ភ្នំពេញ៖សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ផ្ដល់​សារ​អបអរសាទរ​ក្នុង​កម្មវិធី មហាសន្និបាត​នៃ​ក្តីសង្ឃឹម​លើក​ទី៦ និង​កម្មវិធី​ប្រកាស «ស្ថាប័ន​ស្រាវជ្រាវ​ឆ្នាំ២០២២ (THINK TANK 2022)» ជាមួយនឹង​ថ្នាក់ដឹកនាំ​ស្រលាញ់​សន្តិភាព​នៅ​ជុំវិញ​ពិភពលោក ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​សន្តិភាព​សកល (Universal Peace Federation – UPF) ដែល​នឹង​ផ្សព្វផ្សាយ​ដល់​អ្នកទស្សនា​ជុំវិញ​ពិភពលោក​ជាង ៤០០លាន​នាក់។

 

 

នៅក្នុង​សារលិខិត​កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា «ការជឿទុកចិត្ត​គ្នា​គឺជា​ដើមទុន​ដ៏​សំខាន់បំផុត​នៅក្នុង​ដំណើរការ​នៃ​ការបង្កើត​សន្តិភាព និង​ការផ្សះផ្សា​ជាតិ។ ដើម្បី​ទទួលបាន​ការជឿទុកចិត្ត​នេះ យើង​ត្រូវការ​កិច្ចសន្ទនា​ដ៏​ស្មោះត្រង់​រវាង​អ្នកពាក់ព័ន្ធផ្សេងៗគ្នា ទាំង​រដ្ឋ ទាំង​ស្ថាប័ន​មិនមែន​រដ្ឋ»។

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជឿជាក់ថា «ស្ថាប័ន​ស្រាវជ្រាវ​ឆ្នាំ២០២២ ដោយ​ផ្អែកលើ​ប្រាជ្ញា​រួមគ្នា និង​ជំនាញ​របស់​អ្នកជំនាញ ព្រមទាំង​អ្នកអនុវត្ត​ផ្ទាល់​មកពី​តំបន់ និង​ពិភពលោក នឹង​ផ្តល់នូវ​វិធីសាស្ត្រ​រួម​ថ្មី​មួយ ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​សន្តិភាព និង​ស្ថិរភាព​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ» ផងដែរ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ធ្លាប់​បានផ្តល់​កិត្តិយស​ចូលរួម​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅក្នុង​កម្មវិធី​មហាសន្និបាត​នៃ​ក្តីសង្ឃឹម​លើក​ទី១ កាលពី​ឆ្នាំ២០២០ ម្តង​ហើយ។

 

 

គំនិត​ផ្តួចផ្តើម​សន្តិភាព​ដែល​ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ម​នុស្ស​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​សន្តិភាព​ពិភពលោក។ ស្ថាប័ន​ស្រាវជ្រាវ​ឆ្នាំ 2022 នឹង​ជួយ​ជំរុញ​គំនិត​ប្រាជ្ញា​ដល់​បណ្តា​មេដឹកនាំ​គំនិត អ្នកជំនាញ និង​អ្នកនយោបាយ​ជាប់ឆ្នោត​កំពូល ៗ ស្របពេល​ជាមួយនឹង​កា​រប​ន្លឹ​ឡើង​នូវ​សំលេង​របស់​អ្នក​ដែល​យល់​ពី​តម្លៃ​នៃ​សេរីភាព ជំនឿ​ជាក់ សេចក្តីសុខ សុភមង្គល​គ្រួសារ និង​ការរស់នៅ​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​យើងទាំងអស់គ្នា។

 

 

ថ្នាក់ដឹកនាំ​ផ្សេងទៀត​ដែល​ចូលរួម​ក្នុង​កម្មវិធី​នាពេលនេះ​រួមមាន៖ លោកជំទាវ​បណ្ឌិត Hak Ja Han Moon សហប្រធាន​ស្ថាបនិក​សហព័ន្ធ​សន្តិភាព​សកល ឯកឧត្តម Ban Ki-moon អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ឯកឧត្តម José Manuel Barroso អតីត​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប (២០០៤-២០១៤) ឯកឧត្តម Mohamad Bazoum ប្រធានាធិបតី​នី​ហ្គឺ ឯកឧត្តម Mike Pence អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក (២០១៧-២០២១) ឯកឧត្តម David Beasley នាយក​ប្រតិបត្តិ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ឯកឧត្តម Newt Gingrich អតីត​ប្រធានសភា​អាមេរិក (១៩៩៥-១៩៩៩) លោក Jim Rogers ប្រធាន​ក្រុមហ៊ុន Rogers ហូល​ដី​ង ឯកឧត្តម Mark Esper អតីតរដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក (២០១៩-២០២០) ឯកឧត្តម Mike Pompeo អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក (២០១៨-២០២១)៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.