ការស្ថាបនា​ផ្លូវ ៣៨ខ្សែ នៅ​ក្រុង​សៀមរាប ចំណាយ​ថវិកាជាតិ ១៥០លាន​ដុល្លារ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ពាក់កណ្ដាល​ខែវិច្ឆិកា ២០២០

សៀមរាប៖ គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន៣៨ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដែលជា​កញ្ចប់​ថវិកាជាតិ​ចំនួន ១៥០លាន​ដុល្លារ អាច​នឹង​បើក​ការដ្ឋាន​ស្ថាបនា​នៅ​ពាក់កណ្ដាល​ខែវិច្ឆិកា​ខាងមុខនេះ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២១ ។

ការស្ថាបនា​ផ្លូវ ៣៨ខ្សែ នៅ​ក្រុង​សៀមរាប ចំណាយ​ថវិកាជាតិ ១៥០លាន​ដុល្លារ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ពាក់កណ្ដាល​ខែវិច្ឆិកា ២០២០

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​ប​នាយ​រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ចប់​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា និង​អនុវត្តន៍ គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ថ្ងៃទី២៣ ខែកញ្ញា​នេះ​ថា កិច្ចប្រជុំ​គណៈកម្មការ​នៅថ្ងៃនេះ បានសម្រេច​ព​ន្លឿ​ន​ការងារ រៀបចំ​ស្ថាបនា​ផ្លូវ ៣៨ខ្សែ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​បញ្ចេញ​កញ្ចប់​ថវិកាជាតិ​ចំនួន ១៥០លាន​ដុល្លារ សម្រាប់​ស្ថាបនា​នេះ ឱ្យបាន​លឿន​ជាទីបំផុត។

សម្តេច​បាន​បញ្ជាក់ថា បើសិនជា​គ្មាន​ការប្រែប្រួល​ទេ​ផ្លូវ​ទាំង ៣៨ខ្សែ​នេះ នឹងត្រូវ​បើក​ការដ្ឋាន​ស្ថាបនា​ជា​ផ្លូវការ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

ឥឡូវនេះ សម្រាប់​ផ្លូវ​ដែល​បានកំណត់​ហើយ​នោះ គឺមាន​បញ្ហា​មួយចំនួន​ដែល ត្រូវ​ចាត់វិធានការ​ដោះស្រាយ​ឱ្យបាន​លឿន គឺមាន​ប្រជាពលរដ្ឋ​ទៅ​សង់​សំណង់​លើដី​ផ្លូវ​ដែល អាជ្ញាធរ​ត្រូវ​ជូនដំណឹង​ទៅ​គាត់​ឱ្យ​រុះ​រើចេញ​ឱ្យបាន​ឆាប់។ សម្តេច​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជា ពលរដ្ឋ​ដែល​បាន​សង់​សំណង់​លើដី​ផ្លូវ​ប្រញាប់​រុះរើ​ឱ្យបាន​លឿន ហើយ​ការរុះរើ​នេះ​ពុំមាន សំណង​ទេ ព្រោះ​ប្រជាពលរដ្ឋ​ទាំងនោះ​ធ្លាប់បាន​សន្យា​ហើយ​ថា នៅពេល​រដ្ឋ​ត្រូវ​ការធ្វើ​ផ្លូវ​ពួក គាត់​និង​រុះរើ​ចេញ​ដោយ​ខ្លួនឯង ៕