នេះ​ថា ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ក៏ប៉ុន្តែ​រយៈពេល២ ឆ្នាំ​ចុង​ក្រោយនេះ គឺ​ឆ្នាំ២០២០ និង២០២១នេះ មិនបាន​ប្រារព្ធ​ពិធី​នោះទេ ដោយសារតែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ១៩ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា តែ​ទោះជា​យ៉ាងណាក៏ដោយ សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម នៅតែ​បន្ត​គោលដៅ​រួមចំណែក​យ៉ាងសកម្ម លើកទឹកចិត្ត​ខ្ពស់​ដល់​កិច្ចប្រតិបត្តិការ​នានា នៅក្នុង​បុព្វហេតុ មនុស្សធម៌ ជាពិសេស​ការជួយ​សំរាលទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាជន ដែល​ទទួលរង​នូវ​គ្រោះ ថ្នាក់​ដោយសារ​គ្រោះ  មហន្តរាយផ្សេងៗ ចាស់​ឥត​ទីពឹង កុមារកំព្រា ស្ត្រី​មេម៉ាយ​មានកូន​ច្រើន អ្នក​ផ្ទុកមេរោគ​អេដស៍ អ្នកមាន​ជំងឺ​រាំ​រ៉ៃ ហើយ​កំពុង​ត្រូវការ​នូវ​ជំនួយ​សង្គ្រោះបន្ទាន់ ជាពិសេស​គឺ​យើង​កំពុង​រួមគ្នា​ប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩ ។

សម្តេច​តេ​ជោ​សូម​ថ្លែងអំណរគុណរ​ព្រះ​គុណ​ដល់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ដែល​ព្រះអង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​ជាមួយ​កាកបាទក្រហមកម្ពុជា និង​តែងតែបាន​យាង​ចុះជួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទីកន្លែង និង​សូម​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ជាតិ និង​អន្តរជាតិ​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​ជួយ​ដល់​កាកបាទក្រហមកម្ពុជា នាពេល​កន្លងមក​ដើម្បី​បម្រើ​ដល់​ស្ថាប័ន​មនុស្សធម៌​ដ៏​មាន​សារៈសំខាន់​មួយ​នេះ៕

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *