ពោធិ៍សាត់៖ ផ្ទះដែលជាទីជម្រកដ៏កក់ក្តៅសម្រាប់អតីតយុទ្ធជននៅក្នុងខេត្តពោធិ៍សាត់ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសាងសង់រួចរាល់ចំនួន ៥៨ខ្នង និងលើកគ្រោងរួចរាល់ចំនួ ន ៦៨ខ្នង។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ថវិកាប្រមាណ ៥០ម៉ឺនដុល្លារ សម្រាប់សាងសង់ផ្ទះចំនួន ១៦៤ខ្នង នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចែកជូនដល់អតីតយុទ្ធជនកម្ពុជា ដែលជួបការខ្វះខាត់ក្នុងជីវភាព និងខ្វះទីជម្រក។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា តាមសំណើរបស់សមាគម ដើម្បីដោះស្រាយការលំបាកក្នុងជីវភាពរបស់អតីតយុទ្ធជនកម្ពុជា ក្នុងខេត្តពោធិ៍សាត់ ប្រមាណ ៦០០គ្រួសារនោះ សម្តេចតេជោ បានផ្តល់ដីសម្បទានសង្គមកិច្ចនៅទីតាំងខាងលើ ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះជូនពួកគេ។
បើតាមលោក គន់ គីម ក្រៅតែពីសាងសង់ផ្ទះហើយនោះ ក្រសួងអភិវឌ្ឍន៍ជនបទ និងអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន្ទ បានជួយសាងសង់ផ្លូវ ជីកអណ្តូង និងត្រួសត្រាយដីរៀបចំភូមិឋានជូនដល់អតីតយុទ្ធជននៅទីនោះផងដែរ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាមេដឹកនាំដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជនកម្ពុជា ដែលជាអ្នកបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុជាតិមាតុភូមិ ក្នុងដំណាក់កាលកម្ពុជាជួបវិបត្តិសង្គ្រាមស៊ីវិល។ ដើម្បីតបនូវគុណូបការៈនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្កើតភូមិឋាន សាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេសរាប់ម៉ឺនខ្នងរួចមកហើយ។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងជំរុញដល់អាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ ជួយទំនុកបម្រុង ដើម្បីឱ្យអតីតយុទ្ធជន ដែលភាគច្រើនជាអ្នកចាស់ជរា និងពិការផងនោះ អាចរស់នៅក្នុងជីវភាពមួយសមរម្យក្នុងសង្គមសុខសន្តិភាព រកបានមកដោយការលះបង់របស់ពួកគេ។
ក្នុងឱកាសចុះពិនិត្យការសាងសង់ផ្ទះ និងរៀបចំភូមិឋានរបស់អតីតយុទ្ធជនកម្ពុជានៅក្នុងខេត្តពោធិ៍សាត់នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានជំរុញឱ្យក្រុមការងារទាំងអស់យកចិត្តទុកដាក់លើការងារសាងសង់ និងរៀបចំភូមិឋានឱ្យបានល្អ។

តំណាងឱ្យអតីតយុទ្ធជនកម្ពុជា លោកទេសរដ្ឋមន្ត្រី គន់ គីម បានគោរពថ្លែងអំណរគុណ និងសម្តែងនូវការដឹងគុណមិនអាចបំភ្លេចបាននោះឡើយ ចំពោះទឹកចិត្តសណ្តោសប្រណៃ និងការគិតគូរខ្ពស់ចំពោះអតីតយុទ្ធជនកម្ពុជា ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕

#អរគុណសន្តិភាព