វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់ចំនួន៥០ម៉ឺនដូសទៀត បានមកដល់កម្ពុជាហើយ

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១នេះ​វ៉ាក់សាំង​កូ​វីដ១៩ របស់​ក្រុមហ៊ុន ស៊ី​ណូ​វ៉ា​ក់(Sinovac) ចំនួន៥០ម៉ឺន​ដូ​ស​បន្ថែមទៀត ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ទិញ​ពី​រដ្ឋាភិបាល​ចិន​នោះ បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​យើង​ហើយ។

វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់(Sinovac) ៥០ម៉ឺន​ដូ​ស ដែល​ដឹក​មកដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃនេះ គឺជា​វ៉ាក់សាំង​លើក​ទី៣ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ ខណៈ​ជើង​ទី១ មាន​ចំនួន ១.៥លាន​ដូ​ស បាន​ដឹក​មកដល់​កម្ពុជា កាលពី​ថ្ងៃទី២៦ ខែមីនា និង​ជើង​ទី២ មាន​ចំនួន ៥០ម៉ឺន​ដូ​ស ដឹក​មកដល់​កម្ពុជា​នៅ​ថ្ងៃទី១៧ ខែមេសា។

 

 

វ៉ាក់សាំង​កូ​វីដ១៩ ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ១៩ និង​ជួយ​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ​ពី​ការវាយប្រហារ​ដោយ​ជំងឺ​កូ​វីដ១។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​លឿន តាម​ដែល​អាចធ្វើ​ទៅបាន​ជូន​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​បាន​ស្វះ​ស្វែងរក​វ៉ាក់សាំង ហើយ​បាន​នាំមក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន។ វ៉ាក់សាំង​កូ​វីដ១៩ ដែល​កំពុង​ទទួលបាន ហើយ​កំពុងដំណើរការ​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ភាគច្រើនបំផុត​ជា​របស់​ប្រទេស​ចិន។

 

 

សូមបញ្ជាក់ថា កម្ពុជា ទទួលបាន​វ៉ាក់សាំង​ជាង ៤លាន​ដូ​ស​រួចមកហើយ រួមមាន៖ ស៊ី​ណូ​ហ្វា​ម(Sinopharm) ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ១.៧លាន​ដូ​ស, វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់(Sinovac) ទិញ​ពី​ចិន ២លាន​ដូ​ស និង​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា( AstraZeneca ) ៣២៤,០០០ដូ​ស ជា​ជំនួយ​របស់​ខូ​វ៉ា​ក់ តាមរយៈ​អង្គការ​សុខភាព​ពិភពលោក(WHO)។ កម្ពុជា នឹង​ស្វះ​ស្វែងរក​វ៉ាក់សាំង កូ​វីដ១៩ជា​បន្តបន្ទាប់​ទៀត ក្នុងការ​ចាក់​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ជាង ១០លាន​នាក់ ដើម្បី​បង្កើត​ភាព​សាំ និង​ដើម្បី​ទប់ស្កាត់​ការចម្លង​រាលដាល​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស៕

 

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *