សៀមរាប៖រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីសម្រេចមួយថ្មីបន្ថែមទៀត ស្ដីពីការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលត្រូវបានសម្រេចដោយសេចក្ដីសម្រេចលេខ ០៣៦/២១សសរ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាប ដោយគ្រោងបញ្ចប់នៅថ្ងៃទី២៣ ខែមេសា ប៉ុន្តែដោយសារស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងខេត្តមិនទាន់ថមថយ និងបានរកឃើញករណីវិជ្ជមានថ្មីជាបន្តបន្ទាប់នោះ ទើបរដ្ឋបាលខេត្តបន្តអនុវត្តវិធានការនេះរហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ។
នេះបើយោងតាមសេចក្តីសម្រេចកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ របស់រដ្ឋបាលខេត្តសៀមរាប ដែលចុះហត្ថលេខាដោយលោក ទៀ សីហា ជាអភិបាលខេត្ត។

ផ្អែកតាមខ្លឹមសារសេចក្ដីសម្រេចលេខ ០៣៦/២១សសរ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា គឺផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ។ល។ ដែលទទួលអតិថិជនចូលមកទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង នៅចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៥ទៀបភ្លឺជាកំហិត ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះអាចលក់ជាលក្ខណៈវេចខ្ចប់បាន ប៉ុន្តែលែងតែចំពោះករណី ៖ ១. ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា , ២. ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច , ៣. ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកវត្ថុសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ ឬ ប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ឬដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ក៏ដូចជាបុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត , ៤. ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ , ៥. ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណង ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច ។
សេចក្ដីសម្រេចលេខ ០៣៦នេះក៏បានផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅចន្លោះពីម៉ោង ៨យប់ដល់ម៉ោង ៥ទៀបភ្លឺ ប៉ុន្តែលើកលែងតែចំពោះករណី ៖ ១. ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ និងបន្ទានក្នុងគ្រួសកល មានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត , ២. ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គីភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព , ៣. ការធ្វើចរាចរណ៍របស់រថយន្តកុងតឺន៏ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់ បម្រើឱ្យការដឹកជញ្ជូនទំនិញ ផ្គត់ផ្គត់ការដ្ឋានសំណង់ រថយន្តដឹកជញ្ជូនសំរាម-សំណង់រឹង និង សំណល់វេជ្ជសាស្ត្រ ការដឹកជញ្ជូនម្ហូបអាហាររបស់បុគ្គលិកបម្រើសេវាដឹកជញ្ជូន , ៤. ការធ្វើដំណើររបស់បុគ្គលិក និងកម្មករ-កម្មការិនី ទៅទីកន្លែងបំពេញការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន រោងចក្រ ឬទីតាំងអាជីវកម្ម ដែលអនុញ្ញាតឱ្យបើកដំណើរការធម្មតា , ៥. ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ឬការបំពេញ កាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ។
ក្នុងសេចក្តីសម្រេចអនុវត្តវិធានការរដ្ឋបាលនេះ រដ្ឋបាលខេត្តបានព្រមានថា បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចនេះ នឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន៕


#អរគុណសន្តិភាព